ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ការដោះដូរអចលនទ្រព្យ ជាពិសេសដីធ្លីនៅតំបន់មាត់ច្រកព្រំដែនព្រំ នៃខេត្តប៉ៃលិនក្នុងឆ្នាំ ២០២២នេះ នៅតែបន្តមានសកម្មភាពតិចតួចនៅឡើយ ទោះបីជាស្ថានភាពកូវីដ១៩ និងសេដ្ឋកិច្ចកម្ពុជាមានភាពប្រសើរជាង២ឆ្នាំមុនក្ដី។
យោងតាមភ្នាក់ងារអចលនទ្រព្យមួយរូប ប្រចាំខេត្តប៉ៃលិនលោកហេង តុងហៃ បានឱ្យដឹងនាព្រឹកថ្ងៃទី២៨ វិច្ឆិកានេះថា ចាប់តាំងពីដើមឆ្នាំ ២០២០មក ការទិញលក់ដីធ្លី ក៏ដូចជា សកម្មភាពនៃការដោះដូរអចលនទ្រព្យនៅតំបន់មាត់ច្រកព្រំដែនកម្ពុជាថៃ ព្រំនៃខេត្តប៉ៃលិន គឺមានការថមថយ ហើយបន្តអសកម្មរហូតមកដល់ឆ្នាំ ២០២២នេះ ។
លោកបន្តថា “ទោះបីជាសកម្មភាពនៃការទិញលក់ដីធ្លី ក៏ដូចជាការអចលនទ្រព្យផ្សេងទៀត នៅតំបន់ព្រំដែននេះ មានការថមថយក្ដីតែតម្លៃវិញលោកឃើញថា ជាទូទៅនៅតែរក្សាស្ថិរភាពល្អប្រសើរដដែល ដោយក្នុងមួយ១ម៉ែត្រការ៉េ ជាមធ្យមប្រមាណ១ពាន់ដុល្លារអាមេរិក”។ លោកបន្តថា “សំរាប់ទីតាំងផ្សេងទៀត មានតម្លៃទាបជាងហ្នឹង អាស្រ័យលើសក្ដានុពលនៃទីតាំងទាំងនោះ”។
យ៉ាងណាក្ដី ក្នុងស្ថានភាពដែលសកម្មភាពនៃការទិញ លក់ដីធ្លីមានតិចតួចនេះ នៅតំបន់ព្រំដែន ក៏ដូចជា នៅខេត្តប៉ៃលិនទាំងមូល សំបូរអ្នកលក់ដីធ្លីច្រើនជាងអ្នកទិញ ហើយសម្រាប់អ្នកមានលុយ ឬអ្នកវិនិយោគដីធ្លីអាចស្វែងរកទិញដីសម្រាប់ទុកចំណេញ នៅពេលស្ថានភាពបានប្រសើរជាងនេះ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យជើងចាស់មួយរូប លោកឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យCPL បានលើកឡើងផងដែរថា តម្លៃដីធ្លីនៅក្នុងប្រទេសកម្ពុជា បើធៀបនឹងប្រទេសជិតខាងឃើញថា នៅមានកម្រិតទាបជាងគេនៅឡើយ ដូច្នេះវានៅតែផ្ដល់អត្ថប្រយោជន៍ខ្ពស់ចំពោះអ្នកវិនិយោគដីធ្លី ហើយក៏ជាកត្តាទាក់ទាញ នូវវិនិយោគិនបរទេសចូលមកបណ្ដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ ។
លោកឧកញ៉ាបានបន្តឱ្យដឹងថា “ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ប្រៀបបាននឹងនំមួយដុំ ដែលមនុស្សគ្រប់គ្នាចង់បាន ហើយគ្រប់បណ្ដាខេត្តក្រុងទាំងអស់ សុទ្ធតែមានសក្ដានុពលក្នុងការបណ្ដាក់ទុនវិនិយោគនិងរំពឹងថា តម្លៃដីធ្លីក្នុងប្រទេសកម្ពុជាយើងនឹងនៅតែមានកំណើនឡើងបន្ថែមទៀតនៅពេលអនាគតនេះ”៕