ដោយស៊ីវ ម៉េង
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអះអាងថា គិតត្រឹមវិច្ឆិកាឆ្នាំ ២០១៨នេះ ការនាំចេញទំនិញកម្ពុជា តាមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម គឺមានទំហំទឹកប្រាក់ប្រមាណជាង១០,៣៦០លានដុល្លាអាមេរិក ជាកំនើនល្អប្រសើរមួយ ខណៈការនាំចេញទំនិញកម្ពុជានៅឆ្នាំ២០១៧ មានទំហំទឹកប្រាក់៩,៥៦០លានដុល្លាអាមេរិកប៉ុណ្ណោះ។
មានប្រសាសន៍ប្រាប់ថ្នាក់ដឹកនាំគណកម្មការទី៩ នៃរដ្ឋសភាកាលពេលថ្មីៗនេះ លោកប៉ាន សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានលើ់កឡើ់ងថា ស្ថិតក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម នៅក្នុងឆ្នាំ២០១៨នេះ មានផលិតផលកម្ពុជាជាច្រើនត្រូវបាននាំចេញ រួមមាន៖ កង់ស្បែងជើង កាបូប សំលៀកបំពាក់ គ្រាប់ធញ្ញជាតិ ផលិតផលជលផល ជ័រកៅស៊ូ ឈើកែច្នៃ គ្រឿងបង្គុំអេឡិចត្រូនិច ស្រូវអង្ករ ពោត និងដំឡូងមីជាដើម គឺត្រូវបានកម្ពុជាផលិតនាំចេញ និងមានកំពុងមានតម្រូវ កើនឡើងខ្លាំងនៅក្នុងទីផ្សារអន្តរជាតិ។
លោកបន្តថា “ផលិតផលដែលខ្មែរដែលបាននាំចេញនោះ ភាគច្រើននាំចេញទៅកាន់ទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិច កាណាដា ជប៉ុន ចិន និងទីផ្សារនៅតំបន់អាស៊ាន។ លោកបន្តថា “នៅថ្ងៃខាងមុខក្រសួងនឹងបន្តស្នើ អោយបណ្តាប្រទេសជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក WTO បន្តការផ្តល់ និងផ្តល់ប្រព័ន្ធអនុគ្រោះ ពាណិជ្ជកម្មមកកម្ពុជាទៅលក្ខខណ្ឌ និងអត្ថប្រយោជន៍នានាដែល WTO ផ្តល់មកឲ្យកម្ពុជា។
អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកសុខ សុភក្ត្រ បានថ្លែងថា យោងតាមស្ថានភាពសេដ្ឋកិច្ចកម្ពុជា តាំងពីពេលចូលសមាជិកអង្គការពាណិជ្ជកម្មពិភពលោក រហូតមកដល់បច្ចុប្បន្ននេះ គឺកម្ពុជាទទួលបាននូវប្រព័ន្ធអនុគ្រោះពន្ធ EBA ទៅកាន់សហភាពអឺរ៉ុប និងផ្តល់ប្រព័ន្ធការអនុពន្ធពាណិជ្ជកម្មប្រមាណ៩៧ភាគរយ សម្រាប់នាំទំនិញចូលទៅកាន់ បណ្តាប្រទេសនានានៅពិភពលោក។ ប៉ុន្តែបន្ទាប់ពីចូលរួមសន្និសីទ WTO នៅក្រុងហុងកុងឆ្នាំ២០០៥ មកដល់ពេលនេះ នៅមានប្រទេសមួយចំនួនដែលជាសមាជិក WTO ដូចគ្នា នៅមិនទាន់ផ្តល់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ឲ្យមកកម្ពុជានៅឡើយទេ។
លោកបន្តថា “កម្ពុជាបាននិងកំពុងរៀបចំច្បាប់ជាច្រើនទៀត តាមសំណើររបស់ WTO និងការបង្កើតតុលាពាណិជ្ជកម្មនៅក្នុងស្រុក ពិសេសយើងកំពុងជំរុញឲ្យ WTO ពិនិត្យបញ្ហាប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដើម្បីជម្រុញ ការផលិតនាំចេញឲ្យកើនឡើងថែមទៀត”៕