ដោយៈ ជេស៊ីកា
ភ្នំពេញៈ ការវិនិយោគលើដីធ្លី ជាការវិនិយោគដ៏ល្អមួយ ដែលមានផលចំណេញច្រើន ប៉ុន្តែអ្នកក៏អាចជាប់គាំងលក់មិនចេញផងដែរ ប្រសិនជាការចំណាយលុយរបស់អ្នកធ្វើឡើងមិនច្បាស់លាស់ និងមិនទទួលបានព៌តមានគ្រប់ជ្រុងជ្រោយ។
សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់ ដែលបានវិនិយោគលើដីធ្លីមួយចំនួនទទួលបានទាំងជោគជ័យ និងបរាជ័យ ពិសេសបានតាមដានដំណើរវិវត្តន៍ និងផ្សព្វផ្សាយព៌តមានក្នុងវិស័យនេះ ជាប្រចាំបានលើកឡើងនូវមូលដ្ឋានគ្រឹះ មួយចំនួន សម្រាប់ជាចំណេះដឹង និងជាការពិចារណា។
ទិញដីនៅតំបន់មានមនុស្សរស់នៅច្រើន
សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មតែងតែធ្វើឡើងជាមួយសហគមន៍ ដែលមានមនុស្សរស់នៅច្រើន ព្រោះគ្មានដីនៅទីណាឡើងថ្លៃនៅតំបន់ ដែលគ្មានមនុស្សរស់នៅនោះទេ។ ចំណុចពិសេសមួយ គឺអ្នកជំនាញនានាតែងតែលើកឡើងថា ការទិញដីនៅជាយក្រុងភ្នំពេញ ជាការវិនិយោគល្អ ព្រោះទោះមានវិបត្តិសេដ្ឋកិច្ច ក៏ដីនៅជាយក្រុងមិនងាយជាប់គាំងនោះដែរ។
តាមធម្មតាដីនៅតំបន់មនុស្សរស់នៅច្រើន តែងតែមានតម្លៃខ្ពស់ ប៉ុន្តែអ្នកអាចជ្រើសរើសរកចំណុចយូនីកណាមួយ ដែលអ្នកអាចរើសបាន ដូចជាដីបឹងតូចៗ ដែលគេមិនសូវចាប់អារម្មណ៍ ដីសហគមន៍មូលដ្ឋាន ដែលគេមិនសូវចាប់ពអារម្មណ៍ អាចមានតម្លៃល្អ និងមានឱកាសចំណេញខ្ពស់ បន្ទាប់ពីអ្នកចាក់ដីបំពេញ ឬបំពេញនិតិវិធីច្បាប់ចប់សព្វគ្រប់។
ផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាលនិងចំណុចគួរពិចារណា
រដ្ឋាភិបាល តែងតែដាក់ចេញគោលនយោបាយ និងផែនការអភិវឌ្ឈន៍ថ្មីៗរៀងរាល់៣ ទៅ៥ឆ្នាំ និង១០ឆ្នាំម្តង។
រដ្ឋាភិបាល បានដាក់ចេញគោលនយោបាយរបស់ខ្លួន ដើម្បីលើកពីផែនការអភិវឌ្ឍន៍របស់ខ្លួន។
នាពេលថ្មីៗនេះ នៅពេលគោលនយោបាយផ្លាស់ប្តូរ បានធ្វើឲ្យអ្នកវិនិយោគអចលនទ្រព្យជួបបញ្ហាប្រឈមជាច្រើន ដូចជា ក្រុងព្រះសីហនុ មានអាគារប្រមាណ១២០០បានជាប់គាំង ដែលធ្វើឲ្យអ្នកវិនិយោគជាច្រើនបានរងគ្រោះ ប៉ុន្តែក៏មានអ្នកវិនិយោគជាច្រើនបានទទួលផលច្រើនផងដែរ។
ជាមួយគ្នានេះ ការសាងសង់ព្រមានយន្តហោះ ខេត្តមណ្ឌលគិរីក៏បានជាប់គាំងផងដែរ ដែលធ្វើឲ្យចរន្តទិញ លក់ ដីធ្លីមានការធ្លាក់ចុះ និងតម្លៃស្ថិតក្នុងសភាពទ្រឹង ហេតុនេះការបោះទុនវិនិយោគ ក្នុងស្ថានភាពបែបនេះ នឹងធ្វើឲ្យលុយរបស់អ្នកគាំងមិនដំណើរការផងដែរ។
ដើម្បីវិភាគទៅលើចំណុចនេះ និងសិក្សាពីបញ្ហានេះ លោក អ្នកគួរសិក្សាលើកត្តាគោលមួយចំនួន ដូចជា ទី១ វិបត្តិសេដ្ឋកិច្ចពិភពលោកតែងតែកើតមានរៀងរាល់១០ឆ្នាំ ឬ១២ឆ្នាំម្តង ហេតុនេះអ្នកគួរសិក្សាពីវដ្តរបស់វា ដើម្បីត្រៀមបង្ការ និងបង្អង់ល្បឿនវិនិយោគរបស់អ្នក នៅពេលឆ្នាំជិតដល់វដ្តនៃវិបត្តិមកដល់ ទី២ នៅពេលស្ថានភាពអលនទ្រព្យ ពុះកញ្រ្ជោលខ្លាំងដូចនៅក្រុងព្រះសីហនុ អ្នកអាចចាប់យកឱកាសភ្លាមៗ ជាជាងធ្វើក្រោយគេ ព្រោះឱកាសបែបនេះ មានមិនយូរនោះឡើយ ប្រសិនបើអ្វីៗវាមានសភាពដូចពពុះសាប៊ូ ហើយករណីនេះបានកើតមាននៅប្រទេសចិន និងក្រុងព្រះសីហនុ ប្រទេសថៃ និងប្រទេសមួយចំនួនទៀតរួចហើយ។
តាមដានព៌តមានពីដំណើរវិវត្តន៍នៃសេដ្ឋកិច្ចប្រទេសធំៗ
មិនថាប្រទេសកម្ពុជា ឬប្រទេសដទៃទៀតនោះទេ នៅពេលមានបញ្ហាសេដ្ឋកិច្ចកើតមាន នៅតាមបណ្តាប្រទេសធំៗ និងបញ្ហាសង្រ្គាមដូចជា សង្រ្គាមរុស្ស៊ី អ៊ុយក្រែន គឺបញ្ហាបានកើតមានពាសពេញពិភពលោក ដោយសារការឡើងថ្លៃទំនិញ ឬអតិផរណា។
ការកើតមានកលយុគនានា បញ្ហាសេដ្ឋកិច្ចប្រទេសមហាអំណាចដូចជា សហរដ្ឋអាមេរិក មហាយក្សចិន ប្រទេសជប៉ុន និងសហគមន៍អឺរ៉ុបជាដើម សុទ្ឋតែមានផលប៉ះទង្គិច ដល់ការវិនិយោគលើវិស័យនានា ពិសេសវិស័យអចលនទ្រព្យកម្ពុជា ដែលនៅមានភាពក្មេងខ្ចីនៅឡើយ។
អ្នកជោគជ័យ តែងតែតាមដានព៌តមានជាប្រចាំ ព្រោះមិនមែនអ្វីៗស្ថិតនៅក្នុងដៃរបស់អ្នកទាំងអស់ ដូចបុគ្គលមួយចំនួនលើកឡើង ដោយគ្មានមូលដ្ឋានពិចារណាឡើយ។
ផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល
នៅកម្ពុជា តម្លៃដីធ្លីតែងតែហក់ឡើង នៅពេលរដ្ឋាភិបាលបង្ហើបពីប្រកាសពីការសាងសង់ស្ពាន សាងសង់ផ្លូវ សាងសង់ព្រលានយន្តហោះជាដើម។
ការទទួលបានព៌តមានថ្មីៗ មានភាពជាក់លាក់ អាចទុកចិត្តបាន និងឈរលើ ក្រមសីលធ៌មវិជ្ជាជីវៈដូចជា គេហទំព័រPropertyarea.asia, Cambodiafinancialtimes.com សុទ្ឋតែអាចជាមូលដ្ឋានគ្រឹះ និងត្រីវិស័យចង្អុលបង្ហាញផ្លូវ ដែលលោកអ្នកអាចជឿជាក់ និងទុកចិត្តបាន ព្រោះការបំប៉ោងព៌តមាន នឹងធ្វើឲ្យបាត់បង់គុណតម្លៃរបស់យើង និងជាការសម្លាប់ស្ថាប័នរបស់ខ្លួន។
ហេតុនេះព៌តមាន មានសារៈសំខាន់ណាស់ ទាំងក្នុងអាជីវកម្ម ការវិនិយោគ និងក្នុងដំណើរជីវិតប្រចាំថ្ងៃរបស់ខ្លួន។
សិក្សានៅតំបន់ប៉ូលអភិវឌ្ឍន៍របស់រដ្ឋាភិបាល
រាជរដ្ឋាភិបាលបានចាត់ទុករាជធានី ខេត្តចំនួន៤ ជាប៉ូលសេដ្ឋកិច្ចរបស់ខ្លូន គឺរាជធានីភ្នំពេញ ក្រុងព្រះសីហនុ ខេត្តសៀមរាប និងតំបន់ស្ថិតនៅភូមិភាគឥសាន្ត គឺខេត្តមណ្ឌលគិរី ដែលផែនការអភិវឌ្ឍន៍រយៈពេលវែង សម្រាប់វិស័យទេសចរណ៍ តំបន់ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ឋត្រូវបានគិតគូរ និងរៀបចំជាបណ្តើរៗផងដែរ។
ប៉ុន្តែខេត្តដែលនឹងទទួលបានផលប្រយោជន៍ ពីគោលនយោបាយ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រដ្ឋាភិបាល ក៏កំពុងលេចឡើងផងដែរ ដូចជា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ខេត្តកំពត ខេត្តស្វាយរៀង គឺក្រុងបាវិត ដែលផ្លូវល្បឿនលឿននឹងសាងសង់ ដើម្បីតភ្ជាប់នឹងរាជធានី និងទីក្រុងធំមួយរបស់វៀតណាម។
ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានដាក់បញ្ចូល ក្នុងគោលនយោបាយអភិវឌ្ឈន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ឆ្នាំ២០២៥ ដើម្បីរៀបចំទីក្រុងនេះជាតំបន់ឧស្សាហកម្មកម្រិតខ្ពស់ ហើយទីក្រុងនេះស្ថិតនៅក្នុងគោលនយោបាយអភិវឌ្ឍន៍ត្បូង ត្បូងរបស់អាស៊ានផងដែរ។
លើសពីនេះ ខេត្តកណ្តាល កំពង់ស្ពឺ ក៏បាននិងកំពុងទទួលឥទ្ឋិពលនិងផលប្រយោជន៍ចេញពីរាជធានីភ្នំពេញ និងគំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗរបស់រាជរដ្ឋាភិបាលផងដែរ។
ទិញដីតម្លៃទាប ងាយស្រួលលក់ឬរកអតិថិជន
តាមធម្មតាដីមានតម្លៃទាប មានទំហំទឹកប្រាក់តិច ជាការវិនិយោគល្អមួយ ព្រោះបើតាមការអង្កេត អ្នកវិនិយោគប្រមាណ៩០ភាគរយ វិនិយោគមិនលើសពី១០ ទៅ២០ម៉ឺនដុល្លារអាមេរិកនោះឡើយ ហេតុនេះបើសិនជាអ្នកទិញដីតម្លៃត្រឹម១០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េចុះក្រោម អ្នកនឹងមានអតិថិជនក្នុងដៃច្រើន ប៉ុន្តែបើដីរបស់អ្នកមានតម្លៃលើសពីនេះ អតិថិជនរបស់អ្នកមិនមានច្រើននៅក្នុងទីផ្សារឡើយ។
វាប្រៀបដូចជាត្រីនៅក្នុងបឹង គឺភាគច្រើនជាត្រីតូចៗ ដែលអ្នកមានឱកាសចាប់បានច្រើនជាងត្រីធំៗ ប៉ុន្តែការនិយាយបែបនេះ មិនមែនមានន័យថា ដីតម្លៃខ្ពស់មិនមានទីផ្សារឡើយ ប៉ុន្តែទីផ្សាររបស់អ្នកស្ថិតនៅក្នុងដៃឬអតិថិជន ដែលមានលទ្ឋភាពទិញដីរបស់អ្នក មានចំនួនតិចជាងដី ដែលមានតម្លៃចន្លោះ១០ទៅ២០ ទៅ៣០ ទៅ៥០ដុល្លារ និងទៅ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ៕