ដោយ: លាងហួរ
ហុងកុង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ចិន China Evergrande Group គ្រោងប្រើប្រាស់ឥណទានក្នុងស្រុក ដល់ម្ចាស់បំណុលនៅក្រៅប្រទេស ដើម្បីស្នើសុំរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ក្រោយពួកគេបានរង់ចាំអស់ពេលជាយូរណាស់មកហើយ។ នេះបើយោងតាមមនុស្ស២នាក់ ដែលមានចំណេះដឹងអំពីបញ្ហានេះ បានប្រាប់សារពត៌មានរ៉យទ័រ។
ក្រុមហ៊ុនEvergrande ដែលជាប់បំណុលជាង៣០០ពាន់លានដុល្លារ គ្រោងចាប់ផ្តើមការចរចារអំពីលក្ខខណ្ឌ នៃការរៀបចំរចនាសម្ព័ន្ធឡើងវិញនៅខែក្រោយ ហើយក្រុមហ៊ុននេះកំពុងស្វែងរកឥណទាន ក្នុងស្រុកដើម្បីផ្តល់ឥណទានបន្ថែម ដល់ម្ចាស់មូលបត្របំណុលដែលតំណាងដោយប្រាក់ដុល្លារអាមេរិក។
ក្រុមហ៊ុន Evergrande បានស្ថិតក្នុងវិបត្តិបំណុលអចលនទ្រព្យកាន់តែជ្រៅ ហើយក៏ដូចជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ជាច្រើនផ្សេងទៀតដែលបានខកខានសងបំណុល នៅក្រៅប្រទេសកាលពីឆ្នាំមុន ដោយបន្សល់ទុកឱ្យមានការចរចារឡើងវិញ នូវរចនាសម្ព័ន្ធបំណុលជាច្រើន។
ខណៈដែលក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើន កំពុងជួបការលំបាកក្នុងការស្វែងរកមូលនិធិដើម្បីបញ្ចប់គម្រោង និងបង់ប្រាក់ឱ្យអ្នកផ្គត់ផ្គង់ រដ្ឋាភិបាលក្រុងប៉េកាំង បានចេញស្ថាប័នហិរញ្ញវត្ថុ ជាមួយនឹងការណែនាំមួយចំនួនដើម្បីសម្រួលដល់បញ្ហាសាច់ប្រាក់ងាយស្រួល ដូចជាការផ្តល់ការពន្យាពេលសងប្រាក់កម្ចីជាដើម។
ជាមួយនឹងជម្រើសផ្តល់មូលនិធិថ្មីៗមួយចំនួន និងការបន្ថយការលក់អចលនទ្រព្យ ក្រុមហ៊ុន Evergrande បានចាប់ផ្តើមដំណើរការរៀបចំរចនាសម្ព័ន្ធបំណុលដ៏ធំបំផុតមួយនៅឆ្នាំ២០២២នេះ។
បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសចិន រួមទាំងក្រុមហ៊ុន Evergrande ដែលបានជំពាក់បំណុលច្រើនជាងគេបំផុត ក្នុងពិភពលោក ជាធម្មតាមានទ្រព្យសម្បត្តិតិចតួចនៅបរទេស ដែលអាចប្រើប្រាស់ក្នុងការរៀបចំរចនាសម្ព័ន្ធ បំណុលនៅក្រៅប្រទេសបាន។ ប្រសិនបើផែនការប្រើប្រាស់ទ្រព្យសកម្ម ក្នុងស្រុកលេចចេញជារូបរាង និងត្រូវបានទទួលយកដោយម្ចាស់ប័ណ្ណបំណុលនៅក្រៅប្រទេស Evergrande នឹងក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍ចិនដំបូងគេ ដែលប្រើទ្រព្យសម្បត្តិទាំងនោះ ដើម្បីបង្កើនក្តីសង្ឃឹមនៃការស្តារឡើងវិញ នូវការវិនិយោគរបស់ម្ចាស់បំណុល៕