ពលរដ្ឋចិនដែលមានទ្រព្យស្ដុកស្ដម្ភសម្រុកទិញផ្ទះប្រណីតនៅសិង្ហបុរី

0

ដោយៈ សុខុម

សិង្ហបុរី: ពលរដ្ឋចិន ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ បានសម្រុកទិញលំនៅដ្ឋានឯកជនប្រណីតៗ នៅប្រទេសសិង្ហបុរីក្នុងឆ្នាំនេះ ពេលដែលប្រទេសនេះបើកទ្វារ ស្វាគមន៍ជនបរទេសឡើងវិញ និងដោយសាររូបិយប័ណ្ណឡើងថ្លៃ ទោះបីជារដ្ឋាភិបាលដំឡើងពន្ធយ៉ាងណាក្ដី។

អ្នកទិញមកពីប្រទេសចិន បានទិញប្រមាណ១ភាគ៥ នៃផ្ទះប្រណីតចំនួន៤២៥យូនីត ដែលលក់ចេញចាប់ពីខែមករា ដល់ខែសីហា ឆ្នាំនេះ។ បន្ទាប់ពីនេះ ផ្ទះដែលពលរដ្ឋអាមេរិក បានទិញមានចំនួន៣៤យូនីត ហើយផ្ទះដែលពលរដ្ឋឥណ្ឌូនេស៊ី បានទិញមានចំនួន២៨យូនីត។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឱ្យដឹងថា ផ្ទះប្រណីត ត្រូវបានកំណត់តម្លៃចាប់ពី៣,៥២លានដុល្លារអាមេរិកឡើងទៅ។

ក្រុមអ្នកវិភាគនិយាយថា ប្រទេសសិង្ហបុរី ស្រូបទាញក្រុមមហាសេដ្ឋីបានយ៉ាងច្រើន ដោយសារប្រទេសនេះ មានស្ថិរភាពនយោបាយល្អ រូបិយប័ណ្ណឡើងថ្លៃ និងកេរ្តិ៍ឈ្មោះជាជម្រកសុវត្ថិភាព សម្រាប់រក្សាទុកទ្រព្យសក   ម្ម។ តម្លៃអចលនទ្រព្យនៅប្រទេសសិង្ហបុរី ក៏មានទំនោរហក់ឡើងសន្សឹមៗផងដែរ។

ទន្ទឹមនេះ ប្រទេសចិន កំពុងប្រឈមមុខនឹងវិបត្តិអចលនទ្រព្យ ដោយការលក់បានធ្លាក់ចុះខ្លាំង ហើយបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ បានខកខានទូទាត់បំណុល ហើយទំនុកចិត្តរបស់អ្នកប្រើប្រាស់ ក៏បានធ្លាក់ចុះដោយសារការបិទខ្ទប់ម្ដងហើយម្ដងទៀត។

ចំនួនផ្ទះប្រណីត ដែលបានលក់ទៅឱ្យជនបរទេស នៅប្រទេសសិង្ហបុរី ក្នុងរយៈពេល៨ខែដើមឆ្នាំនេះ បានកើនឡើងខ្ពស់ បើធៀបនឹង២៨២យូនីតដែលលក់បាន ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ និង៣២២យូនីតដែលលក់បានក្នុងឆ្នាំ២០១៨។

ទិន្នន័យពីអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង(URA) និងក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ OrangeTee & Tie បង្ហាញថា អចលនទ្រព្យក្នុងប្រទេសសិង្ហបុរី នៅតែពេញនិយម ក្នុងចំណោមជនបរទេស ទោះបីជារដ្ឋាភិបាលដំឡើងពន្ធលើការទិញអចលនទ្រព្យកាលពីខែធ្នូ ឆ្នាំមុនយ៉ាងណាក្ដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here