ដោយ: លាងហួរ
បាងកក: គណៈរដ្ឋមន្ត្រីថៃបានអនុម័ត ថវិកាចំនួន៣៦ពាន់លានបាត (ប្រហែល១,០២ពាន់លានដុល្លារអាមេរិក) សម្រាប់ការអភិវឌ្ឍដំណាក់កាលទី៣ នៃគម្រោងអាកាសយានដ្ឋានដនមឿង ដ៏ធំបំផុតទី២របស់ប្រទេសថៃ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Anucha Burapachaisri បានមានប្រសាសន៍ថា កាលពីថ្ងៃអង្គារម្សិលមិញនេះ គណៈរដ្ឋមន្ត្រីបានអនុម័តដល់គម្រោងលើកកម្ពស់សមត្ថភាព ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើដី និងនៅលើអាកាស មុនពេលមានការបើកគម្រោងផ្លូវដែកតភ្ជាប់ថ្មីនាពេលអនាគត។
កញ្ចប់ថវិកាដ៏ធំបំផុតនេះ នឹងទទួលបានមកពីប្រាក់ចំណូលរបស់អាកាសយានដ្ឋានថៃ (AoT) រួមជាមួយនឹងមូលនិធិបន្ថែម ដែលទទួលបានពីប្រភពខាងក្រៅ។
អ្នកនាំពាក្យរូបនេះបានបន្តថា បច្ចុប្បន្ននេះស្ថានីយដឹកអ្នកដំណើរទាំង២ អាចផ្ទុកអ្នកដំណើរបានរហូតដល់៣០លាននាក់ក្នុង១ឆ្នាំ ហើយក្រោយពីអាកាសយានដ្ឋានត្រូវបានពង្រីក វានឹងជំរុញសមត្ថភាពផ្ទុករហូតដល់៤០លាននាក់ ដោយគម្រោងនេះត្រូវបានចែកចេញជា៦ដំណាក់កាល។
ដំណាក់កាលទី១នៃគម្រោង រួមមាន ការអភិវឌ្ឍតំបន់មួយនៅភាគខាងត្បូងនៃអាកាសយានដ្ឋាន ដែលជាទីតាំងសម្រាប់សាងសង់ចំណតអ្នកដំណើរទី៣ និងការជួសជុលចំណតរថយន្តកំពស់៧ជាន់។
ដំណាក់កាល១ទៀតពាក់ព័ន្ធ នឹងការអភិវឌ្ឍផ្នែកខាងជើងនៃព្រលានយន្តហោះ ដូចជា ការជួសជុលកន្លែងចតយន្តហោះ និងការពង្រីកបរិក្ខារភាគខាងជើង ព្រមទាំងការិយាល័យ និងកន្លែងទទួលភ្ញៀវ VVIP ផងដែរ។
ដំណាក់កាលផ្សេងទៀត រួមមាន ការសាងសង់តំបន់ប្រតិបត្តិការហោះហើរ ការជួសជុលអគារស្ថានីយអ្នកដំណើរលេខ១ ប្រព័ន្ធប្រើប្រាស់ និងការងារបរិស្ថាន៕