កិច្ចប្រជុំកំពូលអាស៊ាន អាចហុចផលដល់វិស័យអចលនទ្រព្យនិងទាក់ទាញការវិនិយោគឬទេ?

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងនាមជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន សម្រាប់ឆ្នាំ២០២២នេះ ហើយកិច្ចប្រជុំនេះដែរក៏មានការចូលរួមពីបណ្ដាមេដឹកនាំអាស៊ាននិងពិភពលោកជាច្រើន។

ជាមួយនឹងវត្តមានមេដឹកនាំធំៗជាច្រើន រួមទាំងប្រធានាធិបតតីអាមេរិក អ្នកធុរកិច្ច វិនិយោគិនពីបណ្ដាប្រទេសនានាជាច្រើន ក៏បានចូលរួមស្វែងរកឱកាសវិនិយោគ និងសហការស្វែងរកដៃគូផងដែរ។

ប៉ុន្តែបើតាមអ្នកជំនាញនៃវិស័យ អចលនទ្រព្យបានលើកឡើងថា កិច្ចប្រជុំកំពូលអាស៊ាននេះ នឹងអាចហុចផលតិចតួច ដល់ការវិនិយោគអចលនទ្រព្យនៅកម្ពុជា។

លោកកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានមានប្រសាសន៍តាមទូរសព្ទឱ្យដឹងនារសៀលថ្ងៃទី១០ វិច្ឆិកានេះថា កិច្ចប្រជុំកំពូលអាស៊ានជាកិច្ចប្រជុំមួយ ដែលផ្ដោតទៅលើនយោបាយច្រើនជាងកិច្ចការវិនិយោគនិងធុរកិច្ច។ ដូច្នេះកិច្ចប្រជុំនេះ មេដឹកនាំនៃប្រទេសអាស៊ាន ក៏ដូចជាមេដឹកនាំពិភពលោក នឹងជជែកច្រើនទៅលើកិច្ចការនយោបាយអន្តរជាតិ។

លោកបន្តថា “ក្នុងកិច្ចប្រជុំនឹងហុចផលលើនយោបាយច្រើន ការវិនិ​យោគ ជាពិសេសទៅលើការវិនិយោគអចលនទ្រព្យ ប៉ុន្តែមិនមែនមានន័យថា អត់មានការជជែកពីកិច្ចការវិនិយោគិន និងការធ្វើពាណិជ្ជកម្មនោះដែរ”។

យ៉ាងណាដោយសារតែវិស័យអចលទ្រព្យយើង វាមានបញ្ហាប្រឈមពីវិបត្តិកូវីដ១៩ផង និងបញ្ហាសេដ្ឋកិច្ចសកលផង ជាពិសេសការវិនិយោកពីប្រទេសចិន បើសិនជាសេដ្ឋកិច្ចចិនល្អប្រសើរនោះ ការវិនិយោគអចលនទ្រព្យនៅកម្ពុជានឹងអាចល្អប្រសើរដូចគ្នា។លោកប៉ូ អ៊ាវគង់បញ្ជាក់។

ជាមួយគ្នានេះ អ្នកនាងជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុន CBRE Cambodia ក៏បាននិយាយថា កិច្ចប្រជុំកំពូលអាស៊ាននេះ អ្នកនាងមិនហ៊ានផ្ដល់ជាទស្សនយ៉ាងណា ចំពោះផលប្រយោជន៍ដែលកម្ពុជាទទួលបានទៅលើការវិនិយោគ ក្នុងវិស័យអចលនទ្រព្យនោះទេ ពីព្រោះការវិនិយោគធំ លើអចលនទ្រព្យនៅកម្ពុជាយើង គឺមកពីប្រទេសចិន បើសិនជាចិនចូលមកច្រើន នោះការវិនិយោគអចលនទ្រព្យនៅកម្ពុជា នឹងអាចល្អប្រសើរវិញបាន ។

ចំណែកអ្នកនាងអាន សុធីតា អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យPropNex Cambodia បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា វាជារឿងល្អដែរកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយបានធ្វើឱ្យស្គាល់ពីកម្ពុជាកាន់តែច្រើន ។ ដូច្នេះការវិនិយោគថ្មីៗពីតំបន់អាស៊ាន នឹងមានច្រើនបន្ទាប់ពីកិច្ចប្រជុំ។

អ្នកនាងបន្តថា “កន្លងមកអ្នកធុរកិច្ចចិន គឺជាអ្នកវិនិយោគច្រើនជាងគេមែន ប៉ុន្តែមិនមែនមិនមានជនជាតិដទៃ មកវិនិយោគអចលនទ្រព្យនៅកម្ពុជានោះទេ”។ អ្នកនាងបន្ថែមថា “ដូច្នេះហើយក្រោយកិច្ចប្រជុំកម្ពុជាគួរត្រៀមខ្លួន ក្នុងការស្វាមគមន៍វិនិយោគិនថ្មីៗ ដូចជា ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ច្បាប់នៃការវិនិយោគជាដើម”។

ធនាគារពិភពលោកប្រចាំកម្ពុជា ធ្លាប់បានលើកឡើងនាពេលកន្លងមកថា វិស័យអចលនទ្រព្យកម្ពុជាអាស្រ័យទៅលើសេដ្ឋកិច្ចរបស់ចិន ។ ក្នុងអំឡុងឆ្នាំ២០១៨ ឬ២០១៩ ជាពេលដែលសេដ្ឋកិច្ចរបស់ចិនមានសន្ទុះកំណើនខ្ពស់ ហើយកាលនោះកម្ពុជាក៏ទទួលបានផល ពីការវិនិយោគលើអចលនទ្រព្យច្រើនពីចិនដែរ តែនៅពេលដែលចិនចាប់ផ្ដើមមានវិបត្តិកូវីដ ១៩ និងបញ្ហាសេដ្ឋកិច្ចនៅរយៈពេលចុងក្រោយនេះ ក៏ធ្វើឱ្យការវិនិយោគពីចិនមកកម្ពុជាក៏ថមថយ ។

បច្ចុប្បន្ននេះ ទាំងអ្នកវិនិយោគក្នុងស្រុក និងអ្នកសម្របសម្រួលលើការវិនិយោគអចលនទ្រព្យ ក៏កំពុងទន្ទឹងរង់ចាំមើលពីការវិលត្រលប់ របស់វិនិយោគិនចូលមកកម្ពុជាឡើងវិញផងដែរ ដើម្បីត្រៀមខ្លួនក្នុងការបន្តដំណើរការវិនិយោគលើអចលនទ្រព្យគម្រោងធំៗក្នុងប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here