ដោយៈ វឌ្ឈនៈ
ភ្នំពេញៈ ថ្វីត្បិតតែក្នុងឆ្នាំ២០២២នេះ គេមើលឃើញថាវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា មានការថមថយបន្តិចក្ដី ធៀបនឹងឆ្នាំមុនៗ ប៉ុន្តែយ៉ាងណាក្ដីការសាងសង់អគារខ្ពស់ ដែលមានកំពស់ចាប់ពី៥ជាន់ឡើងទៅនៅតែមានសម្រាប់ឆ្នាំ២០២២នេះ។
ជាក់ស្ដេងរយៈពេល៩ខែនេះ ក្រសួងរៀបដែនដីនគរូបនីយកម្ម និងសំណង់ បានផ្ដល់លិខិតអនុញ្ញាតឱ្យសាងសង់ អគារខ្ពស់ចំនួន៩៨គម្រោងក្នុងនោះដែរតំបន់៣នៅកម្ពុជា ទទួលបានគម្រោងសាងសង់អគារខ្ពស់ច្រើនជាងគេក្នុងរយៈ៩ខែនេះ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឱ្យដឹងថា រយៈពេល៩ខែ ក្រសួងបានចេញលិខិតអនុញ្ញាតឱ្យសាងសង់អគារខ្ពស់ចំនួន១០០អគារ ស្មើនឹង៩៨គម្រោងក្នុងនោះដែរ រាជធានីភ្នំពេញ និងខេត្តចំនួន២ទៀតទទួលបានគម្រោង សង់អគារខ្ពស់ច្រើនជាងគេ។
ខេត្តចំនូនពីរទៀតនោះ រួមមាន ខេត្តព្រះសីហនុ និងទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយរាជធានីភ្នំពេញមាន៦៣គម្រោង ខេត្តព្រះសីហនុ១១គម្រោងនិងបន្ទាយមានជ័យ១២គម្រោង។
លោកលាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ឱ្យដឹងថា តាមរយៈកំណើននៃការសាងសង់ នៅក្នុងប្រទេសកម្ពុជារយៈកន្លងមក នាំឱ្យមានតម្រូវការលើសម្ភារៈសំណង់ បរិក្ខារសំណង់ និងបច្ចេកវិទ្យាសំណង់ ដែលក្នុងនោះចាំបាច់ ត្រូវមានស្ដង់ដារត្រឹមត្រូវអនុលោមតាមបទប្បញ្ញតិ្ត បច្ចេកទេសសំណង់ ដើម្បីធានាគុណភាពសំណង់និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់សំណង់ ។
អ្នកនាងជិន ច័ន្ទដាលុច្សប្រធានផ្នែកវាយតម្លៃ នៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងផងដែរថា សកម្មភាពនៃការសាងសង់នៅក្នុងប្រទេសកម្ពុជានៅក្នុងវិបត្តិកូវីដ១៩ រហូតមកដល់បច្ចុប្បន្ននេះ មិនមែនអត់មានសកម្មភាពទាំងស្រុងនោះទេ តែសកម្មភាពបានថមថយ បើធៀបនឹងរយៈពេលមុនវិបត្តិកូវីដ១៩។ យ៉ាងណាក្ដីការអភិវឌ្ឍ ដែលធ្វើឡើងដោយវិនិយោគិនក្នុងស្រុក បានជួយឱ្យសកម្មភាពនៃវិនិយោគអចលនទ្រព្យ នៅតែមានដំណើរការទៅមុខ ។
ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងផងដែរថា ការវិនិយោគរបស់វិនិយោគិនក្នុងស្រុក បានជួយធ្វើឱ្យសកម្មភាព នៃការវិនិយោគក្នុងប្រទេសកម្ពុជាមិនធ្លាក់ចុះខ្លាំងពេក ឬក៏អាចជួយធ្វើឱ្យកំណើននៃការវិនិយោគនៅតែបន្តទៅមុខទៀត ក្នុងខណៈកម្ពុជានិងបណ្ដាប្រទេសជាច្រើន បានរងនូវបញ្ហាប្រឈមនឹងសេដ្ឋកិច្ច។
យ៉ាងណាក្ដី អ្នកជំនាញនៃវិស័យអចលនទ្រព្យ បានបង្ហាញពីសុដ្ឋិនិយមខ្ពស់ ចំពោះការវិនិយោគអចលនទ្រព្យ នៅឆ្នាំ២០២៣ និងឆ្នាំ២០២៤ខាងមុខ ខណៈកម្ពុជាបានរៀបចំ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើន ដែលជាកត្តាទាក់ទាញវិនិយោគិននិងទេសចរបរទេស៕