ដោយ: លាងហួរ
ប្រទេសថៃ: សន្ទស្សន៍តម្លៃការសាងសង់ផ្ទះស្តង់ដារ បានកើនឡើង៦,២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំក្នុងត្រីមាសទី៣ ដែលនេះជាកម្រិតកំពូលថ្មី និងការកើនឡើងខ្ពស់បំផុត ក្នុងរយៈពេលមួយទសវត្សរ៍ ដែលគេសន្មតថាបណ្តាលមកពីការឡើងថ្លៃប្រេងឥន្ធនៈ។
លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យបាននិយាយថា តម្លៃការសាងសង់សំណង់ សម្រាប់ផ្ទះស្តង់ដារ បានបន្តកើនឡើងចាប់តាំងពីត្រីមាសទី១ក្នុងឆ្នាំនេះ។
លោកបានបន្តថា “កត្តាជំរុញដ៏ធំគឺតម្លៃប្រេងឥន្ធនៈ ដែលបានកើនឡើងនៅដើមឆ្នាំ ដែលវាបានបង្កផលប៉ះពាល់ដោយផ្ទាល់ ដល់ការចំណាយលើការផលិត និងការដឹកជញ្ជូនសម្ភារសំណង់”។
យោងតាមមជ្ឈមណ្ឌលនេះបានឱ្យដឹងថា សន្ទស្សន៍តម្លៃសំណង់ផ្ទះស្តង់ដារក្នុងត្រីមាសទីបី មានចំនួន១៣២,២ ពោលគឺកើនឡើង៦,២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ និង០,៨ភាគរយពីមួយត្រីមាសទៅមួយត្រីមាស។
លោក Peerapong Jaroon-ek ប្រធានសមាគមខុនដូថៃបាននិយាយថា ការឡើងថ្លៃប្រេង បានជំរុញឱ្យអតិផរណាកើនឡើង និងជះផលប៉ះពាល់ដល់តម្លៃនៃការអភិវឌ្ឍអចលនទ្រព្យ។
លោកបានបន្តថា អ្នកអភិវឌ្ឍន៍គួរតែគ្រប់គ្រងការសាងសង់ ដើម្បីទប់ទល់នឹងការកើនឡើងនៃថ្លៃដើម ដែលអាចប៉ះពាល់ដល់កម្លាំងទិញផ្ទះ។
លោក Vichai បាននិយាយថា តម្លៃប្រេងខ្ពស់បានប៉ះពាល់ដល់ការចំណាយលើការសាងសង់ផ្ទះគ្រប់ប្រភេទទាំងអស់។
នៅក្នុងប្រភេទប្រាក់បៀវត្សរ៍ ការកើនឡើងច្រើនបំផុតពីមួយឆ្នាំទៅមួយឆ្នាំគឺការងារវិស្វកម្ម រចនាសម្ព័ន្ធដែលកើនឡើង៨ភាគរយ។
ការកើនឡើងដ៏ធំទីពីរ គឺសម្រាប់ការងារស្ថាបត្យកម្មចំនួន៥,៧ភាគរយ បន្ទាប់មកគឺការងារប្រព័ន្ធអគ្គិសនី និងទំនាក់ទំង ចំនួន៥ភាគរយ ស្របពេលដែលតម្លៃ សម្រាប់ការងារប្រព័ន្ធអនាម័យ បានកើនឡើងត្រឹមតែ១,១ភាគរយប៉ុណ្ណោះ៕