ទីផ្សារអចលនទ្រព្យនៅវៀតណាមអាចប្រឈមនឹងហានិភ័យនៃវិបត្តិសេដ្ឋកិច្ចកាន់តែខ្ពស់នៅឆ្នាំ២០២៣

0

ដោយ: លាងហួរ

ហាណូយ: លោក Le Hoang Chau ប្រធានសមាគមអចលនទ្រព្យទីក្រុងហូជីមិញ (HoREA)បាននិយាយថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យវៀតណាមជាច្រើន កំពុងកាត់បន្ថយអាជីវកម្មរបស់ពួកគេ ដូចដែលយើងអាចមើលឃើញរួមមានការផ្អាកការវិនិយោគ ឬការពន្យារពេលសាងសង់គម្រោងនានា។

លោកបានបន្ថែមថា ពួកគេក៏បានបញ្ឈប់ ការដាក់ចេញនូវគម្រោងថ្មីៗ និងការចេញភាគហ៊ុនថ្មី ហើយសកម្មភាពបែបនេះ នឹងជះឥទ្ធិពលដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច និងកាត់បន្ថយប្រាក់ចំណូលរបស់រដ្ឋាភិបាល។

លោក Chau បាន​និយាយ​ថា “បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍​អចលនទ្រព្យ​ជាច្រើន បាន​នឹង​កំពុង​កាត់​បន្ថយ​កម្លាំង​ពលកម្ម ​របស់​ពួកគេ​ខ្លះ​រហូត​ដល់ទៅ៥០ភាគរយ”។

ជាមួយនឹងកូតាឥណទានរបស់ធនាគារពេញលេញ និងការគ្រប់គ្រងកាន់តែតឹងរ៉ឹង លើទីផ្សារមូលបត្របំណុល ក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យត្រូវការដើមទុន ហើយត្រូវតែខ្ចីពីអ្នកឱ្យខ្ចីក្រៅផ្លូវការ ក្នុងអត្រាការប្រាក់ខ្ពស់ (រហូតដល់៤០ ទៅ៥០ភាគរយនៃតម្លៃកិច្ចសន្យា) ដែលមានន័យថាគម្រោ​ងនាពេលអនាគតមានហានិភ័យខ្ពស់។

លោកបានបន្ថែមថា ស្របពេលមានការធ្លាក់ចុះ នៃសេដ្ឋកិច្ចពិភពលោក និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ដែលត្រូវបានរំពឹងទុកថា អាចនឹងកើតឡើងនៅឆ្នាំក្រោយ ទីផ្សារអចលនទ្រព្យរបស់វៀតណាម អាចនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាងនេះទៅទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here