ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ប្រជាជននឹងទះដៃអបអរសាទរ ប្រសិនបើ់ស្ពានតភ្ជាប់ទៅកាន់តំបន់នេះ បើកការដ្ឋានសាងសង់កាន់តែឆាប់។
ទឹកដីអរិយក្សត្រ ដែលស្ថិតក្នុងស្រុកល្វាឯម ជាតំបន់មួយដែលព័ទ្ឋជុំវិញដោយទន្លេមេគង្គលើ មេគង្គក្រោម និងទន្លេចតុមុខ ប៉ុន្តែភាពអំណោយផលនៃទីតាំងភូមិសាស្រ្តនេះ មិនទាន់ធ្វើឲ្យតំបន់នេះ រីកចម្រើនដូចទិសផ្សេងៗទៀត នៃរាជធានីភ្នំពេញនៅឡើយ៊។
ឧបសគ្គនៅត្រង់ថា “ស្ពានតភ្ជាប់ទៅកាន់តំបន់នេះ មិនទាន់បើកការដ្ឋាន”។
ប៉ុន្តែអ្វីៗកាន់តែមានសង្ឃឹម ដោយនៅក្នុងជំនួបជាមួយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon បានប្រកាសគាំទ្រលើគំរោងសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េ ដែលលោកបានចាត់ទុកថា “វាធ្វើឲ្យទំនាក់ទំនងមិត្តភាពរវាងកូរ៉េ និងកម្ពុជាកាន់តែរ៉ឹងមាំ”។
ការប្រកាសសាងសង់ស្ពានតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់តំបន់នេះ បានធ្វើឲ្យប្រជាជនជាច្រើន ទទួលផលពីគំរោងនេះ តាមរយៈការឡើងថ្លៃដីធ្លី អត្រាមានការងារធ្វើរបស់ប្រជាពលរដ្ឋ ក្នុងតំបន់កើនឡើង អ្នកអភិវឌ្ឍន៍ធំៗបានទិញដី និងសាងសង់បុរី លំនៅដ្ឋាននៅតំបន់នេះជាបន្តបន្ទាប់ ដូចជា បុរីវីឡាទួលសង្កែអរិយក្សត្រ ដែលត្រៀមបើកដំណើរការផ្សារទំនើបបែបសហគមន៍ដំបូងគេនៅតំបន់នេះ គឺAK Avenue ។
លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltdបានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា ការឡើងថ្លៃដីបានកើនឡើងខ្ពស់នៅតំបន់អរិយក្សត្រ និងតំបន់ជុំវិញ ដោយសារសក្តានុពលនៃទីតាំងនេះ និងគំរោងសាងសង់ស្ពានតភ្ជាប់ពីផ្សាររាត្រីទៅកាន់តំបន់នេះនឹងធ្វើឡើងនាពេលខាងមុខ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនធ្លាប់បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោងសាងសង់ស្ពានតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ នឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២៣ខាងមុខនេះ ស្របពេលថវិកាបានទទួលការអនុម័តពីថរដ្ឋាភិបាលកូរ៉េរួចហើយ។
អ្នកតាមដានដំណើរវិវត្តន៍នៃសេដ្ឋកិច្ច សង្គម ពិសេសវិស័យអចលនទ្រព្យ លោកយិន លាងគង់អគ្គនាយកគេហទំព័រPropertyarea.asiaបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២១ វិច្ឆិកានេះថា ការរីកចម្រើនតំបន់មួយ វាអាស្រ័យលើគោលនយោបាយរបស់រដ្ឋាភិបាល និងលក្ខខ័ណ្ឌរបស់តំបន់និមួយៗ ហើយបើនិយាយពីតំបន់អរិយក្សត្រ វាជាតំបន់មួយដែលមានចម្ងាយពីរាជធានីភ្នំពេញជិតជាងគេ ធៀបនឹងតំបន់ដទៃទៀត ជាតំបន់មានមនុស្សរស់នៅច្រើន ជាតំបន់ដែលមានលក្ខខ័ណ្ឌភូមិសាស្រ្ត អំណោយផលដល់ការរស់នៅ ហេតុនេះការរីកចម្រើនតំបន់នេះលឿន ឬយឺត វាអាស្រ័យលើសក្តានុពលតំបន់នេះ និងការសាងសង់ស្ពាន។
លោកបន្តថា “នៅពេលយើងនិយាយល្អពីតំបន់ណាមួយ ក្នុងនាមអ្នកតាមដានការអភិវឌ្ឍគេអាចគិតថា ខ្ញុំមានដីនៅតំបន់នេះ ឬតំបន់នោះ ប៉ុន្តែការវិភាគរបស់យើង គឺឈរលើមូលដ្ឋានតថភាព និងវិទ្យាសាស្រ្ត”៕