ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ថ្វីត្បិតតែក្នុងឆ្នាំ ២០២២នេះ ស្ថានភាពកូវីដ១៩នៅក្នុងប្រទេសកម្ពុជា និងបណ្ដាប្រទេសមួយចំនួន បានប្រសើរឡើងក៏ពិតមែន ប៉ុន្តែបញ្ហាប្រឈមមួយទៀត បានកើតឡើងដែលធ្វើឱ្យវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជានៅបន្តជួបប្រទះនឹងបញ្ហាដដែល។
ដើម្បីសម្រួលដល់បញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្ធូរបន្ថយពន្ធ ដល់អាជីវកម្មទេសចរណ៍ក្នុងឆ្នាំ២០២២បន្តទៀត។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាលកម្ពុជាចេញផ្សាយថ្ងៃទី២៥តុលា ២០២២ឱ្យដឹងថា ទោះបីជាស្ថានភាពនៃវិបត្តិជំងឺកូវីដ១៩ មានភាពល្អប្រសើរក៏ដោយ បញ្ហាប្រឈមមួយចំនួនរួមមានសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងការកើនឡើងនៃអតិផរណាជាដើម បាននិងកំពុងបង្កនូវហានិភ័យថ្មី និងផ្ដល់ផលប៉ះពាល់ដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចសកលទាំងមូល។
ក្រោមស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចាំបាច់ ជាបន្តបន្ទាប់ក្នុងគោលបំណង បន្តគ្រប់គ្រងការរីករាលនៃកូវីដ១៩ និងបន្តជួយរក្សាលំនឹងអាជីវកម្ម ធុរកិច្ចក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។ ជាក់ស្ដែងកម្ពុជាបានចេញចេញពីវិបត្តិកូវីដ១៩ ប្រកបដោយភាពរឹងមាំ ដោយបានរក្សាអត្រាឆ្លងនៃជំងឺនេះ ក្នុងកម្រិតអប្បរមា ។
សេចក្ដីប្រកាសដដែលនេះឱ្យដឹងទៀតថា ក្រោបីកម្ពុជាបានសម្រេចបើកពេញលេញឡើងវិញ នូវគ្រប់សកម្មភាពសង្គម សេដ្ឋកិច្ច សកម្មភាពធុរកិច្ច និងពាណិជ្ជកម្មកម្ពុជា ជាពិសេសវិស័យសំខាន់ៗ រួមមាន វិស័យកាត់ដេរ វាយនភណ្ឌនិងវិស័យកម្មន្តសាលមិនមែនកាត់ដេរ មានសន្ទុះឡើងវិញយ៉ាងល្អប្រសើរ ដែលឆ្លុះបញ្ចាំតាមរយៈការកើនឡើងខ្ពស់ នៃការប្រើប្រាស់ និងការនាំចេញ។
ដោយឡែក សម្រាប់វិស័យទេសចរណ៍ ទោះបីជាចំនួនភ្ញៀវទេសចរមានការកើនឡើងក៏ដោយ ប៉ុន្តែកំណើននេះនៅមានកម្រិតនៅឡើយ ជាមួយនឹងបរិការណ៍បច្ចុប្បន្នដែលកំពុងនៅ ប្រឈមនឹងកត្តាហានិភ័យសង្គម សេដ្ឋកិច្ចមួយចំនួនផ្សេងទៀត ដែលបន្តផ្ដល់ផលប៉ះពាល់ដល់និរន្តរភាពសម្រាប់ប្រតិបត្តិការជាច្រើន នៅក្នុងវិស័យទេសចរណ៍ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ ។
ដើម្បីដោះស្រាយបញ្ហាទាំងនេះ រាជរដ្ឋាភិបាលបានបន្តលើកលែងដល់អាជីវកម្មទេសចរណ៍ ដែលរងផលប៉ះពាល់មួយចំនួនរួមមាន ទី១. បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេត លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ សម្រាប់រយៈពេល៣ខែបន្ថែមទៀតចាប់ពីខែតុលាដល់ខែធ្នូឆ្នា២០២២ ។
អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់ការគ្រប់គ្រងអាករលើតម្លៃបន្ថែមជារៀងរាល់ខែក្នុងអំឡុងពេលនេះ ។
ទី២ លើកលែងពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ ២០២២ ចំពោះសណ្ឋាគារផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ។ អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ច ដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២២ យ៉ាងយឺតបំផុតឱ្យបានមុនដំណាច់ខែមីនា២០២៣ ។
ក្នុងសេចក្ដីប្រកាសព័ត៌មានឱ្យដឹងថា រាជរដ្ឋាភីបាលនឹងបន្តតាមដានជាប្រចាំនូវស្ថានភាពនៃជំងឺកូវីដ១៩ លើស្ថានផាពសង្គមសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌសកល តំបន់ និងក្នុងប្រទេស ដើម្បិពិនិត្យនិងវាយតម្លៃពីផលប់ះពាល់នៃជំងឺកូវិដ១៩ ក៏ដូចជា ផ្លាស់ប្តូរនៃរចនាសម្ព័ន្ធសកល ក្នុងបរិបទថ្មីៗ មកលើវិស័យសំខាន់ៗក្នុងទិសដៅធ្វើបច្ចុប្បន្នភាពនិងត្រៀមដាក់ចេញ នូវវិថានការថ្មីៗបន្ថែមចាំបាច់ សំដៅស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលចំពោះមុខ និងរយៈពេលមធ្យម ឱ្យត្រលប់ទៅកំណើនសក្ដានុពល សម្រាប់អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន ក្រោមក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារនិងជំរុញកំនើនសេដ្ឋកិច្ចនៅក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣ ៕