ដោយៈ សុផារី
ភ្នំពេញៈ ការរីកចម្រើននៃវិស័យអចលនទ្រព្យ បានទាក់ទាញឱ្យមានអ្នកប្រកបរបរ ជាភ្នាក់ងារអចលនទ្រព្យកាន់តែច្រើន។ ជាការកត់សម្គាល់ អ្នកប្រកបអាជីពនេះ នៅក្នុងប្រទេសកម្ពុជា ភាគច្រើនមិនបានទទួលអាជ្ញាបណ្ណទទួលស្គាល់ត្រឹមត្រូវទេ។
ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យ លោកឧកញ៉ាឃាង ពុទ្ឋីបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃទី២៩ វិច្ឆិកានេះថា លោកឧកញ៉ាឃាង ពុទ្ឋីបានពន្យល់ថា “រដ្ឋាភិបាល គួរលុបអាជ្ញាប័ណ្ណសំរាប់ភ្នាក់ងារអចលនទ្រព្យ ដោយសារចំនួនភ្នាក់ងារមានអាជ្ញាប័ណ្ណមានចំនួនតិច ហើយភ្នាក់ងារដែលគ្មានអាជ្ញាប័ណ្ណមានចំនួនច្រើន នៅតែអាចធ្វើការក្នុងវិស័យនេះបាន ជាហេតុធ្វើឲ្យគ្មានតម្លាភាព”។
លោកបានបន្តថា “បច្ចុប្បន្ននេះ និយ័តករមិនបានទទួលស្គាល់សាលាបណ្ដុះបណ្ដាលឱ្យបានច្រើនទេ ជាហេតុធ្វើឱ្យវិនិយោគិន ដែលចង់វិនិយោគក្នុងវិស័យអប់រំ ឬអប់រំបណ្តុះបណ្តាលភ្នាក់ងារអចលនវត្ថុ នៅក្នុងប្រទេសកម្ពុជា មិនហ៊ានចាប់ផ្តើមធ្វើទេ ដោយសារមិនមានការទទួលស្គាល់ ហើយនិយ័តករមិនមានការប្រឡងទេ”។
លោកឧកញ៉ាបានពន្យល់ថា ប្រសិនបើមានបុគ្គល ឬប្រជាជនធម្មតារកស៊ីកម្រៃជើងសារ ក្នុងការទិញលក់ជួលអចលនទ្រព្យ ទោះបីជាបុគ្គលនោះមិនមានអាជ្ញាប័ណ្ណក្តី ក៏គាត់នៅតែអាចបន្តការរកស៊ីបានជាធម្មតា។ ចំពោះករណីនេះ លោកឧកញ៉ាលើកឡើងថា វាមិនមានតម្លាភាព រវាងអ្នកទទួលបានអាជ្ញាប័ណ្ណត្រឹមត្រូវ ដោយសារដំណើរការរៀបចំឯកសារ ការស្នើសុំ ទាមទារឱ្យចំណាយថវិកា និងពេលវេលាច្រើន។
យ៉ាងណាក្តី យោងតាមលោកឧកញ៉ា នៅក្នុងប្រទេសមួយចំនួនមិនបានប្រើប្រាស់អាជ្ញាប័ណ្ណដែរ ដោយយល់ឃើញថា ចំណុចទាំងនេះមិនមានភាពចាំបាច់ និងមានសារៈសំខាន់ ដោយយល់ថា ទោះបីមិនមានអាជ្ញាប័ណ្ណ ក៏អាចជំរុញឱ្យមានភាពរីកចម្រើន នៃវិស័យអចលនទ្រព្យបានដែរ។
លោកឧកញ៉ាបន្តថា “នៅក្នុងប្រទេសផ្សេងមាននិយ័តករ មាន Regulator ឬឧទាហរណ៍ នៅក្នុងប្រទេសសិង្ហបុរីមាន Counsel Estate Agency មានការប្រឡងត្រឹមត្រូវ និងមានការត្រួតពិនិត្យច្បាស់លាស់”។
ជាក់ស្តែង ដើម្បីដំណើរការក្រុមហ៊ុនភ្នាក់ងារ អចលនទ្រព្យនៅក្នុងប្រទេសថៃ គឺមិនទាមទារឱ្យមានអាជ្ញាប័ណ្ណទេ ដោយជនជាតិថៃអាចធ្វើការជាអចលនទ្រព្យ បានដោយគ្មានការរឹតបន្តឹងអ្វីឡើយ។ ចំណែកជនជាតិបរទេសក៏អាចធ្វើជាភ្នាក់ងារអចលនទ្រព្យ ដោយមិនទាមទារឱ្យមានអាជ្ញាប័ណ្ណផងដែរ ដោយគ្រាន់តែទាមទារឱ្យមានទិដ្ឋាការត្រឹមត្រូវ និងប័ណ្ណការងារតែប៉ុ ណ្ណោះ។ នេះបើយោងតាមគេហទំព័រអចលនទ្រព្យ Town & Country Property នៅក្នុងប្រទេសថៃ។
លោកឧកញ៉ាឃាង ពុទ្ឋីបានបញ្ជាក់ថា “វាមិនមានតម្លាភាពដល់ អ្នកដែលទទួលបានអាជ្ញាបណ្ណត្រឹមត្រូវ ដោយជំរុញឱ្យមានការគិតគូរពីការលើកស្ទួយ និងទទួលស្គាល់ ការបង្កើតសាលាបណ្តុះបណ្តាល វិជ្ជាជីវៈអចលនទ្រព្យត្រឹមត្រូវ និងរួមគ្នា លើកតម្កើងទីផ្សារអចលនទ្រព្យកម្ពុជា ឱ្យមានការរីកចម្រើនកាន់តែខ្លាំង”។
លោកឧកញ៉ាបានបន្តថា យើងសង្កេតឃើញថា អ្នករកស៊ី ដែលជាភ្នាក់ងារយកកម្រៃជើងសារនៅកម្ពុជា មានចំនួននៃភាគរយតិច ដែលមានអាជ្ញាប័ណ្ណ និងមានការបណ្តុះបណ្តាលត្រឹមត្រូវមានតិចបំផុត ជាហេតុធ្វើឱ្យនិយ័តកររបស់រាជរដ្ឋាភិបាល មិនបានទទួលស្គាល់នូវសាលាបណ្តុះបណ្តាលជាទូទៅឡើយ។ លោកបន្តថា “នេះក៏ធ្វើឱ្យប៉ះពាល់ដល់ ការសម្រេចចិត្តរបស់វិនិយោគិនបរទេស ក្នុងការចូលមកបង្កើតសាលាបណ្តុះបណ្តាលផងដែរ”។
លោកឧកញ៉ា ឃាង វុទ្ធី គូសបញ្ជាក់ទៀតថា “ប្រសិនបើប្រទេសកម្ពុជាយើងមានសាលាបណ្ដុះបណ្ដាល អចលនទ្រព្យនៅកម្ពុជាច្រើន យើងនឹងមានការរីកចម្រើន ធនធានមនុស្សនៅក្នុងវិស័យនេះ មានសមត្ថភាពអាចជួយលើកស្ទួយការលក់ និងផ្សព្វផ្សាយទីផ្សារអចលនទ្រព្យកម្ពុជាទៅកាន់វិនិយោគិនក្នុងស្រុក និងក្រៅស្រុកបានច្រើន”។
បើយោងតាមអ្នកជំនាញរូបនេះ ប្រសិនបើមានការទទួលស្គាល់ នោះប្រទេសកម្ពុជា ត្រូវធ្វើការឱ្យមានការរៀបចំ ឱ្យមានការប្រឡងជ្រើសរើស ផ្សព្វផ្សាយ និងអំពាវនាវឱ្យមានការបើកសាលាបណ្តុះបណ្តាល ព្រមទាំងត្រូវទទួលស្គាល់សាលាបណ្ដុះបណ្ដាលទាំងនោះ៕