ដោយ៖ សុផារី
ព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុបានបង្ហាញពីក្តីព្រួយបារម្ភ ចំពោះបញ្ហាអាគារជាប់គាំងទាំងជាង១.០០០អាគារ ដែលអាចប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ច និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដោយលើកឡើងថានេះជាបញ្ហាដែលទាមទារការយកចិត្តទុកដាក់។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍នៅដើមសប្តាហ៍នេះថា អាគារដែលមានការជាប់គាំងកន្លងមក នៅក្នុងខេត្តព្រះសីហនុ មានចំនួនប្រហែលជា១.០០០អាគារ ហើយអាគារទាំងអស់នេះត្រូវបានទុកចោល។
លោកបានបន្តថា បញ្ហានេះនឹងពាក់ព័ន្ធ ហើយប៉ះពាល់ទៅដល់រូបភាព និងវិបត្តិបន្តទៅមុខទៀត ទាំងសេដ្ឋកិច្ច និងសង្គម។ សំណង់អាគារទាំងនោះទាមទារឱ្យមានការយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាឱ្យទាន់ពេលវេលា ដោយសារបញ្ហានេះអាចធ្វើឱ្យប៉ះពាល់ដល់សង្គម សេដ្ឋកិច្ច ជាពិសេសគឺសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា “ក្នុងនោះ នឹងប៉ះពាល់ទៅដល់សុវត្ថិភាពផងដែរ ដោយអគារទាំងអស់នោះ។ ប្រសិនបើមិនបានយកចិត្តទុកដាក់ដោះស្រាយឲ្យបានទាន់ពេលវេលានោះទេ នឹងប្រឈមមុខទៅនឹងសុវត្ថិភាពទៀតផង”។
លោកអភិបាលរងលើកឡើងថា “សំណង់អាគារទាំងនោះអាចបង្កឱ្យកើតគ្រោះថ្នាក់ជាយថាហេតុបាន ព្រោះសំណង់អាគារជាច្រើនសង់មិនទាន់ហើយ ខ្លះសង់បាន៧០ភាគរយ ទៅ៨០ភាគរយ ខ្លះចេញជាគ្រោង ហើយនៅមិនទាន់មានប្រព័ន្ធបង្ហូរ ដែលអាចឱ្យភ្លៀងច្រោះមក ធ្វើឲ្យជះឥទ្ធិពលមិនល្អដល់គ្រឹះ ហើយអាចឈានដល់បាក់ស្រុត ប្រសិនបើយើងមិនបានដោះស្រាយបញ្ហាឲ្យទាន់ពេលវេលា”។
លោក ឡុង ឌីម៉ង់ បានឱ្យដឹងថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតជាគណៈកម្មការអន្តរក្រសួងមួយ ដែលមានចំណុះដោយភាគីពាក់ព័ន្ធទាំងឡាយ រួមជាមួយនឹងវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាជាប់ទាំងនេះ៕