ដោយវុត្ថា
កណ្តាល៖ រដ្ឋាភិបាលកម្ពុជាចុះហត្ថលេខា ទទួលឥណទានសម្បទានជិត៦៤លានដុល្លារអាមេរិក ពីធានាគារនីហរ័ណ អាហរ័ណកូរ៉េ សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងតាខ្មៅ។
គំរោងនេះត្រូវបានចុះហត្ថលេខានាព្រឹកថ្ងៃទី២៦ ធ្នូនេះ។ ហិរញ្ញប្បទានសម្បទាននេះ នឹងប្រើប្រាស់សម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ដែលមានស្ថេរភាព ចម្រោះ៧,៦០០ម៉ែត្រគូប ក្នុងមួយថ្ងៃ សាងសង់ស្ថានីយបូមចំនួន១០ទីតាំង ដែលមានសម្ថភាព២៩.៩៥២ ម៉ែត្រក្នុងមួយថ្ងៃ សាងសង់បណ្តាញលូមុខកាត់ពី ០,៣ ទៅ ១,២ ម៉ែត្រ ប្រវែង៤៩,៣៣ គីឡូម៉ែត្រ និងលូមុខកាត់០,១ ទៅ០,៤ ម៉ែត្រប្រវែង ៦.០ គីឡូម៉ែត្រ និងការងារស្តារឡើងស្ទឹងប្រវែង១៦.៣គីឡូម៉ែត្រ រួមទាំងការស្តារស្ថានីយ៍បូមដែលមានស្រាប់ក្នុងក្រុងតាខ្មៅ។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងក្នុងពិធីចុះហត្ថលេខា ជាមួយនឹងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Dohwa Engineering Co.,Ltd ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ក្រុងតាខ្មៅនេះ មានគោលបំណង ធ្វើឲ្យប្រសើរឡើងនូវស្ថានភាព សុខុមាលភាព និងអនាម័យសម្រាប់ប្រជាពលរដ្ឋ ដោយសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ដែលមានសមត្ថភាព គ្រប់គ្រាន់ក្នុងការច្រោះសម្អាតទឹកកខ្វក់ពីតាមផ្ទះប្រជាពលរដ្ឋ។
លោកបន្តថា លើកកម្ពស់បរិស្ថាន ដោយការសាងសង់និងបង្កើតនូវប្រព័ន្ធបណ្តាញលូ និងការតភ្ជាប់បណ្តាញលូពីផ្ទះប្រជាពលរដ្ឋ មកកាន់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ។ ការការពារទឹកជំនន់ ដោយការស្តា និងធ្វើឪ្យប្រសើរឡើងនូវប្រឡាយ និងស្ទឹងធម្មជាតិ ដែលបណ្តាញបង្ហូរទឹកភ្លៀង និងពង្រីក និងពង្រឹងពាណិជ្ជកម្ម និងការផ្លាស់ប្តូរសេដ្ឋកិច្ច រវាងកម្ពុជា និងកូរ៉េ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចការចូលរួមពង្រឹងនិងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕