ការវិនិយោគដីធ្លីនៅតែជាឱកាសទទួលបានប្រាក់ចំណេញខ្ពស់ជាងអចលនទ្រព្យផ្សេងទៀត

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ការវិនិយោគលើអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានៅតែជាការវិនិយោគ ដែលពេញនិយមនិងទទួលបានប្រាក់ចំណេញខ្ពស់ធៀបនឹងការវិនិយោគលើវិស័យផ្សេងៗ។ ក្នុងនោះដែរ ការវិនិយោគលើដីធ្លីរឹតតែមានឱកាសខ្ពស់ក្នុងការទទួលបានប្រាក់ចំណេញ ធៀបនឹងផ្នែកផ្សេងទៀតនៃវិស័យអចលនទ្រព្យ។

លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍ថា ទោះបីជាស្ថានភាពនៃវិស័យអចលនទ្រព្យ នៅមានភាពមិនទាន់ច្បាស់លាស់ តែការវិនិយោគលើដីធ្លីនៅតែជាឱកាសរបស់អ្នកវិនិយោគ ដែលចង់រកប្រាក់ចំណេញនៅពេលអនាគត។

លោកបន្តថា សម្រាប់បច្ចុប្បន្ននេះ លោកលើកទឹកចិត្តឱ្យអ្នកដែលចង់បណ្ដាក់ទុនវិនិយោគអចលនទ្រព្យគួរវិនិយោគលើដីធ្លី ជាពិសេសអ្នកមានចំណូលមធ្យម ហើយវារឹតតែល្អប្រសើរទៅទៀតសម្រាប់អ្នក ដែលមានទុនគ្រប់គ្រាន់ ក្នុងការវិនិយោគអចលនទ្រព្យទិញដីធ្លីទុកចំណេញ នៅពេលអនាគត។ ការវិនិយោគដីធ្លីនៅតែឱកាស ពីព្រោះថានៅពេលចប់វិបត្តិ នៅពេលសេដ្ឋកិច្ចបានប្រសើរឡើងវិញនោះតម្លៃដីធ្លីនិងហាងឆេងនឹងមានសន្ទុះល្អប្រសើរឡើងវិញជាក់ជាមិនខាន។

លោកឧកញ៉ា គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia ក៏បានលើកទឹកចិត្តដល់បណ្ដាវិនិយោគិននានាក្នុងការវិនិយោគលើដីធ្លី ព្រោះដីធ្លីនៅតែមានឱកាសឡើងថ្លៃហើយក្នុងវិបត្តិកូវីដ១៩កន្លងទៅនេះ ក៏មានការទិញលក់ជាហូរហែដែរ ។

លោកឧកញ៉ាបន្តថា សម្រាប់ការអភិវឌ្ឍលំនៅឋាន គឺល្អសម្រាប់អ្នក ដែលមានទុនគ្រប់គ្រាន់និងក្រុមហ៊ុន ដែលមានក្រុមការងារលក់ល្អ តែបើសិនជាអ្នកអភិវឌ្ឍន៍ដែលយកលុយធនាគារមកអភិវឌ្ឍន៍អាចនឹងមានបញ្ហា ជាពិសេសសម្រាប់អ្នក ដែលមិនមានបទពិសោធន៍ក្នុងការអភិវឌ្ឍ។

ភ្នាក់ងារអចលនទ្រព្យជាច្រើននៅតាមបណ្ដាខេត្តក៏បានបង្ហាញដូចគ្នាថា កាទិញលក់ដីធ្លីនៅតែមានសកម្មភាព ទោះបីជាមានការរារាំងពីបញ្ហាមួយចំនួនក្ដី ដែលជាការបញ្ជាក់ថា ការវិនិយោគដីធ្លីនឹងនៅតែមានឱកាសខ្ពស់ក្នុងការទទួលបានប្រាក់ចំណេញនៅពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here