ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ចូលដល់ឆ្នាំ២០២២នេះហើយ ការអភិវឌ្ឍន៍លំនៅឋាននៅតែជួបបញ្ហាដោយអន្លើ ក្នុងនោះដែរការអភិវឌ្ឍលំនៅឋានក្នុងបុរី ក៏នៅតែទទួលផលប៉ះពាល់ ជាពិសេសសម្រាប់អ្នកអភិវឌ្ឍន៍ ដែលមានដើមទុនតិចតួច ឬដើមទុនមិនគ្រប់គ្រាន់។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានក្រុមហ៊ុន KW Khmer Real Estate បានមានប្រសាសន៍ឱ្យដឹងកាលពីសប្តាហ៍មុនថា ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២២នេះ ការសាងសង់បុរីនៅក្នុងប្រទេសកម្ពុជាឃើញថា នៅមានបញ្ហាខ្លះៗ មិនទាន់រលូនដូចកាលឆ្នាំមុនវិបត្តិកូវីដ១៩នោះទេ។
លោកបន្តថា “ម្ចាស់បុរីដែលមានលុយគ្រប់គ្រាន់ គឺមិនមានជាបញ្ហានោះទេក្នុងដំណាក់កាលនេះ ឬដំណាក់កាលកូវីដ១៩ឆ្នាំ២០២០ ឆ្នាំ ២០២១ ប៉ុន្តែសម្រាប់គម្រោងបុរី ដែលម្ចាស់អភិវឌ្ឍន៍មិនមានទុនគ្រប់គ្រាន់ ឬខ្ចីលុយគេមកសាងសង់នៅតែជួបបញ្ហាដដែល”។
លោកឧកញ៉ាបន្តថា មានមតិមួយចំនួនបានលើកឡើងថា ដោយសារតែវិបត្តិកូវីដ១៩ផង វិបត្តិនៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនផង ធ្វើឱ្យការសាងសង់បុរី នៅក្នុងប្រទេសកម្ពុជាយើងមានបញ្ហា ប៉ុន្តែលោកគីមហ៊ាងបានមើលឃើញថា សម្រាប់ម្ចាស់បុរីជើងចាស់ ឬបុរីមានកេរ្តិ៍និងបុរីធំៗនៅតែបន្តសាងសង់ និងលក់បានជាហូរហែក្នុងរយៈពេល៩ខែដើមឆ្នាំ ២០២២នេះ តែសម្រាប់បុរីមានដើមទុនតិចតួច ឬក៏អ្នកអភិវឌ្ឍន៍ខ្នាតតូចៗគឺជៀសមិនផុសពីប៉ះពាល់នោះឡើយ ។
លោកបន្ថែមថា “ដំណាក់កាលនេះ ជាដំណាក់កាលដែលបញ្ជាក់ថា អ្នកណាខ្លាំងអ្នកណាខ្សោយ ។ ដំណាក់កាលនេះអ្នកណាខ្លាំង អាចឈរជើងបានយូរ អ្នកណាខ្សោយអាចនឹងហានិភ័យ”។ លោកឧកញ៉ា “វិបត្តិកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់អ្នកមានប្រាក់ចំណូលមធ្យម និងក្រោមមធ្យម ហើយក្នុងប្រទេសកម្ពុជាយើង ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យមនិងក្រោមមធ្យមមានច្រើន ដូច្នេះហើយវាក៏បានធ្វើឱ្យប៉ះពាល់ ដល់ការទិញអចលនទ្រព្យ សម្រាប់អ្នកមានចំណូលមធ្យមនិងក្រោមមធ្យមនេះដែរ”។
យ៉ាងណាក្ដីមានអ្នកជំនាញមួយចំនួន បានផ្ដល់ជាយោបល់ដល់អ្នកមានប្រាក់ចំណូលមធ្យម និងក្រោមមធ្យម មិនគួរវិនិយោគលើលំនៅឋានឡើយ។
ក្នុងស្ថានភាពដែលសេដ្ឋកិច្ច មិនទាន់ច្បាស់លាស់នៅឡើយនោះ អ្នកមានប្រាក់ចំណូលមធ្យម ឬក្រោមមធ្យម បើសិនជាចង់វិនិយោគគួររកទិញដីធ្លីតែជាដីធ្លីនៅឆ្ងាយពីទីក្រុង និងមានតម្លៃទាប ដើម្បីចំណេញនៅពេលពីរបីឆ្នាំឬនៅពេលស្ថានភាពបានល្អប្រសើរឡើងវិញ។
លោកផូន សុអុនដែនប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន KH Land បានលើកឡើងផងដែរថា សម្រាប់គម្រោងដែលអភិវឌ្ឍន៍ដីឡូត៏ និងលំនៅឋាននៅតំបន់ផ្លូវ៥១ នៅតែបន្តអភិវឌ្ឍន៍ទៅតាមផែនការ ទោះបីជាអំឡុងកូវីដ១៩ឬមកដល់ពេលនេះក្ដី ។ ក្រុមហ៊ុនបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងគម្រោង មានដូចជាផ្លូវ ភ្លើង និងប្រព័ន្ធលូជាដើម ដើម្បីជាការផ្ដល់ទំនុកចិត្តដល់អតិថិជន ដែលបានទិញគម្រោងរបស់ខ្លួនរួចហើយ។
លោកបន្តថា “អ្នកទិញផ្ទះមិនថាទិញដើម្បីវិនិយោគ ឬទិញដើម្បីស្នាក់នៅទេ ក្នុងដំណាក់កាលនេះ គាត់មានការប្រយ័ត្នប្រយែង និងឆ្លាតវៃជាងមុនៗឆ្ងាយណាស់”។ លោកបន្តថា “ពីមុនគាត់ទិញផ្ទះទិញដីមិនសូវពិនិត្យមើលច្រើនទេ គាត់មើលតែទីតាំងល្អ អាចរកស៊ីអាចមានឱកាសចំណេញគាត់ចាប់ផ្ដើមកក់លុយទិញយកតែម្ដង ប៉ុន្តែពេលនេះគាត់បានពិនិត្យមើលច្រើនទាំងគុណភាព ទាំងអ្នកអភិវឌ្ឍន៍ និងដំណើរការអភិវឌ្ឍជាដើម”៕