ដោយ៖ សុផារី
ភ្នំពេញ៖ អគារថ្មីក្រសួងមហាផ្ទៃ ដែលជាអគាររដ្ឋបាលធំជាងគេនៅកម្ពុជា និងគ្រោងចំណាយថវិការប្រមាណ៦០លានដុល្លារអាមេរិក បានសាងសង់សម្រេចការសាងសង់បានជាង៦០ភាគរយហើយ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់អគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។
អគារទីស្តីការថ្មីនេះ សាងសង់ឡើងលើទីតាំងចាស់ ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ តាមបណ្ដោយវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយគ្រោងចំណាយប្រមាណ៦០លានដុល្លារអាមេរិក។
បន្ទាប់ពីដំណើរការសាងសង់បានប្រមាណ១ឆ្នាំ ពេលនេះសម្រេចបាន៦០ភាគរយហើយ។ អគារនេះមានទំហំ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានកម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តចំនួន ៣៣០គ្រឿង ជាសំណង់ស្ថាបត្យកម្មក្លាសិក រចនាបទខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញមានបុស្បបុកចំនួនប្រាំ តាមលំនាំប្រាសាទអង្គរវត្តកំពូលប្រាំ និងជាអគាររដ្ឋបាលធំជាងគេនៅកម្ពុជា។
សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរក្រុមហ៊ុនសាងសង់ ព្រមទាំងក្រុមបុគ្គលិកទាំងអស់ ដែលបានខិតខំប្រឹងប្រែងសាងសង់អគារ ប្រកបដោយការទទួលខុសត្រូវ ពិសេស គឺបានសាងសង់លឿនជាងផែនការ និងប្រកបដោយគុណភាព។
សម្ដេចក្រឡហោម ស ខេង បានកោតសរសើរ ចំពោះក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនី ដែលបានប្រឹងប្រែងបំពេញការងារ ដែលមិនមែនត្រឹមតែបម្រើផលប្រយោជន៍ក្រុមហ៊ុនប៉ុណ្ណោះទេ ក៏ប៉ុន្តែបានគិតដល់ផលប្រយោជន៍ជាតិ ព្រោះសំណង់អគារថ្មីនេះ គឺជាទ្រព្យសម្បត្តិសាធារណៈ បម្រើផលប្រយោជន៍ជាតិ និងប្រជាជនទាំងបច្ចុប្បន្ន និងទៅអនាគត៕