ដោយៈ សុខុម
ក្រុងគៀវ: ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី អះអាងថា កងកម្លាំងរុស្ស៊ី កំពុងព្យាយាមវាយលុកឆ្ពោះទៅភាគឦសាន និងភាគបូព៌ា និង “កំពុងត្រៀមផែនការអ្វីម្យ៉ាង” នៅភាគខាងត្បូង ខណៈអង្គការNATO កាលពីថ្ងៃពុធ ទី៣០ ខែវិច្ឆិកា បានចេញមុខធានាកុំឱ្យបណ្ដាប្រទេសជិតខាងរុស្ស៊ី ភ័យខ្លាចចំពោះអស្ថិរភាព ដែលបង្កឡើងដោយក្រុងមូស្គូ។
អគ្គសេនាធិការកងទ័ពអ៊ុយក្រែនលើកឡើងថា កងកម្លាំងរបស់ខ្លួនបានវាយរុញច្រាន ការវាយប្រហារចំនួន៦លើករបស់រុស្ស៊ី ក្នុងរយៈពេល២៤ម៉ោងមកនេះ នៅតំបន់ដុនបាស (Donbas)ភាគបូព៌ា ខណៈកាំភ្លើងធំរបស់រុស្ស៊ី បានបាញ់ផ្លោងឥតឈប់ឈរ នៅត្រើយច្រាំងខាងស្តាំនៃទន្លេ Dnipro River និងទីក្រុង Kherson នាភាគខាងត្បូង។
អាកាសធាតុត្រជាក់ខ្លាំងនារដូវរងា បានបង្អាក់ការប្រយុទ្ធគ្នានៅលើដី ហើយលោក ហ្សេឡិនស្គី បានប្រាប់ឱ្យប្រជាជនអ៊ុយក្រែន ប្រុងប្រៀបខ្លួននៅសប្ដាហ៍នេះ ព្រោះរុស្ស៊ីអាចនឹងបាញ់ស្រោច ទៅលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់អ៊ុយក្រែន ដែលក្រុងមូស្គូ បានធ្វើការវាយប្រហារប្រចាំសប្ដាហ៍ចាប់តាំងពីដើមខែតុលា។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោកAntony Blinken បានថ្លែងបន្ទាប់ពីកិច្ចពិភាក្សារបស់អង្គការបក្សសម្ព័ន្ធយោធា NATO នៅទីក្រុងប៊ូឆារ៉េស (Bucharest) ប្រទេសរ៉ូម៉ានី ថា “ទាំងនេះគឺជាគោលដៅវាយប្រហារថ្មីៗរបស់ប្រធានាធិបតី ពូទីន។ គាត់កំពុងវាយលុក ទៅលើគោលដៅទាំងនោះយ៉ាងខ្លាំង”។
លោក Antony Blinken គូសបញ្ជាក់ថា លោក ពូទីន បានផ្តោតលើការបាញ់ស្រោចទៅលើជនស៊ីវិលអ៊ុយក្រែន ដោយបានទម្លាក់គ្រាប់បែកជាង១ភាគ៣ ដើម្បីបំផ្លាញប្រព័ន្ធទឹកភ្លើងរបស់ប្រទេសនេះ ប៉ុន្តែយុទ្ធសាស្ត្រនេះមិនបានផលនោះឡើយ។
លោកបានបន្ថែមថា អង្គការNATO ក៏មានការព្រួយបារម្ភចំពោះទំនាក់ទំនងរបស់មហាយក្សចិន ជាមួយរដ្ឋាភិបាលក្រុងមូស្គូផងដែរ។
អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បានថ្លែងកាលពីថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ថា បណ្ដាសម្ព័ន្ធមិត្តរបស់អង្គការ NATO បានស្ម័គ្រចិត្ត ជួយប្រទេសជិតខាងទាំងនោះ ដែលមានដូចជាម៉ុលដាវី ហ្សកហ្ស៊ី និងបូស្នៀ និងហឺហ្សីហ្គោវីណា (Bosnia-Herzegovina) ដែលទាំងអស់នេះ សុទ្ធតែទទួលរងសម្ពាធពីប្រទេសរុស្ស៊ី។
លោក Stoltenberg បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ប្រសិនបើទទួលបានមេរៀនពីករណីអ៊ុយក្រែន យើងត្រូវតែជួយគាំទ្រពួកគេពេលនេះ” ខណៈរដ្ឋមន្ត្រីការបរទេសអេស្តូនី លោកUrmas Reinsalu បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា “ជនព្រៃផ្សៃ (ពូទីន) ក៏ចង់គ្រប់គ្រងតំបន់បាល់កានខាងលិច (Western Balkans) ផងដែរ”។
Western Balkans ជាពាក្យមួយដែលគេប្រើ នៅក្នុងសហភាពអឺរ៉ុប ដើម្បីសំដៅដល់ប្រទេសចំនួន៦ នៅអឺរ៉ុបខាងត្បូង និងអឺរ៉ុបខាងកើត ដែលត្រូវបានគ្របដណ្ដប់ ដោយគោលនយោបាយរបស់សហភាពអឺរ៉ុប រូមមានសាធារណរដ្ឋអាល់បានី បូស្នៀ និងហឺហ្សីហ្គោវីណា (Bosnia-Herzegovina) ម៉ុងតេណេក្រូ សាធារណរដ្ឋកូសូវ៉ូ សាធារណរដ្ឋម៉ាសេដូនីខាងជើង (North Macedonia) និងសាធារណរដ្ឋស៊ែប៊ី៕ Reuters៕