ដោយៈ សុផារី
ភ្នំពេញៈ ក្រុមហ៊ុនលំដាប់ពិភពលោក Accor បាននិងកំពុងនាំយកនូវយីហោសណ្ឋាគារលំដាប់ផ្កាយ៤ Mercure Phnom Penh Boeung Keng Kang I) មកកាន់ប្រទេសកម្ពុជា ដែលនឹងជួយជំរុញឱ្យការផ្គត់ផ្គង់នៃទីផ្សារមួយនេះកាន់តែមានកំណើនខ្ពស់។
សណ្ឋាគារលំដាប់ផ្កាយ៤នេះ ត្រូវបានសាងសង់នៅក្នុងសង្កាត់បឹងកេងកង១ កណ្ដាលរាជធានីភ្នំពេញ និងមានចំនួន២០០បន្ទប់ ហើយគ្រោងបើកដំណើរការនៅក្នុងឆ្នាំ២០២៧ ដែលនឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមជួយដល់កំណើនសេដ្ឋកិច្ចជាតិ និងទីផ្សារបដិសណ្ឋារកិច្ចកម្រិតពិភពលោក។
លោក Andrew Langdon ប្រធានផ្នែកអភិវឌ្ឍន៍ក្រុមហ៊ុន Accor មានប្រសាសន៍ឱ្យដឹងថា ប្រទេសកម្ពុជា គឺជាទិសដៅដ៏សំខាន់របស់ក្រុមហ៊ុន Accor ដោយហេតុថា កំណើនសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធនានា និងវិស័យទេសចរណ៍កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។
ក្រុមហ៊ុន Accor គឺជាចង្កោមក្រុមហ៊ុនបដិសណ្ឋារកិច្ច ឈានមុខមួយនៅលើពិភពលោក ដែលមានសរុបរហូតដល់៥.៣០០សណ្ឋាគារ នៅក្នុងប្រទេសចំនួន១១០លើពិភពលោក។
ក្នុងទ្វីបអាស៊ី Accor គឺជាក្រុមហ៊ុនអន្តរជាតិធំជាងគេ ដែលមានសណ្ឋាគារសរុបរហូតដល់៣៧០លើផ្លាកយីហោ រហូតដល់ចំនួន១៩ ស្ថិតនៅក្នុងប្រទេស១២។
ការសិក្សាស្តីពីទីផ្សារសណ្ឋាគារក្នុងក្រុងភ្នំពេញ របស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា ការផ្តត់ផ្គង់សណ្ឋាគារនៅក្នុងទីក្រុងភ្នំពេញ មានកំណើនជាមធ្យមចំនួន១៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះជាកំណើនខ្ពស់មួយ។ សម្រាប់ឆ្នាំ២០២២ នឹងមានការផ្គត់ផ្គត់ចំនួន១៤០០បន្ទប់បន្ថែមចូលទៅក្នុងទីផ្សារ ដែលធ្វើឱ្យការផ្គត់ផ្គង់ទីផ្សារសរុបមានការកើនឡើងច្រើនជិត១៣.០០០បន្ទប់។
ក្រោយធូរស្បើយពីវិបត្តិកូវីដ១៩ ទីផ្សារសណ្ឋាគារកម្ពុជា ចាប់ផ្តើមងើបឡើងវិញបណ្តើរៗ ជាពិសេសសម្រាប់ប្រភេទសណ្ឋាគារ កម្រិតផ្កាយ៣និងផ្កាយ៤៕