ដោយៈគង់ សូរិយា
កណ្តាលៈ ក្រុមអ្នកជំនាញបានលើកឡើងថា សកម្មភាពទិញ លក់ដីធ្លីបាន និងកំពុងកើនឡើងនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី៤ ដោយសារហេតុផលជាច្រើន។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា សកម្មភាពទិញលក់ ក្នុងវិស័យនេះចាប់ផ្តើម មានសញ្ញាប្រសើរឡើងវិញបណ្តើរៗហើយ ពិសេសតំបន់ក្រវ៉ាត់ក្រុងទី៣ និងទី៤ ចរន្តនៃការទិញលក់ ដីឡូត៍ ដីធំៗចាប់ផ្តើមមានសកម្មភាពបណ្តើរហើយ។
លោកបន្តថា “សកម្មភាពទិញលក់ដីនៅខេត្តមណ្ឌលគិរី ក៏បានកំរើកឡើងវិញបណ្តើរៗផងដែរ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនាពេលកន្លងមកនេះ”។ លោកបន្តថា“ការវិនិយោគដីធ្លី នៅតែបន្តផ្តល់ភាពចំណេញច្រើនពីការវិនិយោគ ហេតុនេះដីធ្លីនៅតែមានប្រជាប្រិយភាពជាងគេ ក្នុងចំណោមផ្នែកផ្សេងទៀតនៃវិស័យអចលនទ្រព្យ”។
ចំំណែកលោកបណ្ឌិតឧកញ៉ាគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឥ្យដឹងផងដែរថា ការវិនិយោគដីធ្លី នៅតែមានឱកាសចំណេញ ប្រសិនជាយើងជ្រើសរើសបានទីតាំងល្អ វានឹងទទួលបានផលចំណេញលឿន ដោយតំបន់នៃទិសទាំងបួននៃទីក្រុងភ្នំពេញ មានសក្តានុពលខុសៗគ្នា ប៉ុន្តែកំពុងមានភាពរីកចម្រើនស្របគ្នាផងដែរ គ្រាន់តែតំបន់ខ្លះត្រូវរង់ចាំពេលវេលាបន្តិច ខណៈតំបន់ខ្លះទៀតកំពុងមានភាពរីកចម្រើនខ្លាំង និងលឿន ពិសេសតំបន់ភាគខាងជើងរាជធានីភ្នំពេញ ដែលលោកបានចាត់ទុកថា “ជាតំបន់រស់នៅរបស់អភិជនសម័យថ្មី”។
លោកឧកញ៉ាបានបន្តថា “ការរីកចម្រើននៃវិស័យអចលនទ្រព្យ បាននិងកំពុងបន្តរយៈពេលវែងតទៅទៀត ប៉ុន្តែកម្រិតនៃការវិនិយោគនិងផលចំណេញ អាស្រ័យលើចំណេះដឹង និងលទ្ឋភាពរបស់យើង”៕