ធនាគារ​ធំជាងគេ​នៅ​កម្ពុជា​បោះទុន ៣៦លាន​ដុល្លារ​លើ​ការបណ្តុះបណ្តាលធនធានមនុស្ស

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ ធនាគារ​អេស៊ីលីដា ភី​អ៊ិ​ល​ស៊ី ដែលជា​ធនាគារ​ធំជាងគេ​នៅ​កម្ពុជា​បានសម្រេច​បោះទុន៣៦លាន​ដុល្លារ​អស​មេ​រិ​ក ដើម្បី​ចូលរួម​បណ្តុះបណ្តាល​ធនធានមនុស្ស​តាមរយៈ​ការសាងសង់​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​របស់ខ្លួន  ដើម្បី​ប្រែ​ក្លាយទៅជា​មជ្ឈមណ្ឌល​ប​ណ្តុះ​បណ្តាល​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា-អាស៊ាន។

លោក​បណ្ឌិត ផុន ណារិន នាយក​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា បាន​ឲ្យ​ដឹង​ក្នុង​ពិធី​សម្ភោ​ធ​វិទ្យាស្ថាន​នេះ​កាលពី​រសៀល​ថ្ងៃទី២៦ ធ្នូ​កន្លងមក​ថា វិទ្យាស្ថាន​នេះ​ចាប់ផ្តើម​ចេញពី​ផ្នែក​ហ្វឹកហ្វឺន ទៅជា​នាយកដ្ឋាន​ហ្វឹកហ្វឺន បន្ទាប់​បាន​ក្លាយទៅជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល មីក្រូហិរញ្ញវត្ថុ​អេស៊ីលីដា-អាស៊ាន បន្ទាប់មកទៀត​ក្លាយជា​អេស៊ីលីដា​ត្រេ​ន​នី​ង​សេន​ធ័​រ និង​ចុង​ក្រោយនេះ​ក្លាយជា​គ្រឹះស្ថាន​កម្រិត​ឧ​ត្ត​មសិ​ក្សា តាមរយះ​អនុក្រឹត្យ​សម្រាប់​ការបណ្តុះបណ្តាល កម្រិត​ឧ​ត្ត​មសិ​ក្សា ដែល​រួមមាន​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ បរិញ្ញាបត្រ និង​បរិ​ញ្ញ​ប​ត្រ​រង។

វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេស៊ីលីដា សាងសង់​លើ​ផ្ទៃ​សរុប​ទំហំ​ជាង៧ហិច​តា ដែល​រួមមាន​អគារសិក្សា​ចំនួន២ កម្ពស់៥ជាន់ មាន​បន្ទប់រៀន៨បន្ទប់ ដែល​អាច​ទទួល​សិស្ស​ប្រមាណ៨ពាន់​នាក់ (សរុប​បី​វេន​សិក្សា) អគារ​រដ្ឋបាល១ កម្ពស់៣ជាន់ ដែល​នៅក្នុង​អគារ​នោះ​មាន​អាហារ​ដ្ឋា​ន១កន្លែង បណ្ណាល័យ១កម្ពស់៣ជាន់ អន្តេវាសិកដ្ឋាន១ កម្ពស់៤ជាន់ មាន៤៧បន្ទប់ ដែល​អាច​ទទួល​និស្សិត​ស្នាក់នៅ​សរុប​ចំនួន១៣៧នាក់ ទីធ្លា​សម្រាប់​ចត​យានយន្ត​ធំ​ទូលាយ ទីលាន​បាល់ទាត់ បាល់បោះ និង​បាល់ទះ។

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បាន​មានប្រសាសន៍ថា វិទ្យាស្ថាន​នេះ​រៀបចំឡើង ស្រប​ពេលដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​លើកកម្ពស់​វិស័យ​អប់រំ និង​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​នៅ​កម្ពុជា។ ឯកឧត្តម​បាន​បន្តថា វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់ ដែល​សម្រេចបាន​ក្នុង​វិស័យ​អប់រំ និង​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ក្នុង​រយះពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មិនមែន​កើតឡើង​ដោយ​ចៃដន្យ​ទេ តែ​បាន​ស្តែង​ចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម ជាមួយនឹង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​រវាង​ក្រសួង ស្ថាប័ន វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍ និង​សហគមន៍​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​តាម​តួនាទី និង​ភារកិច្ចរៀងៗខ្លួន​ក្នុងការ​អនុវត្ត​គោលនយោបាយ ដែល​បាន​ដាក់ចេញ​ដោយ​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍន៍ និង​កសាង​ធនធានមនុស្ស​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here