ដោយៈ សុខុម
ប៉េកាំង: ប្រទេសចិន ពេលនេះកំពុងប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទាក់ទាញអ្នកទិញកាន់តែច្រើន ឱ្យត្រលប់មកកាន់ទីផ្សារលំនៅដ្ឋានវិញ និងដើ ម្បីពង្រឹងឡើងវិញនូវវិស័យអចលនទ្រព្យ ដែលជាសសរស្ដម្ភដ៏សំខាន់មួយ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការដាក់ចេញវិធានការជាបន្តបន្ទាប់។
ក្នុងកាលៈទេសៈបែបនេះ អ្នកទិញទទួលបានអត្ថប្រយោជន៍ដ៏ធំមួយ នោះ គឺអត្រាការប្រាក់ជាមធ្យមសម្រាប់កម្ចីទិញផ្ទះ បានធ្លាក់ចុះទាបមិនធ្លាប់មានក្នុងពេល១៣ឆ្នាំ នៅក្នុងទីក្រុងប៉េកាំង ហើយប្រហែលជាអាចធ្លាក់ចុះទាបជាងនេះទៅទៀត នៅក្នុងទីក្រុងជាច្រើនទៀត។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៨ ខែវិច្ឆិកា។
ផ្អែកតាមទិន្នន័យដែលប្រមូលចងក្រង ដោយវិទ្យាស្ថានស្រាវជ្រាវ Beike Research Institute បង្ហាញថា អត្រាការប្រាក់សម្រាប់កម្ចីទិញផ្ទះដំបូង ក្នុងទីក្រុងចំនួន១០០នៃប្រទេសចិន បានធ្លាក់ចុះពី៥,៧៤%ក្នុងខែកញ្ញា ឆ្នាំ២០២១ មកនៅត្រឹម៤,០៩%។
តួយ៉ាងដូចជា នៅទីក្រុងឈីងយ័ន (Qingyuan) នៃខេត្តគ័ងតុង (Guangdong) ភាគខាងត្បូង អត្រាការប្រាក់បានធ្លាក់ចុះទាប មកនៅត្រឹម៣,៧%។ ការធ្លាក់ចុះនេះធ្វើឱ្យអ្នកទិញផ្ទះ នៅក្នុងទីក្រុង Qingyuan ចំណេញ បានដល់ទៅ៤៩.០០០ដុល្លារអាមេរិក សម្រាប់កម្ចី១៤០.០០០ដុល្លារអាមេរិក រយៈពេល៣០ឆ្នាំ។
ធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្ដាល និងគណៈកម្មាធិការនិយ័តកម្មធនាគារ និងធានារ៉ាប់រងចិន (CBIRC) កាលពីដើមខែនេះ បានដាក់ចេញផែនការនានាដើម្បីធានាបាននូវ “ការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងភាពរឹងមាំ” សម្រាប់វិស័យអចលនទ្រព្យ ស្របពេលវិស័យនេះកំពុងដាំក្បាលចុះ។
ការដាក់ចេញវិធានការទាំងនោះ រួមមាន ទាំងគោលនយោបាយ១៦ចំណុច ដើម្បីបន្ធូរវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ ដែលបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជនកំពុងជួបប្រទះ និងការបន្ទាបការបង់ប្រាក់ដើម ឬ Down Payment ឱ្យមកនៅតិចជាងមុនសម្រាប់ការទិញផ្ទះផងដែរ។
ចំណាត់ការចុងក្រោយនេះ គឺជាការជំរុញគោលនយោបាយដ៏ធំបំផុតមិនធ្លាប់មាន សម្រាប់វិស័យអចលនទ្រព្យ ចាប់តាំងពីធនាគារកណ្ដាលចិន បានបញ្ចុះអត្រាការប្រាក់លើកចុងក្រោយ សម្រាប់កម្ចីរយៈពេល៥ឆ្នាំមកនៅត្រឹមតែ៤,៣%កាលពីខែសីហា។
ការបញ្ចុះអត្រាការប្រាក់នេះ បានជួយឱ្យអត្រាការប្រាក់កម្ចីទិញផ្ទះជាមធ្យមទូទាំងប្រទេស ដែលកំណត់ដោយបណ្ដាធនាគារពាណិជ្ជ ធ្លាក់ចុះមកនៅត្រឹម៤,៣៤% ដែលថោកបំផុត ចាប់តាំងពីធនាគារកណ្ដាលចិន បានចាប់ផ្ដើមចេញផ្សាយទិន្នន័យក្នុងឆ្នាំ២០០៩ មក។
យោងតាមទិន្នន័យដែលប្រមូលចងក្រង ដោយប្រព័ន្ធសន្ទស្សន៍អចលនទ្រព្យចិន (CREIS)បានបង្ហាញថា ការលក់នៅក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកំពូលៗ ចំនួន១០០នៃប្រទេសចិន បានដាំក្បាលចុះដល់ទៅ៤៣,៤% ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២២ មកនៅត្រឹមជាង៨៥១ពាន់លានដុល្លារអាមេរិក។
ដោយសារតែបែបនេះ រដ្ឋាភិបាលថ្នាក់មូលដ្ឋាន កំពុងប្រើប្រាស់យុទ្ធសាស្ត្រជាក់លាក់ចំនួន ដើម្បីជំរុញវិស័យនេះ។ ប៉ុន្តែទន្ទឹមនេះ មានការចោទជាសំណួរថា តើអត្រាការប្រាក់កម្ចីទិញផ្ទះដ៏ទាបបំផុត មិនធ្លាប់មានអាចជួយក្រុងប៉េកាំង ទាក់ទាញអ្នកទិញមកកាន់ទីផ្សារវិញបានដែរឬទេ?។
ជាការឆ្លើយតបទៅនឹងសំណួរនេះ ក្រុមអ្នកសង្កេតស្ថានការណ៍ទីផ្សារជឿថា គោលនយោបាយទាំងអស់នេះគឺ “ត្រូវការពេលវេលា”ដើម្បីបញ្ចេញប្រសិទ្ធភាព ឬមានន័យថា ការស្ទុះងើបឡើងវិញនៃទីផ្សារអចលនទ្រព្យចិន ត្រូវការពេលវេលាសន្សឹមៗ៕ South China Morning Post៕