ដោយៈ សុផារី
ភ្នំពេញៈ គម្រោងជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួនពីរ គឺគម្រោងបង្កើតក្រុងល្វាឯម និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិតកំពុងជួយជំរុញឱ្យមានចរន្តការទិញលក់ដីធ្លី នៅក្នុងខេត្តព្រៃវែង ដែលមានធ្វើឱ្យមានការស្ទុះងើបឡើងវិញ នៃទីផ្សារដីធ្លីនៅក្នុងខេត្តមួយនេះ។
លោកម៉ៅ មុនីរតនា ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តព្រៃវែង បានមានប្រសាសន៍ប្រាប់ Property Area Asia នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត នឹងជំរុញឱ្យការធ្វើដំណើរដឹកជញ្ជូនពីភ្នំពេញ ព្រៃវែង និងបាវិត នឹងកាន់តែលឿនជាងមុន ហើយនាំមកនូវការវិនិយោគ លើឃ្លាំងឧស្សាហកម្មកាន់តែច្រើន មកកាន់តំបន់តាមច្រកចេញ នៃផ្លូវល្បឿនលឿនមួយនេះ។ ក្រៅពីនេះ ក៏បានធ្វើឱ្យសកម្មភាពអាជីវកម្មផ្សេងៗ ក៏ចាប់ផ្តើមមានការសាងសង់ ជាអាទិ៍ ភោជនីយដ្ឋាន ស្ថានីយប្រេងសាំង ហាងលក់ទំនិញ ជាដើម។
ចំណែកគម្រោងបង្កើតក្រុងល្វាឯម ក៏បានធ្វើឱ្យតំបន់ខ្លះនៃខេត្តព្រៃវែងទទួលបានផលប្រយោជន៍ផងដែរ ដោយសារក្រុងល្វាឯមមានទីតាំងនៅជិតខេត្តព្រៃវែង និងមិនមានចម្ងាយឆ្ងាយពីក្រុងភ្នំពេញឡើយ។
យោងតាមលោកមុនីរតនា បានឱ្យដឹងថា “មានអ្នកវិនិយោគមកស្វែងរកដីធ្លីច្រើន សម្រាប់ការគម្រោងសាងសង់ និងអភិវឌ្ឍន៍ជាទីតាំងអាជីវកម្មនានា”។
ជាមួយគ្នានេះ លោក ជា វិចិត្ត្រា អគ្គនាយកក្រុមហ៊ុនព្រៃវែង ប្រផឹធី អ៊ិនវេសម៉ិន ឯ.ក បានមានប្រសាសន៍ប្រាប់ Property Area Asia នៅថ្ងៃដដែលថា គម្រោងអភិវឌ្ឍន៍នេះ ក៏មានឥទ្ធិពលមួយផ្នែកដល់ទីផ្សារអចលនទ្រព្យនៃខេត្ពព្រៃវែងផងដែរ ដោយសារផ្លូវមួយនេះ ក៏ឆ្លងកាត់ខេត្តព្រៃវែង ដែលអាចមានក្តីសង្ឃឹមដល់ទីផ្សារក្នុងខេត្ត និងជំរុញឱ្យមានកំណើនការទិញលក់អចលនទ្រព្យកើនឡើង។
លោកបញ្ជាក់ថា “ក្តីសង្ឃឹមត្រង់ច្រកចេញ ដោយសារផ្លូវនេះចេញពីភ្នំពេញ មកព្រៃវែង ហើយចេញទៅកាន់ក្រុងបាវិត។ យើងអាចព្យាករណ៍នឹងមានការរីកចម្រើន លើការទិញលក់អចលនទ្រព្យក្នុងខេត្តផងដែរ ប្រសិនបើគម្រោងនេះសាងសង់រួច”។
គម្រោងបង្កើតក្រុងល្វាឯម ត្រូវបានប្រកាសដោយសម្តេចតេជោកាលពីពេលថ្មីៗនេះថា ស្រុកល្វាឯមនឹងក្លាយជាក្រុងថ្មីមួយទៀត នៅក្រោមចំណុះនៃរដ្ឋបាលខេត្តកណ្តាល និងជាទីក្រុងទំនើបសម័យថ្មីមួយ ដែលមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយអាចទាក់ទាញបាននូវលំហូរវិនិយោគពីក្នុងស្រុក និងក្រៅស្រុកចូលមកបណ្តាក់ទុនក្នុងខេត្តកណ្តាល។
ចំណែក គម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិតត្រូវបានឯកភាពជាផ្លូវការ ដោយរាជរដ្ឋាភិបាលកម្ពុជា និងចិន។ រហូតមកទល់ពេលនេះ គណៈកម្មការអន្តរក្រសួង កំពុងត្រូវបានពិនិត្យពិភាក្សា លើបញ្ហាបច្ចេកទេស ហើយគ្រោងនឹងឈានទៅបើកការដ្ឋានសាងសង់ នៅពាក់កណ្តាលឆ្នាំ២០២៣ខាងមុខនេះ៕