ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ វិស័យធានារ៉ាប់រងអាយុជីវិត ក្នុងវិស័យអចលនទ្រព្យត្រូវបានមើលឃើញថា នៅមានកម្រិតតិចតួចនៅឡើយ ធៀបនឹងការធានារ៉ាប់រងក្នុងវិស័យផ្សេងទៀត។
អគ្គនាយករងនៃក្រុមហ៊ុនធានារ៉ាប់រង ទីតាន ស្តូន ឡាយអ៊ីនសួរេន លោក ហង្ស សុចិត្រ បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយ Propertyarea នៅព្រឹកថ្ងៃទី២៩ វិច្ឆិកា ២០២២ថា វិស័យធានារ៉ាប់រងអាយុជីវិតក្នុងប្រទេសកម្ពុជា បើធៀបនឹងប្រទេសដទៃទៀតឃើញថា កម្ពុជានៅមានកម្រិតតិចតួចនៅឡើយ ហើយបើនិយាយពីការធានារ៉ាប់រងអាយុជីវិត ក្នុងវិស័យអចលនទ្រព្យ ពោលគឺមានន័យថាការទិញអចលនទ្រព្យហើយមានការធានាទៅលើអាយុជីវិត រឹតតែមានតិចតួចទៅទៀត ។
លោកបន្តថា “អតិថិជនដែលទិញអចលនទ្រព្យ គួរតែគិតពីបញ្ហានេះ ទើបវាមិនមានហានិភ័យ ឬបាត់បង់អចលនទ្រព្យ បើទោះបីជាការទិញអចលនទ្រព្យនោះ បាត់បង់លទ្ធភាពទាំងស្រុង ក្នុងការបន្តបង់ជាមួយក្រុមហ៊ុនលក់អចលនទ្រព្យនោះក៏ដោយ”។
លោកបានលើកជាឧទាហរណ៍ថា នៅពេលយើងទិញអចលនទ្រព្យមួយហើយសុខៗ ស្រាប់តែយើងបាត់បង់ដោយប្រការណាមួយ ក្រុមគ្រួសាររបស់យើង ក៏នៅតែមានសិទ្ធិកាន់កាប់អចលនទ្រព្យ ឬក៏ទទួលបានទឹកប្រាក់មួយកញ្ចប់ពីក្រុមហ៊ុនធានារ៉ាប់រងដែរ។ វាមិនខុសពីករណីដែលយើងបានយកកម្ចីពីធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ គឺយើងបានទទួលការធានារ៉ាប់រួចស្រេចទៅហើយ បើសិនជាបាត់បង់ សមាជិកគ្រួសារក៏មិនត្រូវរ៉ាប់រងលើកម្ចីនោះដែរ ។
លោកបន្ថែមថា ដើម្បីឱ្យប្រជាពលរដ្ឋ ដែលមានបំណងទិញអចលនទ្រព្យ ឬកាន់កាប់អចលនទ្រព្យ បានយល់ច្បាស់ពីការធានារ៉ាប់រងអាយុជីវិត យើងបានសហការជាមួយក្រុមហ៊ុន លក់អចលនទ្រព្យមួយចំនួន ហើយកិច្ចសហការនេះ នឹងនាំមកនូវផលចំណេញទាំងសងខាង ទាំងអតិថិជនទិញអចលនទ្រព្យ ទាំងក្រុមហ៊ុនលក់អចលនទ្រព្យ និងក្រុមហ៊ុនធានារ៉ាប់រងផងដែរ ។
ជាមួយគ្នានេះ លោកកាំង នីន អគ្គនាយកក្រុមហ៊ុនGC Realty និងជាក្រុមហ៊ុនអចលនទ្រព្យមួយ បានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ក៏បានឱ្យដឹងថាកិច្ចសហការ ជាមួយក្រុមហ៊ុនធានរ៉ាប់រងអាយុជីវិតគឺ ដើម្បីផ្តល់ទំនុកចិត្ត និងការការពារដល់អតិថិជនខ្លួន ក្នុងការការទិញ ឬវិនិយោគលើអចលនទ្រព្យ។
លោកបន្តថា “វាក៏អាចជួយលើកស្ទួយវិស័យអចលនទ្រព្យ និងវិស័យធានារ៉ាប់រងអោយកាន់តែប្រសើឡើងផងដែរ ដែលនេះជាកត្តាសំខាន់មួយ ដើម្បីផ្តល់ទំនុកចិត្តដល់វិនិយោគិន ក្នុងនិងក្រៅប្រទេសមកលើក្រុមហ៊ុនយើងទាំងពីរ”៕