សម្តេចតេជោរំលឹកគុណមហាបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានបន្សល់មរតកដ៏មហាសាលឲ្យអ្នកជំនាន់ក្រោយ

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្តែងការដឹងគុណ និងអរគុណដូនតាខ្មែរគ្រប់ជំនាន់ ដែលខំបន្សល់កេរមរតកទុកឱ្យអ្នកជំនាន់ក្រោយ ហើយសម្តេចប្រកាសថា កម្ពុជានឹងខិតខំដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកបន្តទៀត។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីគណៈកម្មាការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តយល់ព្រមចុះ “គុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចសូមយកឱកាសនេះ ប្រកាសជាថ្មីអំពីជោគជ័យ និងមោទនភាព ដែល “គុនល្បុក្កតោ កម្ពុជាត្រូវបានដាក់ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

ទាក់ទងបញ្ហានេះ សម្តេចបានលើកឡើង៣ចំណុច ទាក់ទងនឹងជោគ​ជ័យនេះរួមមាន ទី១ ដំបូងយើងត្រូវតែអរគុណ ដល់ដូនតាយើងគ្រប់ជំនាន់ ដែលខំបន្សល់ស្នាដៃ ទុកឱ្យអ្នកជំនាន់ក្រោយ។ បើដូនតាយើង មិនបន្សល់អ្វីទុកឱ្យយើងទេ យើងក៏គ្មានលទ្ធភាពឯណា ដើម្បីយកទៅដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ឬក៏ដាក់ទាំងរូបិយ និងអរូបិយផងដែរ។

ទី២ យើងគួរតែអរគុណដល់កីឡាករ កីឡាការិនី “គុនល្បុក្កតោ” ទាំងអស់ ដែលបានខិតខំងើបឈរឡើងប្រមូលដើមទុន ដោយចាប់ផ្តើមងើបចេញក្រោយការរំដោះនៅឆ្នាំ១៩៧៩ ព្រោះថាអ្វីៗត្រូវបានបំផ្លាញអស់ក្នុងសម័យប៉ុលពត។ សម្តេចបានកោតសរសើរ ចំពោះកីឡាករកីឡាការិនី គ្រូបង្ហាត់ ដែលបានខិតខំព្យាយាម រក្សានូវអត្តសញ្ញាណជាតិមួយនេះ តាមរយៈការរុញជាបណ្តើរៗ រហូតដល់យើងយកក្បាច់គុននេះ ជាក្បាច់គុននៃកងយោធពលខេមរភូមិន្ទ។

វត្តមានកីឡាល្បុក្កតោ នៅអង្គរសង្ក្រាន្តជារៀងរាល់ឆ្នាំពេលមុននោះ បានជំរុញល្បឿន នៃការដាក់ក្បាច់គុននេះ ឱ្យទទួលស្គាល់ដោយយូណេ  ស្កូ។ សម្តេចប្រកាសថា ចូលឆ្នាំខ្មែរ ឆ្នាំ២០២៣ ខាងមុខ យើងនឹងធ្វើអង្គរសង្ក្រាន្តសារជាថ្មីឡើងវិញ។

ទី៣ សម្តេចបានយកឱកាសនេះ ថ្លែងអំណរគុណចំពោះក្រសួងវប្បធម៌ វិចិត្រ និងសិល្បៈ និងគណៈកម្មាធិការអូឡាំពិកកម្ពុជា ដែលបានខិតខំជំរុញកិច្ចការងារនេះ រហូតដល់បានសម្រេច។ មុនពេលប្រជុំអាស៊ានសម្តេចក៏បានទទួលរបាយការណ៍រួចហើយ អំពីការអនុម័តរបស់អង្គការយូណេស្កូ នៅប្រទេសបារាំង ប៉ុន្តែយើងត្រូវរង់ចាំដោយមិនបំពាន រហូតដល់ថ្ងៃទី២៩វិច្ឆិកា ដែលគណៈកម្មការគោះជួងទទួលយក “គុនល្បុក្កត” កម្ពុជាជាសម្បត្តិអរូបិយមនុស្សជាតិ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសថា យើងនឹងបញ្ចូលថែមទៀតនូវសម្បត្តិដូនតារបស់យើងតែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here