គម្រោងខ្សែក្រវ៉ាត់១ ផ្លូវ១ របស់ចិននៅតែជាមូលដ្ឋានគ្រឹះក្នុងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិដ៏មានស្ថេរភាព និងចម្រុះ

0

ដោយ: លាងហួរ

ប៉េកាំង: នៅក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ប្រទេសចិនបានអនុវត្តយុទ្ធសាស្ត្រ បើកទូលាយកាន់តែសកម្ម ក្នុងនោះគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) បានផ្តល់វេទិកាដ៏ពេញនិយមមួយ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។

នេះបើយោងតាមការចេញផ្សាយ ដោយសារពត៌មានGlobal Timesកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។

ការស្ថាបនារួមគ្នានៃគម្រោងBRI បានលាតសន្ធឹងក្នុងតំបន់ផ្សេងៗគ្នា ដំណាក់កាលនៃការអភិវឌ្ឍ និងអរិយធម៌។

ប្រទេសចិនបានចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវជាង២០០ ជាមួយប្រទេសជាង១៤០ និងអង្គការអន្តរជាតិជាង៣០។

ផ្ទុយទៅនឹងឯកតោភាគីនិយម ដែលបង្កើតឡើងដោយសហរដ្ឋអាមេរិក គម្រោងBRI របស់ចិនបានផ្តល់វេទិកាមួយ ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងពង្រឹងការឯកភាពគ្នា ហើយគម្រោងនេះទទួលបានការទទួលស្គាល់មិនធ្លាប់មានពីមុនមក និងត្រូវបានទទួលយកពីប្រទេសជាច្រើននៅជុំវិញពិភពលោក។

ចាប់តាំងពីគម្រោងBRI ត្រូវបានស្នើឡើងក្នុងឆ្នាំ២០១៣  វាបានក្លាយជាសសរស្តម្ភមួយ ក្នុងការផ្តល់នូវកម្លាំងចលករថ្មី សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក។

សំខាន់ជាងនេះទៅទៀត ក្នុងនាមជាវេទិកាអន្តរជាតិដ៏ពេញនិយម និងជាក់ស្តែងBRI បានលើកកម្ពស់ការកសាងសហគមន៍ ជាមួយនឹងអនា​គតរួមគ្នាសម្រាប់មនុស្សជាតិ។

នៅក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះ មុនពេលបើកសមាជជាតិ CPC លើកទី២០ អ្នកនាំពាក្យ Sun Yeli បានសង្កត់ធ្ងន់ថា BRI កំពុងផ្តល់នូវកម្លាំងជំរុញថ្មីមួយ សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក។

គិតត្រឹមខែមិថុនា ទំហំពាណិជ្ជកម្មសរុបនៃទំនិញរវាងប្រទេសចិន និងប្រទេសនៅតាមបណ្តោយផ្លូវBRI បានកើនឡើងដល់ប្រហែល១២ពាន់ពាន់លានដុល្លារ ហើយគម្រោងកិច្ចសហប្រតិបត្តិការមួយចំនួនធំ ត្រូវបានអនុវត្ត ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅក្នុងតំបន់ផងដែរ។

ប្រទេសកម្ពុជា ក៏ទទួលបានផលប្រយោជន៍យ៉ាងច្រើន ពីគំរោងBRIផងដែរ តាមរយៈការវិនិយោគរបស់រដ្ឋាភិបាល និងក្រុមហ៊ុនចិននានា ដែលគំរោងទាំងនោះរួមមានផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ដែលបានបើកដំណើរការសាកល្បងកាលពីដើមខែតុលានេះ គំរោងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ គំរោងអភិវឌ្ឍន៍ព្រលានយន្តហោះតារាសាគរ ខេត្តកោះកុង និងគំរោងសាងសង់់ព្រលានយន្តហោះលំដាប់អន្តរជាតិ នៅខេត្តសៀមរាបជាដើម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here