អ្នកជំនាញបង្ហើបពីកត្តាមួយចំនួនដែលកម្ពុជានៅតែទទួលបានផលចំណេញខ្ពស់ពីការវិនិយោគ

0

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ បើទោះជាស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកមិនទាន់ត្រឡប់ទៅរកប្រក្រតីភាពវិញក្តី អ្នកជំនាញមើលឃើញថា ការវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅតែអាចទទួលបានប្រាក់ចំណេញខ្ពស់ បើធៀបនឹងប្រទេសផ្សេងៗ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការវិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា នៅតែអាចផ្តល់ប្រាក់ចំណេញដល់អ្នកវិនិយោគ។ បើប្រៀបធៀបនឹងប្រទេសជាច្រើននៅលើពិភពលោក ការវិនិយោគអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា អាចផ្តល់ប្រាក់ចំណេញត្រលប់មកវិញខ្ពស់ជាងប្រទេសផ្សេងៗទៀត។

លោកបន្តថា “តាមរយៈបទពិសោធន៍ធ្វើដំណើរ ទៅកាន់ប្រទេសជាច្រើន នៅលើពិភពលោក រួមទាំង សហរដ្ឋអាមេរិក ជប៉ុន និងប្រទេសរីកចម្រើនជាច្រើន លោកសង្គេតឃើញថា ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសទាំងនោះ ទទួលបានប្រាក់ចំណូលទាប ធៀបនឹងប្រទេសកម្ពុជា ដែលការវិនិយោគមានសុខសុវត្ថិភាព និងមានការជឿជាក់ផងដែរ”។

លោកបន្ថែមថា “កម្ពុជានៅតែមានសក្ដានុពលខ្ពស់ ក្នុងការវិនិយោគ និងអាចទទួលបានប្រាក់ចំណេញ ប៉ុន្តែកម្ពុជាមិនត្រូវបានគេផ្សព្វផ្សាយឱ្យបានដឹងនោះទេ។ ប្រសិនជាគេផ្សព្វផ្សាយពីភាពវិជ្ជមានរបស់កម្ពុជា យើងជឿជាក់ថា វិនិយោគិនបរទេសនឹងចូលមកកម្ពុជា ដើម្បីស្វែងរកការវិនិយោគ និងយកប្រាក់ចំណូលត្រលប់ទៅប្រទេសគេវិញ និងនាំមកនូវការរីកចម្រើ​ន ក្នុងប្រទេសកម្ពុជាផងដែរ”។

ជាមួយគ្នានេះ អ្នកនាង អាន សុធីតា អគ្គនាយិកានៃក្រុមហ៊ុន PropNex Cambodia ក៏បានលើកឡើងផងដែរថា ទោះបីជាស្ថានភាពបច្ចុប្បន្ន វិស័យអចលនទ្រព្យមើលទៅអាចមានការថមថយ ជាងឆ្នាំ២០២០ និង២០២១ និងឆ្នាំមុនៗទៀតក៏ពិតមែន ប៉ុន្តែសម្រាប់វិនិយោគិន ដែលបណ្ដាក់ទុនវិនិយោគ លើវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ពួកគាត់នឹងនៅតែទទួលបាននូវប្រាក់ចំណេញខ្ពស់ដដែល។

អ្នកនាងបន្តថា  “យើងនៅតែជឿជាក់លើការរីកចម្រើន នៃវិស័យអច​ល​នទ្រព្យ ក្នុងប្រទេសកម្ពុជា ពីព្រោះយើងនៅមានភាពទូលំទូលាយសម្រា​ប់អភិវឌ្ឍន៍ បើធៀបនឹងប្រទេសក្នុងតំបន់និងពិភពលោក”។ អ្នកនាងបន្តថា “សេដ្ឋកិច្ចរបស់យើងនៅតែមានការរីកចម្រើន ពាណិជ្ជកម្មរបស់យើងនៅតែប្រសើរ ផលចំណេញពីការវិនិយោគនៅតែខ្ពស់ ធៀបនឹងប្រទេសក្នុងតំប​ន់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here