សម្តេចតេជោព្រមានអ្នករស់នៅខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរប្រយ័ត្នមិនបានទទួលសំណងមួយសេន បើចង់ងងឿក

0

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ជាការផ្ញើរសារដ៏កម្រមួយ ទៅកាន់ប្រជាពលរដ្ឋរស់នៅខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា កុំចង់ងឿកតថ្លៃសំណងជាមួយរាជរដ្ឋាភិបាលឲ្យសោះ បើដល់ពេលសូម្បីមួយសេនមិនបានផង។

សម្តេចតេជោបានផ្តាំបែបនេះ បន្ទាប់ពីមានអ្នករស់នៅតំបន់រមណីយដ្ឋានអង្គរ ដែលមិនទាន់បានចាកចេញ ទទួលការឃោសនាថា ដីនោះនឹងត្រូវយកលក់ឲ្យ​ឯកជន ហើយពួកគាត់នឹងបានសំណងកាន់តែច្រើន។

ថ្លែងនៅក្នុងកម្មវិធីចែកសញ្ញាបត្ររបស់វិទ្យាស្ថានវ៉ាន់ដា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅអ្នករស់នៅតំបន់រមណីយអង្គរទៀតថា ចំណាត់ការរបស់រាជរដ្ឋាភិបាលពេលនេះ ធ្វើឡើងមិនថមថយនោះទេ។

សម្តេចតេជោបានគូសបញ្ជាក់ថា “បើដល់ពេលវេលា អ្នករស់នៅទីនោះមិនចាកចេញទៀត សំណង១សេនក៏មិនទទួលបានឡើយ ព្រោះពួកគាត់រស់នៅទីនោះ សុទ្ធតែមិនមានបណ្ណសម្គាល់កម្មសិទ្ធិឡើយ”។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មានសាច់ញាតិម្នាក់ ដែលមានសាច់ញាតិនៅតំបន់អង្គរ បានវាយសារមកប្រាប់ខ្ញុំ តាំងពីខ្ញុំមុនទៅសៀមរាប។ សម្តេចបន្តថា អញ្ចឹង លើកទីមួយកុំប្រគល់ ក្រែងគេឃោសនាថា រដ្ឋបាលនឹងយកដីហ្នឹងទៅលក់ឲ្យ​ឯកជន

លើកទី២ បន្តទៀតគេថា សុំទុកសិន ដើម្បីតថ្លៃឲ្យបានដីធំជាងហ្នឹង ដើម្បីបានសំណងឲ្យច្រើនជាងហ្នឹង។

សម្តេចបញ្ជាក់ថា ខ្ញុំសូមជម្រាបជូនថា ពេលនេះជាពេលដែលរាជរដ្ឋាភិបាលធ្វើការថ្នាក់ថ្នម អង្វរកបងប្អូនឲ្យចាកចេញ។ ខ្ញុំទៅជួបផ្ទាល់ ជិត ៤ពាន់គ្រួសារ ប៉ុន្តែនៅពេលវេលាមកដល់១សេន ក៏មិនឲ្យដែរ ហើយបញ្ជូនចេញ ពីតំបន់ហ្នឹងតែម្តង សូមផ្តាំទៅឲ្យហើយ

រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា ឆ្នាំ២០២២កន្លងទៅនេះ តាមរយៈគណៈកម្មការអន្តរក្រសួងមួយ ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកាក្បាលដី នៅរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។

ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទ ក្នុងតំបន់រម​ណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកតំបន់រមណីយដ្ឋានអង្គរ ចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើង ផ្ទុយពីលក្ខខណ្ឌកំណត់ ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូល ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

សម្តេចតេជោហ៊ុន សែនបានបន្ថែមថា “បើដល់ពេលវេលាមួយហើយ មិនឲ្យអង្គរវ ត្តត្រូវបានគេដកចេញពីបេតិកភណ្ឌពិភពលោកទេ ច្បាស់ជាដកគ្រួសារហ្នឹងចេញហើយ។ សម្តេចបន្ថែមថា កុំគិតថា ថ្ងៃក្រោយអាចតថ្លៃបានដីធំជាងហ្នឹង ឬបានចំណងច្រើនជាងហ្នឹង អត់មានទេ។ ដីអ្នកទាំងអស់គ្នា អត់មានកម្មសិទ្ធិទេ


យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ប្រតិបត្តិការរក្សារមណីយដ្ឋានអង្គរ ជាសម្បត្តិមនុស្សជាតិលើពិភពលោក សម្រេចបានការវាស់វែង និងស្រង់ទិន្នន័យក្បាលដីដែលប្រជាពលរដ្ឋកាន់កាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរស្ថិតនៅ១១៤ភូមិ, ២៤ឃុំ/សង្កាត់ និង៥ក្រុង/ស្រុក ស្មើនឹង៩៧,៨៥៥ក្បាលដី ទំហំ ២៩,១៧៤ហិកតា។

ជាមួយគ្នានោះប្រជាពលរដ្ឋស្ម័គ្រចិត្ត រុះរើសំណង់ខុសច្បាប់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា បានចាប់ឆ្នោតជ្រើសរើសដីឡូតិ៍ ទៅតាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯកសរុប៣,៨៦៨គ្រួសារ។ ប្រជាពលរដ្ឋស្ម័គ្រចិត្ត និងបានរុះរើតូប រោង កញ្ចុះ និងផ្ទះសាងសង់ខុសច្បាប់ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរបានប្រមាណ៤០០តូប។

អង្គការយូណេស្កូ បានថ្លែងការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងការពារតំបន់បេតិកភណ្ឌអង្គរ។

ការកោតសរសើរ បានធ្វើឡើងតាមរយៈលោកSardar Umar Alam តំណាងអង្គការយូណេស្កូ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពេលលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អនុញ្ញាតទទួលជួ បដើម្បីពិភាក្សាការងារ ជាពិសេសផ្ដោតទៅលើវឌ្ឍនភាពការងាររួមគ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here