ដោយ: លាងហួរ
ប្រទេសចិន: យោងតាមក្រុមហ៊ុន PipeChina West Pipeline Company បានឱ្យដឹងថា បំពង់បង្ហូរឧស្ម័នចិន-អាស៊ីកណ្តាលបានបញ្ជូនឧស្ម័នធម្មជាតិជាង៤០ពាន់លានម៉ែត្រគូប ចូលទៅក្នុងប្រទេសចិនក្នុងឆ្នាំ២០២២នេះ។
ក្រុមហ៊ុនបានបន្តឱ្យដឹងថា បំពង់បង្ហូរឧស្ម័ននេះ បានដឹកជញ្ជូនឧស្ម័នធម្មជាតិប្រហែល១២០លានម៉ែត្រគូប ក្នុងមួយថ្ងៃក្នុងអំឡុងពេលនោះ។
បំពង់បង្ហូរនេះ មានប្រវែងសរុបរហូតដល់១.៨៣៣គីឡូម៉ែត្រ និងមានសមត្ថភាពបញ្ជូនឧស្ម័នប្រចាំឆ្នាំ បាន៦០ពាន់លានម៉ែត្រគូប និងត្រូវបានដាក់ឱ្យដំណើរការចាប់តាំងពីខែធ្នូ ឆ្នាំ២០០៩។
បំពង់បង្ហូរឧស្ម័ននេះ ហូរចេញពីព្រំដែននៃប្រទេសតួកមេនីស្ថាន និងអ៊ូសបេគីស្ថាន ឆ្លងកាត់ប្រទេសអ៊ូសបេគីស្ថាន និងប្រទេសកាហ្សាក់ស្ថាន ហើយតភ្ជាប់ជាមួយបំពង់បង្ហូរឧស្ម័ន ពីភាគខាងលិចទៅភាគខាងកើត(West-to-East ) របស់ប្រទេសចិននៅក្នុងតំបន់ស្វយ័ត Xinjiang Uygur ភាគពាយព្យនៃប្រទេសចិន ហើយនេះជាបំពង់បង្ហូរឧស្ម័នឆ្លងដែនដំបូងគេរបស់ប្រទេសចិន។
បំពង់បង្ហូរឧស្ម័ននេះ បានដំណើរការប្រកបដោយស្ថិរភាព និងសុវត្ថិភាពអស់រយៈពេល៤.៧៣០ថ្ងៃ ចាប់តាំងពីវាត្រូវបានដាក់ឱ្យដំណើរការ។បំពង់នេះផ្តល់អត្ថប្រយោជន៍ជាច្រើន ដែលជួយផ្គត់ផ្គង់ឧស្ម័នដល់ប្រជាជនជាង៥០០លាននាក់ នៅក្នុងខេត្តចំនួន២៧ ក្រុង តំបន់ស្វយ័ត និងតំបន់រដ្ឋបាលពិសេសហុងកុង៕