ដោយៈ គង់ សូរិយា
ភ្នំពេញៈ ខណៈលំហូរទុនវិនិយោគផ្ទាល់ពីបរទេសបានធ្លាក់ចុះ អ្នកវិនិយោគក្នុងស្រុកបានដើរតួនាទីជំនួស ដោយពួកគេបានបោះទុនរហូតដល់ជាង១៧០០លានដុល្លារ ក្នុងដំណាច់ត្រីមាសទី៣ឆ្នាំនេះ។
ទំហំទុនវិនិយោគជាង១.៧ពាន់លានដុល្លារគ្របដណ្តប់៦០% នៃទុនវិនិយោគសរុបនៅកម្ពុជា ខណៈលំហូរទុនវិនិយោគចិន ស្ថិតក្នុងលេខរៀងទី២។ នេះបើតាមតួលេខដែលកក់ត្រា ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។
បើគិតពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគសរុបចំនួន១៥០គម្រោង ក្រោមទុនវិនិយោគ៣៥០០លានដុល្លារ ក្នុងនោះវិនិយោគិនកម្ពុជា បានឈានមុខគេក្នុងការបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ជាង១៧០០លានដុល្លារអាមេរិក មានចំណែក៥០.៩៤% នៃការវិនិយោគសរុប កើនឡើងទេ្វដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានទឹកប្រាក់វិនិយោគជិត៧០០លានដុល្លារ និងមានចំណែកវិនិយោគ២០.៧៤%ប៉ុណ្ណោះ។
ប្រទេសចិនដែលធ្លាប់នាំមុខគេ ក្នុងការវិនិយោគនៅកម្ពុជា បានស្ថិតក្នុងលំដាប់ទី២វិញ ដែលបានមកវិនិយោគក្នុងទំហំទឹកប្រាក់ ជាង១៥០០លានដុល្លារ មានចំណែកវិនិយោគ៤៣.៩៨%។
តាមពីក្រោយចិន គឺប្រទេសថៃ ដែលមានទុនវិនិយោគប្រមាណ៤៤លានដុល្លារ មានចំណែកវិនិយោគ១.២៧% ។ ចំណែកប្រទេសជប៉ុន ស្ថិតចំណាត់ថ្នាក់ទី៤ ដែលបាននាំទុនវិនយោគបានប្រមាណ៤០លានដុល្លារ មានចំណែក១.១៤%នៃវិនិយោគសរុប។
លោកសុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី អគ្គលេខាធិការCDC បានមានប្រសាសន៍ឲ្យដឹងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបន្តខិតខំជំរុញ និងទាក់ទាញការវិនិយោគ តាមរយៈបន្តពង្រឹងយន្តការថែទាំវិនិយោគ និងការបន្តចូលរួមអនុវត្តនូវវិធានការកែទម្រង់នានា របស់រាជរដ្ឋាភិបាល ពិសេសវិធានការទាំងឡាយ ដែលសម្រួលដល់ការវិនិយោគសម្រាប់វិនិយោគិនក្នុង និងក្រៅប្រទេស។
ក្នុងរយៈពេល៩ខែនេះ ការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានចំនួន៧គម្រោងមានទុនជាង១០៤លានដុល្លារ វិស័យឧស្សាហកម្ម មានចំនួន១៣២គម្រោង មានទុនជិត១៤០០លានដុល្លារ វិស័យទេសចរណ៍មាន៣គម្រោង ដោយទទួលបានទុនជាង១៦៤លានដុល្លារ និងហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗមាន៨គម្រោង ទទួលបានទុនជិត១.៨ពាន់លានដុល្លារ៕