ការសិក្សាថ្មីៈខុនដូប្រណីតទទួលបានការពេញនិយមក្នុងចំណោមអ្នក វិនិយោគជាងខុនដូតម្លៃសមរម្យ

0

ដោយៈ សុផារី

ភ្នំពេញៈ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២នេះ តម្លៃលក់ខុនដូ និងតម្លៃជួលខុនដូ បានធ្លាក់ចុះគ្រប់ប្រភេទ ទោះបីជាមិនមានការផ្គត់ផ្គង់គម្រោងខុនដូយូនីតថ្មីក៏ដោយ។

ការធ្លាក់ចុះតម្លៃខុនដូនេះ បាននាំមកនូវនិន្នាការថ្មីមួយ គឺការស្វែងរក និងការពេញនិយមក្នុងការទិញ ឬជួលខុនដូទំហំធំ និងប្រណីតពីសំណាក់អ្នកវិនិយោគ។

របាយការណ៍ស្រាវជ្រាវរបស់ CBRE Cambodia ដែលទើបចេញផ្សាយកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២បានបង្ហាញថា គិតត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២២ មិនមានគម្រោងអភិវឌ្ឍន៍ខុនដូណាមួយ បានបញ្ជប់ការសាងសង់ និងចាក់បញ្ជូលទៅក្នុងទីផ្សារនេះឡើយ ស្របពេលដែលគម្រោងខុនដូ ដែលធ្លាប់បានផ្អាកការសាងសង់កាលពីមុន បានចាប់ផ្តើមដំណើរការសាងសង់ឡើងវិញ ចំនួនប្រមាណ៩០០យូនីតតែប៉ុណ្ណោះ។

របាយការណ៍ CBRE Cambodia បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២២ សម្រាប់តម្លៃលក់ និងជួលខុនដូ ក្នុងត្រីមាសទី៣ ឆ្នាំ២០២២ ឃើញថា មានការធ្លាក់ចុះ សម្រាប់គ្រប់ប្រភេទ និងកម្រិតនៃខុនដូ។ បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២២ តម្លៃលក់ជាមធ្យមក្នុងមួយម៉ែត្រការ៉េ របស់បន្ទប់ខុនដូប្រណីត (High-End) ជាមធ្យមប្រមាណ២.៦៣៩ដុល្លារក្នុង១ម៉ែត្រការ៉េ បានធ្លាក់ចុះ១,២ភាគរយ បន្ទប់ខុនដូតម្លៃមធ្យម (Mid-Range) ជាមធ្យមប្រមាណ២.០៧៩ដុល្លារ ក្នុង១ម៉ែត្រការ៉េ ធ្លាក់ចុះ០,៨ភាគរយ និងប្រភេទតម្លៃសមរម្យ (Affordable) ជាមធ្យមប្រមាណ១.៣៩៥ដុល្លារក្នុង១ម៉ែត្រការ៉េ ធ្លាក់ចុះ១,២ភាគរយ។

ដោយឡែក សម្រាប់តម្លៃជួលគឺខុនដូប្រណីត (High-End) មានតម្លៃជាមធ្យម១០,៩ដុល្លារក្នុង១ម៉ែត្រការ៉េសម្រាប់១ខែ ធ្លាក់ចុះ០,៣ភាគរយ ប្រភេទតម្លៃមធ្យម (Mid-Range) មានតម្លៃ៩,៥ដុល្លារ ធ្លាក់ចុះ០,៩ភាគរយ និងប្រភេទតម្លៃសមរម្យ (Affordable) មានតម្លៃ៧,៧ដុល្លារ ធ្លាក់ចុះ២,៣ភាគរយ។

តាមរយៈរបាយការណ៍នេះ បានបង្ហាញថា ខុនដូប្រភេទតម្លៃសមរម្យមានការធ្លាក់ចុះខ្លាំង ជាងខុនដូប្រភេទប្រណីត និងខុនដូតម្លៃមធ្យម ដោយ​សារតែទិន្នាការ នៃការបញ្ចុះតម្លៃបានធ្វើឱ្យក្រុមអ្នកវិនិយោគ និងម្ចាស់កម្មសិទ្ធចាប់អារម្មណ៍ក្នុងការទិញ ឬជួលប្រភេទខុនដូប្រណីត និងខុនដូតម្លៃមធ្យមច្រើនជាងខុនដូប្រភេទ Studio និង One-Bedroom៕

LEAVE A REPLY

Please enter your comment!
Please enter your name here