អគ្គលេខាធិការអង្គការសហប្រជាជាតិបានផ្តល់សារដ៏កក់ក្តៅដល់កម្ពុជា

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លោកAntonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានអះអាងថា នឹងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីជួយដល់កម្ពុជា។

នៅក្នុងជំនួបនោះសម្ដេចតេជោ និងលោកAntonio Guterres បានពិភាក្សាគ្នាលើប្រធានបទចំនួន ៣ រួមមាន ទី១ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទី២ ការចូលរួមរបស់កម្ពុជា ក្នុងកិច្ចការអង្គការសហប្រជាជាតិ និងប្រធានបទ និងទី៣ ការប្ដេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិចំពោះកម្ពុជា។

ប្រធានបទទី១ លោកបានសម្ដែងនូវការអបអរសាទរ ជូនចំពោះសម្ដេ​ចតេជោ ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័យ។ លោកបានបន្តដែរថា ចំពោះទស្សនៈរបស់អង្គការសហប្រជាជាតិ កិច្ចប្រជុំអាស៊ាន-យូអិន គឺទទួលបានជោគជ័យយ៉ាងខ្លាំង ។

ប្រធានបទទី២ សម្ដេចតេជោបានមានប្រសាសន៍ថា កិច្ចសហប្រតិ​បត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិ គឺល្អបំផុត។​​ ​កម្ពុជា និងអង្គការសហប្រជាជាតិ បានសហការគ្នា បង្កើតតុលាការកូនកាត់ ដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម ទទួលបាន​​​ជោគជ័យ និងអាចចាត់ទុកបានជាគំរូ។ កម្ពុជា បានបញ្ជូនកម្លាំងការពារសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដើម្បីធ្វើ​​​ការងារ​​​​មនុស្សធម៌ និងមានកិច្ចប្រជុំជាមួយភ្នាក់ងារអង្គការសហប្រជាជាតិជាប្រចាំ។

ពាក់ព័ន្ធនិងករណីនេះ លោកបានមាន​​​ប្រសាសន៍ថា “ខ្ញុំពិតជាមានមោទនភាពណាស់ ចំពោះកម្លាំងការពារសន្តិភាពរបស់កម្ពុជា ពួកគាត់ធ្វើការបាន​​​ល្អជាទី​​​បំផុត”​​​​។ លោកបន្ថែមថា “រាល់ទីកន្លែងដែលពួកគាត់បានទៅធ្វើប្រតិបត្តិការ ពួកគាត់រមែងទទួលបាននូវការគោរព​​​​ស្រលាញ់ តាមរយៈកិច្ចការរបស់គាត់ ដែលបានធ្វើអស់ពីកាយចិត្ត និងប្រកបដោយវិជ្ជាជីវៈ”។

ប្រធានបទទី៣ លោកAntonio បានគោរពជម្រាបជូនសម្ដេចតេជោថាអង្គការសហប្រជាជាតិ នឹងធ្វើអ្វីៗគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីជួយដល់កម្ពុជា រួមទាំងទទួលយកនូវសំណើរបស់សម្ដេចតេជោ ស្នើសុំឲ្យបញ្ចូលបញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះ ទៅក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្ស៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here