ដោយៈ សុផារី
ភ្នំពេញៈ ខុនដូ ជាចំណែកទីផ្សារដ៏មានសក្តានុពល ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។
អ្នកជំនាញទីផ្សារខុនដូបានមានប្រសាសន៍ថា កត្តាសំខាន់ៗចំនួនពីរយ៉ាង ដែលជួយជំរុញឱ្យការវិនិយោគ លើវិស័យខុនដូទទួលបានភាពល្អប្រសើរសម្រាប់ពេលអនាគត។
លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia នៅក្នុងកម្មវីធីសន្និបាតធុរកិច្ចប្រចាំឆ្នាំរបស់ក្រុមហ៊ុន ERA Cambodia កាលពីចុងសប្តាហ៍កន្លងមកថា ទីផ្សារខុនដូជាការអភិវឌ្ឍសម្រាប់រយៈពេលវែង ដោយសារជីវភាព កាន់តែធូរធាររបស់ប្រជាជនកម្ពុជា ហើយលំហូរវិនិយោគទុនបរទេសក៏មានភាពល្អប្រសើរ ដែលកត្តាទាំងនេះ នឹងធ្វើឱ្យការវិនិយោគលើវិស័យខុនដូ ទទួលបានភាពល្អប្រសើរ ហើយពេលនេះជាឱកាសសម្រាប់វិនិយោគិនក្នុងស្រុក ងាកមកវិនិយោគលើទីផ្សារខុនដូ។
លោកបានលើកឡើងថា “ទីផ្សារខុនដូ ជាការអភិវឌ្ឍសម្រាប់រយៈពេលវែង ហើយជាជម្រើសល្អ សម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងវិនិយោគិនបរទេស”។លោកបន្តថា “ម្យ៉ាងដោយសារកំណើនពលរដ្ឋកម្ពុជា មានកម្រិតជីវភាពធូរធានឹងបន្តកើនឡើង រួមទាំងការកើនឡើងនៃលំហូរវិនិយោគពីក្រៅប្រទេស និងជនបរទេស ដែលមកប្រកបកិច្ចការ និងធ្វើការធុរកិច្ចនៅកម្ពុជា”។
យោងតាមការបញ្ជាក់របស់អ្នកជំនាញរូបនេះ បានឱ្យដឹងថា តម្លៃខុនដូនៅកម្ពុជា អាចមានអត្រាកំណើនជាមធ្យម១៥ភាគរយក្នុងមួយឆ្នាំ ហើយបើប្រៀបធៀប ជាមួយប្រទេសមួយចំនួនក្នុងតំបន់អាស៊ី អត្រានេះគឺជាអត្រានៃផលចំណេញខ្ពស់។ លោកថា បច្ចុប្បន្នការផ្គត់ផ្គង់ខុនដូ នៅរាជធានីភ្នំពេញមានប្រហែល៣ម៉ឺនយូនីត ឬស្មើនឹងជិត១០០អគារ ចំនួននេះត្រូវបានប៉ាន់ប្រមាណថា នឹងកើនដល់ប្រមាណ៨ម៉ឺនយូនីត នៅឆ្នាំ២០២៥។
លោកក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគ ជ្រើសរើសខុនដូជាជម្រើសវិនិយោគក្នុងពេលបច្ចុប្បន្ននេះ ដោយធ្វើការជាមួយភ្នាក់ងារជំនាញប្រឹក្សាយោបល់ ដើម្បីសម្រេចចិត្តវិនិយោគឱ្យបានត្រឹមត្រូវ។
លោកបញ្ជាក់ថា “ស្ថានភាពបច្ចុប្បន្ន ជាឱកាសដ៏ល្អសម្រាប់ការជ្រើសរើសវិនិយោគលើខុនដូ ព្រោះមានគម្រោងជាច្រើនផ្តល់លក្ខខណ្ឌទូទាត់បត់បែន ថែមទាំងលក់បញ្ចុះតម្លៃជាច្រើន ដើម្បីទាញយកផលចំណេញពីការវិនិយោគ”៕