ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងត្រៀមបញ្ចេញទឹកប្រាក់ប្រមាណ២០០០លានដុល្លារ ដើម្បីវិនិយោគលើគំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៣ ដើម្បីជម្រុញការធ្វើសមាហរណកម្មប្រទេស និងជម្រុញការលើកកំពស់សេដ្ឋកិច្ចជាតិ។
ផ្លូវល្បឿនលឿនភ្នំពេញបាវិត ការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ ការពង្រីកផ្លូវជាតិលេខ៧ ពីទីប្រជុំជនស្រុកជើងព្រៃ ទៅកាន់ក្រុងកំពង់ចាម និងគំរោងសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ នៅឆ្នាំ២០២៣ខាងមុខនេះ ប្រសិនជាមិនមានអ្វីប្រែប្រួលទេនោះ។
អ្នកនាងអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី២០ ធ្នូថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋជាផ្នែកមួយ នៃការរីកចម្រើនលើវិស័យអចលនទ្រព្យ ប៉ុន្តែវិស័យនេះទាមទារកត្តាពីរទៀត ដើម្បីជម្រុញការរីកចម្រើនលើវិស័យនេះ គឺលំហូរទុនវិនិយោគផ្ទាល់ពីបរទេស និងកំណើនប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋ។
តាមការព្យាករណ៍របស់ លោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្ន
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា ទំហំប្រាក់ចំណូលសម្រាប់មនុស្សម្នា ក់នៅឆ្នាំ២០២៣ខាងមុខ នឹងកើនដល់ជាង១៩០០ដុល្លារអាមេរិកមក្នុងមួយឆ្នាំ។
អ្នកស្រីអាន សុធីតាបានពន្យល់ថា ការកើនឡើងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ពិតជារឿងប្រសើរ ប៉ុន្តែនៅតែមិនអាចធៀបជាមួយប្រទេសជិតខាង ហេតុនេះអំណាចនៃការទិញរបស់យើងនៅមានកម្រិត។
ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា ការរីកចម្រើនសេដ្ឋកិច្ចនិងការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល បាននិងកំពុងដើរតួនាទីសំខាន់ក្នុងការជម្រុញវិស័យនេះ ព្រោះនៅពេលហេដ្ឋារចនាសម្ព័ន្ឋទៅដល់ទីណា ទៅនោះតែងតែមានការរីកចម្រើន និងជម្រុញកំនើនតម្លៃដីធ្លីផងដែរ។
លោកបន្តថា “ការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ យន្តការ និងគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការពង្រីកក្រុង និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋពិតជាបានជួយជម្រុញការរីកចម្រើន វិស័យអចលនទ្រព្យនៅកម្ពុជា”។
ជាក់ស្តែងតាមការអង្កេតជាក់ស្តែង របស់គេហទំព័រPropertyareaបានរកឃើញថា នៅពេលរដ្ឋាភិបាលប្រកាសសាងសង់ គំរោងថ្នាក់ជាតិអ្វីមួយ អចលនទ្រព្យនៅទីនោះតែងតែឡើងថ្លៃ និងធ្វើឲ្យតំបន់នោះមានការរីកចម្រើនខ្ពស់ ដូចជា ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ការសាងសង់ព្រលានយន្តហោះថ្មី ខេត្តសៀមរាប និងគំរោងសាងសង់ព្រលានយន្តហោះ ក្នុងខេត្តមណ្ឌលគិរីជាដើម៕