កម្ពុជាពង្រឹងសមត្ថភាពកីឡាករដើម្បីឆ្ពោះទៅស្តង់ដាការប្រកួតកម្រិតតំបន់ និងត្រៀមដណ្តើមមេដាយនៅស៊ីហ្គេមឆ្នាំ២០២៣

0

ដោយៈ សុផារី

ភ្នំពេញៈ ប្រទេសកម្ពុជារៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិ ដើម្បីពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី និងអត្តពលិក ឆ្ពោះទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេលប្រមាណ៦៤ឆ្នាំមកហើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីប្រកាសបើកជាផ្លូវការ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានការចូលរួមសរុបជាង៤ម៉ឺននាក់។

ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា រៀបចំធ្វើឡើងលើកដំបូងនៅក្នុងឆ្នាំ២០១៦ ក្នុងគោលបំណងពង្រឹងសមត្ថភាពកីឡា​​ករ កីឡាការិនី និងអត្តពលិក ឆ្ពោះទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេលប្រមាណ៦៤ឆ្នាំមកហើយ។

ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង ប៉ុន្តែត្រូវបានខកខាននៅឆ្នាំ២០២០ ដោយសារតែការរាត ត្បាតជំងឺកូវីដ១៩ ហើយត្រូវបានរៀបចំឡើងមានលំនាំ ដូចនឹងការប្រកួតកីឡាស៊ីហ្គេមតែម្តង ដើម្បីពង្រឹងសមត្ថភាពគណៈកម្មការរៀបចំការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍។

ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ធ្វើឡើង ក្រោមពាក្យស្លោក “កីឡានាំមកនូវសន្តិភាពនិងការអភិវឌ្ឍ” មានរយៈពេលប្រមាណ ១២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា។

លោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ព្រឹត្តិការប្រកួតកីឡាជាតិ និងកីឡាជនពិការជាតិនេះ មានក្នុងគោលដៅលើកកម្ពស់គុណភាព នៃការរៀបចំការប្រកួតកម្រិតជាតិ និងឈានទៅរកស្តង់ដានៃការប្រកួតកម្រិតតំបន់ ព្រមទាំងដើម្បីត្រៀមលក្ខណៈឱ្យបានល្អ និងដណ្តើមមេដាយឱ្យបានច្រើន នៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

លោកបន្តថា ព្រឹត្តិការណ៍ក៏មានគោលបំណង ផ្តល់ឱកាសដល់សហព័ន្ធកីឡាជាតិទាំងអស់ អភិវឌ្ឍសមត្ថភាពមន្ត្រីបច្ចេកទេស ដែលបានបណ្តុះបណ្តាលរួចហើយ ដោយផ្តល់ ឱកាសដល់មន្ត្រីទាំងនោះបានចូលរួមក្នុងការរៀបចំ និងការកាត់សេចក្តីការប្រកួត ជាក់ស្ដែងនៅលើទីលានប្រកួត។

ព្រឹត្តិការណ៍នេះ ក៏ជាផ្តល់ឱកាសដល់កីឡាករ កីឡាការិនី បានចូលរួមប្រកួត និងវាស់ស្ទង់គុណផលកីឡា ព្រមទាំងទទួលបានបទពិសោធន៍នៃការប្រកួត ផ្តល់ឱកាសដល់រាជធានីខេត្តទាំង៥ ដើម្បីសាកល្បងរៀបចំទីតាំង សម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម តាមដាននិងត្រួតពិនិត្យការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា។ វាក៏ជាការសាកល្បងការរៀបចំពិធីបើក និងពិធីបិទ សម្រាប់ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here