ដោយៈ សុផារី
ភ្នំពេញៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង និងគម្រោងអភិវឌ្ឍន៍ជាច្រើន ដែលត្រូវបានដាក់ចេញដោយរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យអចលនទ្រព្យខេត្តសៀមរាប មានការរីកចម្រើនបន្តិចម្តងៗ។
ជាក់ស្តែង អចលនទ្រព្យលំនៅឋាន ក្នុងខេត្តសៀមរាបផ្តល់ជម្រើសក្នុងការទិញលក់ និងជួលកាន់តែច្រើន។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនKnight Frank ស្តីពី “អចលនទ្រព្យប្រភេទលំនៅដ្ឋាន និងផ្ទះល្វែងសម្រាប់ជួលក្នុងខេត្តសៀមរាប” បានឱ្យដឹងថា អាផាតម៉ិន ដែលផ្តល់សេវាកម្មជួល គឺជាជម្រើសដ៏ពេញនិយមមួយ សម្រាប់អ្នកទេសចរ ដែលស្នាក់នៅរយៈពេលខ្លី ក្នុងខេត្តសៀមរាប ឬសម្រាប់អ្នកកំពុងស្វែងរកផ្ទះសម្រាប់ស្នាក់នៅ។
អាផាតមិនសម្រាប់ជួល មួយចំនួនក្នុងខេត្តសៀមរាប មានទាំងប្រភេទអចលនទ្រព្យ ដែលជួសជុលពីសំណង់អាគារចាស់ៗ ខ្លះទៀតជាប្រភេទអគារខុនដូកម្ពស់ទាបៗទើបសាងសង់ថ្មីៗ។
Knight Frank ឱ្យដឹងទៀតថា បច្ចុប្បន្ននេះអាផាតម៉ិន សម្រាប់ជួលក្នុងខេត្តសៀមរាប អាចមានចាប់ពី១៥០ដុល្លារអាមេរិក រហូតដល់ទៅ២.០០០ដុល្លារអាមេរិកក្នុងមួយខែ។ អាស្រ័យលើគុណភាពអាគារ និងទីតាំង។ ក្រៅពីនេះក៏មានប្រភេទវីឡាបន្សល់ ពីសម័យអាណានិគមធំៗមួយចំនួន សម្រាប់ជួល រួមជាមួយនឹងវីឡាដែលទើបសាងសង់ថ្មី និងផ្ទះខ្លះ មានតម្លៃប្រហែល១.០០០ដុល្លារអាមេរិក ដល់២.៥០០ដុល្លារអាមេរិក ក្នុងមួយខែផងដែរ។
ជាមួយគ្នានេះ កញ្ញា ស៊ុន រចនា អ្នកជំនាញអចលនទ្រព្យ នៃក្រុមហ៊ុនរចនាអចលនទ្រព្យ ដែលមានទីតាំងក្នុងខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់ Property Area Asia នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា សកម្មភាពទិញ លក់ ជួលអចលនទ្រព្យនៅក្នុងខេត្តសៀមរាប ក្នុងមួយរយៈពេលចុងក្រោយនេះ មានភាពល្អប្រសើរជាងមុនច្រើន ដោយទាំងអតិថិជនស្វែងរកអចលនទ្រព្យនៅក្នុងស្រុក ក៏ចាប់ផ្តើមមានចំណាប់អារម្មណ៍ឡើងវិញ រួមជាមួយការងើបឡើងវិញ នៃសកម្មភាពទេសចរណ៍ បានជំរុញឱ្យភ្ញៀវទេសចរបរទេសស្វែងរកជួលផ្ទះ ឬអាផាតមិនច្រើនជាងមុន។
សម្រាប់តម្លៃនៃការជួលនៅក្នុងមួយខែ កញ្ញារចនា បានបញ្ជាក់ឱ្យដឹងថា សម្រាប់ប្រភេទផ្ទះសមរម្យ មានតម្លៃជួលចាប់ផ្តើមពី១៥០ដុល្លារអាមេរិក ក្នុងមួយខែឡើងទៅ៕