ដោយគង់ សូរិយា
ភ្នំពេញ: មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអះអាងថា ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា ជាមួយបណ្តាប្រទេសនានានៅលើពិភពលោក សម្រេចបានទំហំទឹកប្រាក់ជិត២៥ពាន់លានដុល្លារសហរដ្ឋអាមេរិក កើនឡើង៥ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ដែលបានចែកជូនបណ្តាញអ្នកសារព៌តមាននៅក្នុងសន្និបាត បូកសរុបការងាររបស់ក្រសួងនាព្រឹកថ្ងៃទី២៤ ធ្នូនេះបានឲ្យដឹងថា តម្លៃទំនិញនាំចូលនិងនាំចេញប្រទេសកម្ពុជាក្នុងឆ្នាំ២០១៨ សរុបជាទឹកប្រាក់មានចំនួន២៤,៩៨៥លានដុល្លារ(២៤ពាន់ ៩៨៥លានដុល្លារ) កើនឡើង៥ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំទឹកប្រាក់ត្រឹម២៣,៧៩៦លានដុល្លារអាមេរិក។
របាយការណ៍ដដែលបានឲ្យដឹងថា ក្នុងរយះពេលមួយឆ្នាំពេញ២០១៨ តម្លៃទំនិញនាំចូលសរុប មានចំនួនជាង១៣ពាន់ ៧៧១លានដុល្លារ) និងតម្លៃនាំចេញសរុបជាង១១ពាន់២១៤លានដុល្លារ។
លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់ដល់ក្រុមអ្នកសារព័តមានក្រោយពេលបើកសន្និតបាតរបស់ក្រសួងថា ទោះបីក្នុងឆ្នាំ២០១៧ និង២០១៨ កម្ពុជាបានទទួលរងនូវបច្ច័យមិនអំណោយផលនានា បណ្តាលមកពីកត្តាក្នុងនិងក្រៅប្រទេសយ៉ាងណាក៏ដោយ តែការនាំចេញរបស់កម្ពុជាមានកំណើនប្រមាណ១០ភាគរយ ក្នុងឆ្នាំ២០១៨ ដែលកំណើននេះទទួលបានពីការបន្តកើនឡើងនៃវិស័យកាត់ដេរ និងការនាំចេញផលិតផលកសិកម្ម និងឧស្សាហកម្ម តាមរយៈការខិតខំបើកច្រកទីផ្សារនាំចេញ ទៅកាន់ជាង១៤០ប្រទេសនៅទូទាំងពិភពលោក។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានស្នើបុគ្គលិក មន្រ្តីក្រោមឱវាទទាំងអស់យកចិត្តទុកដាក់បន្តទៀត លើការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម ខិតខំពង្រឹងសមត្ថភាពនិងប្រសិទ្ធិភាពការងារ តាមរយះការធ្វើកំណែទម្រង់នានា ដែលក្នុងនោះរួមមានរចនាសម្ព័ន្ធគ្រប់គ្រង ការអភិវឌ្ឍស្ថាប័ន ការពង្រឹងធនធានមនុស្ស និងការកែលម្អរសេវាសាធារណៈជាដើម ដោយប្រើប្រាស់ទាំងស្រុងនូវប្រព័ន្ធបច្ចេកវិទ្យាព័តមានវិទ្យាទំនើប៕