សម្តេចតេជោ៖ ប្រជាពលរដ្ឋដែលមិនព្រមចេញពីតំបន់អង្គរ គិតថាថ្ងៃក្រោយអាចតថ្លៃបានច្រើន ដីធំជាង នោះជាការគិតខុស 

0

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ករណីពលរដ្ឋនៅតំបន់អង្គរ កុំឃើញនាយករដ្ឋមន្ត្រីទៅនិយាយ គិតថាថ្ងៃក្រោយអាចតថ្លៃបានច្រើន ដីធំជាង នោះជាការគិតខុស  ព្រោះបើដល់ពេលចាំបាច់ អាជ្ញាធរនឹងឱ្យពលរដ្ឋចាកចេញ ដោយមិនទទួលបានអ្វីទាំងអស់។

សម្ដេចតេជោអះអាងថា នឹងមិនឲ្យតំបន់អង្គរត្រូវបានដកចេញពីសម្បត្តិបេតិកភណ្ឌពិភពលោកនោះទេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ៣.៨៦៦នាក់ នារី៣.៣៨២នាក់ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន ថាក្នុងពេលនេះ គឺរដ្ឋាភិបាលប្រើវិធីសាស្ត្រទន់ភ្លន់ក្នុងការស្នើឲ្យពលរដ្ឋចាកចេញពីតំបន់អង្គរ។ សម្ដេចបន្តថា ទៅថ្ងៃមុខទៀតបើសិនជាមានពលរដ្ឋណារឹងទទឹង មិនព្រមចាកចេញ រដ្ឋាភិបាលនឹងអនុវត្តវិធានការរដ្ឋបាល ហើយពេលនោះសូម្បីតែសំណងក៏ពុំមានជូនដែរ។

យោងតាមទិន្នន័យរដ្ឋាភិបាល រហូតមកដល់បច្ចុប្បន្ន មានពលរដ្ឋប្រមាណជាង៦.០០០គ្រួសាររួចហើយ ដែលត្រូវបានរដ្ឋាភិបាលសម្រេចផ្ដល់សំណង ដើម្បីដោះដូរឲ្យពួកគាត់ផ្លាស់ប្ដូរពីតំបន់អង្គរ ទៅភូមិធម្មជាតិរុនតាឯក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ការដោះដូរឲ្យពលរដ្ឋផ្លាស់ប្ដូរទៅភូមិរុនតាឯកនេះ គឺដោយសារតែអង្គការយូណេស្កូបានលើកឡើងថាសំណង់ដែលបានសាងសង់ក្នុងតំបន់អង្គរបានប៉ះពាល់ទៅដល់តំបន់អង្គរដែលត្រូវតែរុះចេញ ខណៈបើសិនបន្តឲ្យមានបញ្ហានេះបន្ត គឺតំបន់អង្គរប្រឈមនឹកការដកចេញពីសម្បត្តិបេតិកភណ្ឌពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here