ដោយ៖ សុផារី
ភ្នំពេញ៖ ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ខាងមុខនេះ ប្រទេសកម្ពុជាបានកំពុងត្រៀមខ្លួនយ៉ាងសស្រាក់សស្រាំ ទាំងលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកសាងសមត្ថភាពអត្តពលិក និងថវិកាជាតិ សម្រាប់ការចំណាយលើព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
អ្នកជំនាញមើលឃើញថា តាមរយៈភាពជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម គឺជាគន្លឹះក្នុងការទាក់ទាញឱកាសវិនិយោគ និងអ្នកវិនិយោគអន្តរជាតិ និងក្នុងតំបន់ ដែលមានសក្តានុពលនៅក្នុងទីផ្សារអចលនទ្រព្យ។
កញ្ញា មុំ សុធាវត្តី អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុនអចលនទ្រព្យ FazWaz Cambodia មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ការធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមនឹងផ្តល់អត្ថប្រយោជន៍ទាំងរយៈពេលខ្លី និងរយៈពេលវែង ដល់វិស័យជាច្រើន នៅក្នុងប្រទេសកម្ពុជា ដូចជា ទីផ្សារសណ្ឋាគារ អចលនទ្រព្យ ទេសចរណ៍ កន្លែងកំសាន្ត ជាដើម។
កញ្ញាមានប្រសាសន៍ថា ក្នុងរយៈពេលខ្លី ទីផ្សារមួយចំនួន ដូចជា សណ្ឋាគារ និងកន្លែងស្នាក់នៅ ភោជនីយដ្ឋាន និងបារ នឹងទទួលបានអត្ថប្រយោជន៍ភ្លាមៗពីលំហូរនៃភ្ញៀវ ប្រព័ន្ធផ្សព្វផ្សាយ និងអត្តពលិក។
ចំណែក ទីផ្សារអចលនទ្រព្យ អ្នកជំនាញរូបនេះបញ្ជាក់ថា នឹងទទួលបានអត្ថប្រយោជន៍ក្នុងរយៈពេលវែង។ កញ្ញាបញ្ជាក់ថា “ផលប្រយោជន៍ចំពោះអចលនទ្រព្យនឹងកើតឡើង ដោយសារតែការផ្សព្វផ្សាយព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ក្នុងអំឡុងពេលការប្រកួត និងទស្សនិកជនអន្តរជាតិ និងអ្នកទស្សនា រំពឹងថានឹងចូលមកកាន់ប្រទេសកម្ពុជា រួមទាំងលំហូរនៃអ្នកវិនិយោគផងដែរ”។
អ្នកជំនាញរូបនេះលើកឡើងថា តាមរយៈនេះ តំបន់ជ្រោយចង្វារនឹងបន្តមានសន្ទុះកំណើនខ្ពស់ ជាមួយនឹងការអភិវឌ្ឍកើនឡើង។ ក្នុងរយៈពេលវែង តម្រូវការសម្រាប់ការរស់នៅក្នុងតំបន់ នៅក្បែរៗពហុកីឡដ្ឋានជាតិមរតកតេជោនឹងកើនឡើង ដែលនឹងមានការអភិវឌ្ឍចម្រុះកាន់តែច្រើន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ ដោយមានការគាំទ្រពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលជាការប្រកួតកម្រិតអន្តរជាតិដ៏ធំ ហើយជាកិត្តិយសជាប្រវត្តិសាស្រ្តមួយទៀត ក្នុងវិស័យកីឡា ដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល៦៤ឆ្នាំមកហើយ៕