អ្នកជំនាញអន្តរជាតិៈ គោលការណ៍”ឃ្លាំងឆ្លាតវៃ”ទទួលការចាប់អារម្មណ៍លើការជំរុញការអភិវឌ្ឍអចលនទ្រព្យបែបឧស្សាហកម្ម

0

ដោយៈ សុផារី

ភ្នំពេញៈ អ្នកជំនាញអន្តរជាតិលើកឡើងថា បញ្ហាប្រឈមនៃទីផ្សារភស្តុភារ និងវិស័យអចលនទ្រព្យឧស្សាហកម្មរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ និងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ គឺកង្វះខាតផែនការជាក់លាក់ និងហេដ្ឋារចនាសម្ព័ន្ធ ដែលមិនអនុលោមតាមគោលការណ៍ ESG ដែលនេះទាមទារឱ្យមានការអនុវត្ត នូវការប្រើប្រាស់ភាពបៃតង និងគោលការណ៍ESG ភ្ជាប់ជាមួយនឹងគោលការណ៍ឃ្លាំងឆ្លាតវៃ។

យោងតាមការស្រាវជ្រាវ របស់ក្រុមហ៊ុនអចលនទ្រព្យCBREស្តីពី ទស្សនវិស័យក្នុងតំបន់ ចេញផ្សាយកាលពីសប្តាហ៍កន្លងមក បានមានបង្ហា​ញឱ្យដឹងថា “អ្នកវិនិយោគបានបង្កើនការវិនិយោគរបស់ពួកគេ នៅក្នុងទីផ្សារឃ្លាំងជួល ហើយទាញយកឱកាសបន្ថែម ពីការទទួលយកបច្ចេកវិទ្យា ឃ្លាំងឆ្លាតវៃ “Smart Warehouse” ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងសមត្ថភាពផ្ទុក”។

ឃ្លាំងឆ្លាតវៃ “Smart Warehouse” កំពុងទទួលបានកំណើនការចាប់អារម្មណ៍ខ្ពស់ ភ្ជាប់ជាមួយកន្លែងដឹកជញ្ជូនថ្មី ជាមួយនឹងលក្ខណៈពិសេ​សទំនើបៗ ដូចជា ការធ្វើពិដានខ្ពស់ ដើម្បីបំពាក់ប្រព័ន្ធតាមដានស្វ័យប្រវត្តិ តំបន់ផ្ទុកទំនិញ ការដំឡើងឧបករណ៍បំរុងថាមពល សម្រាប់បច្ចេកវិទ្យាក្នុងឃ្លាំង និងកន្លែងផ្ទុកទំនិញត្រជាក់”។

លោក Lawrence Lennon អគ្គនាយកក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា “ក្នុងទីផ្សារនេះ កាន់តែមានការចាប់អារម្មណ៍ខ្លាំងលើបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។ ការស្ទាបស្ទង់មតិលើអ្នកគ្រប់គ្រងទីផ្សារភស្តុភារ នៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ២០២១ របស់ CBRE បានរកឃើញថា ចំនួន៦៧%នៃម្ចាស់អចលនទ្រព្យ យល់ថា ភាពបៃតង ឬនិរន្តរភាព នឹងកាន់តែលេចធ្លោនៅក្នុងទីផ្សារការដឹកជញ្ជូន នាពេលអនាគត”។

លោកបន្តថា “ការផ្តោតលើភាពបៃតង និងប្រភពថាមពល ដែលនឹងសង្កត់ធ្ងន់កាន់តែខ្លាំងទៅលើសង្គម និងអភិបាលកិច្ចលើផ្នែកប្រតិបត្តិការ ដូចជាកម្មវិធីសុវត្ថិភាព និងសុខភាពនៅនឹងកន្លែង”។

ជាមួយគ្នានេះ លោក Charles Esterhoy នាយកប្រតិបត្តិនៃក្រុមហ៊ុន Worldbridge Industrial Developments បានមានប្រសាសន៍ក្នុងសប្តាហ៍កន្លងមកថា “ដោយសារតែប្រទេសកម្ពុជា មិនមានប្រវត្តិឧស្សាហូបនីយកម្ម នេះជាបញ្ហាប្រឈម ប៉ុន្តែអ្នកក៏អាចមើលថា នេះក៏ជាឱកាសចាប់ផ្តើមការវិនិយោគដ៏ល្អផងដែរ”។

លោក Charles បាននិយាយថា “សម្រាប់ប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញរបស់ខ្លួន កម្ពុជាត្រូវការវិធីសាស្រ្តផ្សេង។ តាមគំនិតរបស់ខ្ញុំ វិធីសាស្រ្តគំនិតបែប៤.០ សំដៅលើការធ្វើវិមជ្ឈការអភិវឌ្ឍន៍ និងហេដ្ឋារចនាសម្ព័ន្ធ ដែលស្របទៅនឹងតម្រូវការ ESGជាជម្រើសមួយ”។

លោកបានបន្ថែមថា សក្តានុពលដ៏ធំបំផុតរបស់កម្ពុជា គឺប្រជាសាស្រ្តវ័យក្មេង និងរឹងមាំ ប៉ុន្តែនេះជាទំនួលខុសត្រូវថ្មី ក្នុងការធានាថា ដំណើរការ និងផ្នត់គំនិតចាស់ៗ មិនត្រូវបានបញ្ជូនទៅមនុស្សជំនាន់ក្រោយ ខណៈដែលពិភពលោកខាងក្រៅកំពុងតែផ្លាស់ប្តូរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here