តើកំណើនភ្ញៀវទេសចរណ៍នៅតំបន់ឆ្នេរ នឹងចូលរួមលើកកំពស់វិស័យអចលនទ្រព្យក្នុងខេត្តទាំងនោះដូចម្តេច?

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សប្ដាហ៍ដំបូងនៃខេវិច្ឆិកាឆ្នាំ ២០២២នេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ត សរុបប្រមាណ២០ម៉ឺននាក់ ដែលជាខេត្តទទួលបានភ្ញៀវទេសចរច្រើនជាងគេ ក្នុងចំណោមបណ្ដាខេត្តរាជធានីទូទាំងប្រទេស។ នេះបើតាមរបាយការណ៍ស្ថិតិរបស់ក្រសួងទេសចរណ៍ចេញ ផ្សាយកាលពីថ្ងៃទី ៨វិច្ឆិកា២០២២។

របាយការណ៍របស់ក្រសួងទេសចរណ៍ឱ្យដឹងថា គិតចាប់ពីថ្ងៃទី៣១តុលា ដល់ថ្ងៃទី០៦ វិច្ឆិកា២០២២ ភ្ញៀវទេសចរផ្ទៃក្នុងមានចំនួនសរុបជាង៨០៣,០០០ពាន់នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៧៧៣,០០០ពាន់នាក់ និងភ្ញៀវទេសចរបរទេសមានចំនួនជាង៣ម៉ឺននាក់។

ខេត្តកំពត ជាខេត្តគោលដៅទេសចរណ៍សំខាន់ជាងគេ និងទទួលបានភ្ញៀវទេសចរច្រើនជាងគេ ដែលមានចំនួនរហូតដល់២០៧,០០០ពាន់នាក់ បន្ទាប់មកគឺខេត្តព្រះសីហនុ មានចំនួន១៦ម៉ឺននាក់ បន្ទាយមានជ័យមានចំនួន១២៣,០០០ពាន់នាក់ កំពង់ធំមានចំនួន១០៧,០០០ពាន់នាក់និងខេត្តសៀមរាបមានចំនួន៤៣,០០០ពាន់នាក់។

តួលេខនេះ មិនទាន់រាប់បញ្ចូលភ្ញៀវទេសចរណ៍ ដែលទៅកម្សាន្តនៅថ្ងៃឈប់សម្រាកបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកនៅឡើយទេ។

អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងខេត្តនេះ ហាក់មានក្ដីរំពឹងខ្ពស់ឡើងវិញ និងអាចធ្វើឱ្យតម្រូវការអចលនទ្រព្យ កើនឡើងមួយកម្រិតទៀតជាពិសេសទៅដីឡូត៍និងផ្ទះលំហែរកាយ ។

លោកជិន ណារិននាយកប្រតិបត្តិនៃក្រុមហ៊ុន Sunshine Real Estate បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរ មកលេងកម្សាន្តនៅក្នុងខេត្តកំពតនេះ បានបង្ហាញថាមានការចាប់អារម្មណ៍ខ្លាំង ហើយនៅពេលមានភ្ញៀវមកកម្សាន្តច្រើនបែបនេះ នឹងធ្វើឱ្យតម្រូវការនានាកើនឡើងដូចគ្នា ក្នុងនោះសេវាកម្មស្នាក់នៅ និងហូបចុកគឺជាអាទិភាពដែលត្រូវអភិវឌ្ឍន៍។

លោកបន្តថា ខេត្តណាដែលមានតំបន់ទេសចរណ៍ច្រើន និងមានភ្ញៀវមកលេងច្រើនហើយ សេវាកម្មនៅក៏ត្រូវការច្រើន ហើយភ្ញៀវខ្លះក៏ចង់ស្នាក់នៅបែបឯកជនជាមួយក្រុមគ្រួសារ ទើបធ្វើឱ្យការអភិវឌ្ឍផ្ទះលំហែកាយក៏ដូចជាដីឡូត៏លំហែកាយ ក្នុងខេត្តកំពតមានតម្រូវការ និងមានការអភិវឌ្ឍជាបន្តបន្ទាប់ផងដែរ។

លោករំពឹងថា នៅពេលចប់វិបត្តិសេដ្ឋកិច្ចសកល ដែលបណ្ដាលមកពីសង្គ្រាមនៅរុស្ស៊ីអ៊ុយក្រែន ក៏ដូចជា ចប់នូវវិបត្តិកូវីដ១៩ ការវិនិយោគលើអចលនទ្រព្យនៅក្នុងខេត្តកំពត នឹងមានសកម្មភាពខ្លាំងឡើងវិញ ខណៈបច្ចុប្បន្ននេះ ការទិញលក់ដីធ្លីដើម្បីត្រៀមអភិវឌ្ឍន៍ ក៏មានជាហូរហែផងដែរ.

ជាមួយគ្នានេះ លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីពេលថ្មីៗនេះថា ខេត្តកំពតពិតជាមានសក្តានុពលផ្នែកទេសចរណ៍ និងការវិនិយោគដីលំហែរ ហេតុនេះទើបលោកជ្រើសរើសយកខេត្តនេះ សម្រាប់អភិវឌ្ឍន៍គំរោងបូកគោលែនរហូតដល់៣គំរោង និងទទួលបានជោគជ័យក្នុងការលក់យ៉ាងប្រសើរ។

លោកបន្តថា ដោយសារមានទីតាំងកៀកគ្នា លោកបាននិងកំពុងអភិវឌ្ឍន៍គម្រោងឆ្នេរសមុទ្រកោងកាង ក្នុងខេត្តកែបផងដែរ ដែលគំរោងនេះបាននិងកំពុងប្រែក្លាយ ជាផលិតផលទេសចរណ៍ថ្មីមួយក្នុងខេត្តកែប ហើយការអភិវឌ្ឍគំរោងនេះ ធ្វើឡើងតាមផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍របស់រដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្តកែប ជាតំបន់ទេសចរណ៍លំហែរកាយកម្រិតខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here