ដោយៈ សុផារី
ព្រះសីហនុៈ កាលពីពេលថ្មីៗនេះ មានការលើកឡើងពីការព្រួយបារម្ភលើការធ្វើដំណើរលើផ្លូវល្បឿនលឿន ដោយសារមានប្រជាពលរដ្ឋមួយចំនួនបានព្រលែងសត្វពាហនៈដើរឆ្លងកាត់ និងដឹកសត្វពាហនៈឆ្លងកាត់ ដែលនឹងបង្កជាគ្រោះថ្នាក់ដល់ពលរដ្ឋ និងអ្នកធ្វើដំណើរ និងជាទង្វើខុសច្បាប់ផងដែរ។
មន្ត្រីជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះណែនាំប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវល្បឿនលឿនភ្នំពេញ -ព្រះសីហនុឱ្យបញ្ឈប់សកម្មភាព កាត់របងបន្លាលួសសុវត្ថិភាព ដើម្បីឆ្លងចេញចូល និងដឹកសត្វពាហនៈ លើផ្លូវល្បឿនលឿននេះបន្តទៀត ចាប់ពីពេលនេះ ជៀងវាងបង្កគ្រោះថ្នាក់ និងរងទោសទណ្ឌតាមច្បាប់។
លោក ស៊ឹង សុគង់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹងជញ្ជូន បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួងសាធារណការ និងដឹងជញ្ជូន ដោយមានការចូលរួមពីតំណាង ក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន នៅថ្ងៃទី២៨ ខែកញ្ញានេះ បានចុះត្រួតពិនិត្យ និងអប់រំណែនាំឱ្យប្រជាពលរដ្ឋបញ្ឈប់សកម្មភាពកាត់របងបន្លាលួស សុវត្ថិភាពតាមផ្លូវល្បឿនលឿនភ្នំពេញ -ព្រះសីហនុ ដើម្បីដើរឆ្លងកាត់ និងដឹកសត្វពាហនៈឆ្លងកាត់ ព្រោះកន្លងមកគណៈកម្មការដោះស្រាយផលប៉ះពាល់ បានដោះស្រាយតាមគោលការណ៍រួចរាល់ហើយ ប្រជាពលរដ្ឋទាំងនោះ ក៏បានទទួលយកថវិកាសំណងរួចរាល់ហើយដែរ។
មន្ត្រីជំនាញបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវតែបញ្ឈប់សកម្មភាព ល្មើសច្បាប់នេះជាបន្ទាន់ ហើយអាជ្ញាធរមូលដ្ឋាន ក៏ត្រូវសហការចុះធ្វើការអប់រំណែនាំបន្ថែម។
ជាមួយគ្នានេះដែរ មន្ត្រីជំនាញក៏បានជួបពិភាក្សា ជាមួយក្រុមហ៊ុនសាងសង់ ក្នុងការស្វែងរកដំណោះស្រាយ សមស្របមួយរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋផងដែរ ខណៈប្រជាពលរដ្ឋមួយចំនួន បន្ទាប់ពីក្រុមហ៊ុនធ្វើរបងលួសបិទ សងខាងផ្លូវល្បឿនលឿនក៏ដោយ ក៏នៅមានលួចកាត់របង ដើម្បីអាស្រ័យផលពីផ្លូវ ធ្វើជាច្រកចេញចូលផ្ទះ តាមផ្លូវល្បឿនលឿន លែងសត្វគោក្របីឱ្យចូលស៊ីស្មៅ ចូលច្រូតស្មៅ និងចេញចូលតំបន់ហាមឃាត់ ដែលមានព័ទ្ធរបង ដើម្បីជួបជុំហូបអាហារក្បែរផ្លូវល្បឿនលឿន ថែមទៀតផង ដែលអាចបង្កគ្រោះថ្នាក់បានគ្រប់ពេលវេលា។
កន្លងមក លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ធ្លាប់បានជម្រាបដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីអន្តរាគមន៍ទៅអាជ្ញាធរតាមមូលដ្ឋានឱ្យជួយអប់រំប្រជាពលរដ្ឋ ឱ្យបញ្ឈប់សកម្មភាពលួចកាត់របងលួសនៅផ្លូវល្បឿនលឿន ដែលទុកសម្រាប់ទប់ស្កាត់ កុំឱ្យមានសត្វពាហនៈឆ្លងកាត់នេះផងដែរ។
ទោះជាយ៉ាងណារហូតមកទល់ពេលនេះ មិនទាន់មានអន្តរាគមន៍ណាមួយពីអាជ្ញាធរមូលដ្ឋាននៅឡើយទេ។
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃរយៈពេល១ខែ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ៣១ ខែតុលា ឆ្នាំ២០២២ ដោយកំណត់ឱ្យបើកបរ ក្នុងល្បឿនចាប់ពី៦០គីឡូម៉ែត្រ ដល់១២០គីឡូម៉ែត្រក្នុងមួយម៉ោង៕