ដោយៈវឌ្ឍនៈ
ភ្នំពេញៈ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុនសាងសង់ ក្រុមការងារបច្ចេកទេសក្រសួង ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស មន្ត្រីជំនាញបច្ចេកទេស និងភាគីពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ផ្លូវជាតិលេខ៤៨។
យោងតាមរបាយការណ៍របស់អង្គភាព គ្រប់គ្រងគម្រោងឱ្យដឹងថា គិតរហូតមកទល់ពេលនេះ គម្រោងសាងសង់លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨នេះ សម្រេចវឌ្ឍនភាពការងារចំនួន១០,៧៣ភាគរយហើយ គិតចាប់តាំងពីថ្ងៃបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២មក។
នៅក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូ បានចុះពិនិត្យមើលការងារបច្ចេកទេស នៃទីតាំងការដ្ឋានសំខាន់ៗមួយចំនួន រួមទាំងទីតាំងការដ្ឋានកែសម្រួលតម្រាយផ្លូវចំណោតតាតៃ ឱ្យស្របតាមស្តង់ដារបច្ចេកទេស ដើម្បីធានាឱ្យរថយន្តដឹកជញ្ជូនទំនិញ ក៏ដូចជាការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋធានា បាននូវសុវត្ថិភាពក្នុងការបើកបរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសធានាបានអនុលោមភាព តាមស្តង់ដារបច្ចេកទេសនៃការសាងសង់ផ្លូវបានរឹងមាំ ដែលអាចទទួលយកបានរវាងភាគីពាក់ព័ន្ធទាំងអស់។
កំណត់ផ្លូវនេះមានប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ពីចំការហ្លួង ស្រុកស្រែអំបិលដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងនោះប្រវែង១២២,៩ គីឡូម៉ែត្រមានចំនួនពីរគន្លង ប្រវែង២៥,១គីឡូម៉ែត្រ មានចំនួន០៤ គន្លងលើទីតាំងចំនួនបួនគឺ៖ ១) ប្រវែង១២គីឡូម៉ែត្រ (គ.ម ០+០០០-គ.ម ១២+០០០) ២) ប្រវែង៣,៤ គីឡូម៉ែត្រ(គ.ម ៥៧+៧០០- គ.ម ៦១+១០០) ចំណុចអន្ទង់អាំង និងជាកន្លែងប្តូរខ្សែ ផ្លូវថ្មីទី១(Realignment) ៣) ប្រវែង៤,២គីឡូម៉ែត្រ (គ.ម១២៤+៤០០-គ.ម១២៨+៦០០) ចំណុច ចំណោតតាតៃ និងជាកន្លែងប្តូរខ្សែផ្លូវថ្មីទី២(Realignment) និង៤) ប្រវែង៥,៥ គីឡូម៉ែត្រ(គ.ម ១៤២+៥០០-គ.ម ១៤៨+០៣៨) ទទឹងផ្លូវ១១ម៉ែត្រ(ពីរគន្លង) ១៨,៥ម៉ែត្រដល់ ២១,៥ម៉ែត្រ(បួនគន្លង) ក្រាលបេតុងកៅស៊ូ(AC) (កម្រាស់ ០៧សង់ទីម៉ែត្រ ) បេតុងសរសៃដែក(២៥សង់ទីម៉ែត្រ) ត្រង់ផ្លូវប្រសព្វ។
ផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង ប្រវែង១៤៨គីឡូម៉ែត្រ។ ផ្លូវជាតិលេខ៤៨នេះ ចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិត ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងផ្លូវនេះ រួម មាន៖ ផ្លូវ២គន្លង មានប្រវែង ១២២.៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង២៥.១គីឡូម៉ែត្រ ទទឹងចាប់ពី ១៨.៥ម៉ែត្រ ដល់ ២១.៥ម៉ែត្រ។
គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន៣២ខែ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេស ដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture គ្រោងចំណាយ ថវិកាសរុបប្រមាណ៦៥,១៤លានដុល្លារអាមេរិក ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដោយមិនរាប់បញ្ចូលថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕