រដ្ឋមន្រ្តីក្រសួងទេសចរណ៍ស្នើឱ្យមានការបើកជើងហោះហើរត្រង់ ពីជប៉ុនមកកម្ពុជាឡើងវិញ

0

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ លោកថោង​ ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើទៅកាន់ឯកអគ្គរាជទូតជប៉ុនជិតផុតអាណត្តិ គឺលោក មីកាមិ ម៉ាសាហ៉ីរ៉ូ ក្នុងការជួយជំរុញឱ្យមានជើងហោះហើរត្រង់ របស់ក្រុមហ៊ុនអាកាសចរណ៍ ANA ពីទីក្រុងតូក្យូ មកទីក្រុងភ្នំពេញឡើងវិញ ក្រោយពីផ្អាកកាលពីកំលុងផ្ទុះជំងឺកូវីដ១៩ខ្លាំង។

ការស្នើបែបនេះ ធ្វើក្នុងឱកាសដែលលោកឯកអគ្គរាជទូត មីកាមិ ម៉ាសាហ៉ីរ៉ូ ចូលជួបជម្រាបលាឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈដែលលោកជិតដល់ពេលផុតអាណត្តិ បំពេញបេសកកម្មជាឯកអគ្គរាជទូតជប៉ុននៅកម្ពុជា។

នាឱកាសនោះដែរ ថ្នាក់ដឹកនាំទាំងពីរបានលើកឡើង អំពីកិច្ចសហប្រតិបត្តិការជាច្រើនរវាងកម្ពុជា និងជប៉ុន ពិសេសលើការជួយអភិវឌ្ឍប្រទេ​សកម្ពុជា ក៏ដូចជារួមចំណែកជួយអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។

លោកថោង ខុន បានស្នើទៅកាន់លោកឯកអគ្គរាជទូត មីកាមិ ម៉ាសាហ៉ីរ៉ូ ធ្វើយ៉ាងណាជំរុញឱ្យមានការបើកជើងហោះហើរត្រង់ របស់ក្រុមហ៊ុនអាកាសចរណ៍ ANA ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញឡើងវិញ។

លោករដ្ឋមន្ត្រីបានបន្តថា ក្រុមហ៊ុនអាកាសចរណ៍ ANA បានផ្អាកជើងហោះហើរមកកាន់កម្ពុជា តាំងពីកំឡុងផ្ទុះជំងឺកូវីដ១៩ខ្លាំង នាចុងឆ្នាំ២០១៩។

លោកបន្តទៀតថា បច្ចុប្បន្នជប៉ុនបានបើកឡើងវិញ នូវការហោះហើរត្រង់ទៅមកជាមួយប្រទេសមួយចំនួន ដូចជា ប្រទេសថៃ វៀតណាមជាដើម ដូច្នេះលោកចង់ឱ្យជប៉ុន បន្តកិច្ចសហប្រតិបត្តិការ លើវិស័យដឹកជញ្ជូននេះជាមួយកម្ពុជាឡើងវិញ ដើម្បីជំរុញកំណើនទេសចរទៅមកប្រទេសទាំងពីរ។

លោកឯកអគ្គរាជទូតជប៉ុន បានឯកភាពចំពោះលោករដ្ឋមន្ត្រី ថោង ខុន ទោះបីថាលោកចប់អាណត្តិ ជាឯកអគ្គរាជទូតនៅកម្ពុជាក៏ពិតមែន ប៉ុន្តែលោកនឹងបន្តខិតខំ ដើម្បីពង្រឹកពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាតទៅមុខទៀត ពិសេសគឺពាក់ព័ន្ធនឹងការជំរុញជើងហោះហើរត្រង់ឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ ANA មកកាន់កម្ពុជា។

នារយៈពេល១០ខែឆ្នាំ២០២២នេះ នៅប្រទេសជប៉ុនទទួលបានភ្ញៀវទេសចរកម្ពុជា ប្រមាណជាង៧,០០០នាក់ ខណៈកម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុន ប្រមាណជាង១៩,០០០នាក់ ក្នុងរយៈពេលដូចគ្នា។

លោករដ្ឋមន្ត្រី ថោង ខុន និងលោកឯកអគ្គរាជទូត មីកាមិ ម៉ាសាហ៉ីរ៉ូ មានក្ដីសង្ឃឹមថាកំណើនភ្ញៀវទេសចរ ដែលទៅមកប្រទេសទាំងពីរនឹងបន្តកើនឡើងថែមទៀត ពិសេសគឺនឹងមានការហោះហើរត្រង់ឡើងវិញ ក្រោយប្រទេសទាំងពីររួចផុតពីវិបត្តិធ្ងន់ធ្ងរនៃជំងឺកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here