ដោយគង់ សូរិយា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានអះអាងថា កម្ពុជានឹងទទួលបានដំណក់ប្រេងជាលើកដំបូង នៅចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ខាងមុខនេះ ក្រោមគម្រោងអភិវឌ្ឍន៍អណ្តូងប្រេងកាតនៅតំបន់ប្លុកA របស់ក្រុមហ៊ុន KRISENERGY ចេញពីដែនសមុទ្ររបស់កម្ពុជា។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលោកស៊ុយ សែម បានថ្លែងក្នុងពិធីសំណេះសំណាល និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល និងគណៈកម្មការទី៩ នៃរដ្ឋសភា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨កន្លងមកថា សមិទ្ធផលប្រេងកាត ក្រោយពីបញ្ចូលអាជ្ញាធរប្រេងកាតកម្ពុជា មកស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងរ៉ែ និងថាមពល ក្រសួងបានបន្តជម្រុញការអភិវឌ្ឍន៍ប្រេងកាត ដោយបានចុះកិច្ចព្រមព្រៀងតំបន់ប្លុកAទៅឲ្យក្រុមហ៊ុន Kris Energy ប្រទេសសឹង្ហបុរី ធ្វើការអភិវឌ្ឍន៍ក្នុងដំណើរការឆ្ពោះទៅផលិតប្រេងឆៅនៅកម្ពុជា។
លោកបន្តថា “សមិទ្ធផលថ្មីមួយខាងលើនេះ ក្រសួងបានតាមដានជាប្រចាំ នៅរាល់របាយការណ៍អភិវឌ្ឍន៍របស់ក្រុមហ៊ុន Kris Energy និងនៅគ្រប់សំណាក់កាល ដោយបានបញ្ជាក់គ្មានការយឺតយ៉ាវ នៅក្នុងគម្រោងអភិវឌ្ឍន៍នោះឡើយ។លោកបន្តថា “កម្ពុជា នឹងទទួលបានដំណក់ប្រេងជាលើកដំបូង នៅចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ ខាងមុខតាមផែនការរបស់រដ្ឋាភិបាល។
លោកស៊ុយ សែមបន្តឲ្យដឹងថា ក្រៅពីគម្រោងអភិវឌ្ឍន៍អណ្តូងប្រេងកាតខាងលើ ក្រសួងបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុននានា ទាំងដែនសមុទ្រ និងដែនគោក និងមានក្រុមហ៊ុនផ្សេងៗទៀត បានមកចរចារជាបន្តបន្ទាប់ផងដែរ ដោយក្រសួងបានថ្លឹងថ្លែង និងពិនិត្យមើលលទ្ធភាពយ៉ាងល្អិតល្អន់ នៅលើកេរឈ្មោះ និងចរន្តអភិវឌ្ឍន៍របស់ក្រុមហ៊ុនទាំងនោះ មុននឹងអនុញ្ញាតិទទួលយកឲ្យសិក្សាស្រាវជ្រាវ ដើម្បីឈានទៅរកការអភិវឌ្ឍន៍៕