ដោយៈ សុផារី
ភ្នំពេញៈ ការសិក្សាថ្មីមួយបានបង្ហាញថា ទីផ្សារបុរីកំពុងប្រឈមនឹងការធ្លាក់ចុះ ទាំងចំនួនបុរីដាក់ឱ្យដំណើរការថ្មី និងទំហំនៃបុរី ស្របពេលទីផ្សារអចលនទ្រព្យទាំងមូល កំពុងបន្តមានភាពមិនច្បាស់លាស់ ដោយអ្នកអភិវឌ្ឍន៍ ហាក់នៅមិនទាន់មានភាពជឿជាក់ នៅលើការងើបឡើងវិញនៃទីផ្សារមួយនេះនៅឡើយ។
យោងតាមរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ របស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយនៅដើមខែតុលានេះ បានឱ្យដឹងថា នៅក្នុងរយៈពេល៣ខែចុងក្រោយនេះ មានបុរីចំនួន១៨គម្រោង បានបញ្ចប់ការសាងសង់ និងគម្រោងថ្មីចំនួន៥ទៀតបានចូលមកកាន់ទីផ្សារមួយនេះ។
អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានមានប្រសាសន៍កាលពីចុងសប្តាហ៍មុនថា “គម្រោងថ្មី ដែលទើបដាក់ឱ្យដំណើរការនេះ មានចំនួនតិចតួចណាស់ បើប្រៀបធៀបនឹងត្រីមាសទី២ ដោយសារជាទូទៅមានគម្រោងបុរីចំនួន២០ ទៅ៣០ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងមួយត្រីមាសៗ”។
ជាឧទាហរណ៍ គម្រោងបុរីថ្មីមួយចំនួន ដែលទើបដាក់ឱ្យដំណើរការ ភាគច្រើនជាគម្រោងប្រភេទមធ្យម (Mid-range) ហើយមានទីតាំងនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ មានដូចជា គម្រោងបុរី Mean Chey Residence Downtown Residence និង Lux Residence ជាដើម។
អ្នកនាងគិនកេសាលើកឡើងថា នេះជាសញ្ញាធ្លាក់ចុះនៃគម្រោងបុរីដាក់ដំណើរការថ្មី។ ជាក់ស្តែង នៅក្នុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ មានបុរីជាមធ្យមចំនួន៨០គម្រោង នៅក្នុងមួយឆ្នាំបានដាក់ឱ្យដំណើរការ ប៉ុន្តែចំនួននេះ ចំនួនបុរីបានធ្លាក់ចុះរហូតមកដល់ប្រមាណ៤០គម្រោង នៅក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២២តែប៉ុណ្ណោះ។
អ្នកនាងបន្តថា មិនត្រឹមតែចំនួនគម្រោងបុរីនោះទេ ដែលបានធ្លាក់ចុះ តែទំហំនៃគម្រោងបុរីថ្មី ក៏មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ។ ជាក់ស្តែង ចំនួនយូនីតនៃបុរី មានធ្លាក់ចុះពីចំណុចកំពូលខ្ពស់បំផុត ដែលមានប្រមាណ៥០០យូនីតក្នុងមួយគម្រោង នៅក្នុងឆ្នាំ២០២០ មកដល់ប្រមាណ២០០យូនីតក្នុងមួយគម្រោង នៅក្នុងឆ្នាំ២០២២តែប៉ុណ្ណោះ។
អ្នកនាងសង្កត់ធ្ងន់ថា “ស្របពេលដែលការប្រកួតប្រជែង មានការកើនឡើងខ្ពស់ អ្នកអភិវឌ្ឍន៍មានទំនោរប្រយ័ត្នប្រយែង និងគិតគូរច្រើនជាងមុន លើការដាក់ឱ្យដំណើរការគម្រោងបុរី ដោយពួកគាត់ហាក់ដូចជាកំពុងតែសាកល្បងទីផ្សារជាមុនសិន មុននឹងសម្រេចចិត្តដាក់ឱ្យដំណើរការគម្រោងជំហានបន្តទៀត”៕