ដោយៈ ជេស៊ីកា
កំពតៈ ក្រុមហ៊ុនបូកគោហ្វាម ជាបុត្រសម្ព័ន្ឋនៃក្រុមហ៊ុនសុខាគ្រុបរបស់អ្នកឧកញ៉ាសុខ គង់អគ្គនាយកក្រុមហ៊ុនសូគីម៉ិច បានសម្រេចបោះទុនវិនិយោគ៥លានដុល្លារ លើការដាំបន្លែលើភ្នំបូកគោ និងគ្រោងពង្រីកការវិនិយោគបន្ថែមទៀត។
អ្នកនាងសៀ ចាន់រ៉ានាយិកាផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុនបូកគោហ្វាមបានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុនបានវិនិយោគកសិដ្ឋានដាំបន្លែធម្មជាតិ លើកំពូលភ្នំបូកគោតាំងពីឆ្នាំ២០១២ ដោយដាំនៅលើដី ប៉ុន្តែចាប់ពីឆ្នាំ២០១៧ ក្រុមហ៊ុនបានកែប្រែជាHydroponic Farm ដែលជាការដាំបន្លែនៅលើទឹក ក្នុងទំហំផ្ទៃដីទំហំ១២ហិកតា។
អ្នកនាងបន្តថា “បន្លែដែលដាំនៅកសិដ្ឋាននេះ មានលក្ខណៈពិសេស ដោយមិនប្រើប្រាស់សារធាតុគីមី និងថ្នាំសម្លាប់សត្វល្អិតឡើយ ដោយយើងប្រើប្រាស់តែជីសរីរាង្គប៉ុណ្ណោះ”។ អ្នកនាងបន្ថែមថា “បន្លែដែលដាំនៅកសិដ្ឋាននេះមានគុណភាពខ្ពស់ មានរសជាតិឆ្ងាញ់ និងជួយដល់សុខភាពអ្នកបរិភោគ ព្រោះវាជាបន្លែដែលដាំនៅទីតាំងពិសេស មានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ ព្រោះវាស្ថិតនៅលើភ្នំមានកំពស់រហូតដល់១០៧៥ម៉ែត្រ”។
ជាមួយនឹងការដាំដោយយកចិត្តទុកដាក់ និងមានសំណាញ់សុវត្ថិភាពការពារមិនឲ្យសត្វល្អិតចូលបែបនេះ បានធ្វើឲ្យតម្រូវការនិងការបញ្ជាទិញពីអតិថិជនកើនឡើង ជាហេតុធ្វើឲ្យក្រុមហ៊ុនសិក្សា ពង្រីកទុនវិនិយោគបន្ថែមទៀត។នេះបើតាមការលើកឡើងរបស់អ្នកនាងសៀ ចាន់រ៉ា។
អ្នកនាងបន្តថា បន្លែដែលដាំនៅកសិដ្ឋានធម្មជាតិលើភ្នំបូកគោ មានចំនួនជាង៣០ប្រភេទ ដែលវាជាពូជបន្លែចម្រុះ និងប្រើប្រាស់សម្រាប់ចែកចាយនៅតាមសណ្ឋាគារទាំង៧ របស់ក្រុមហ៊ុនសុខាអូតែល និងចែកចាយទៅកាន់អតិថិជនបានប្រមាណ៨០ភាគរយ។ អ្នកនាងបន្តថា អតិថិជនអាចរកទិញបន្លែនេះ បាននៅតាមផ្សារទំនើបធំៗមួយចំនួន និងម៉ាតរបស់ក្រុមហ៊ុនសុខា ស្ថិតនៅលើផ្លូវក្រមួន “ស” ខាងជើងផ្សារធំថ្មីផងដែរ។
បច្ចុប្បន្នកសិដ្ឋាននេះ អាចប្រមូលផលបន្លែបាន១៥០០គីឡូក្រាមក្នុងមួយថ្ងៃ៕