ក្រសួងពាណិជ្ជកម្មអំពាវនាវផលិតករ និងអ្នកនាំចេញរួសរាន់ចុះបញ្ជី

0
ច្បាប់កម្មសិទ្ធិបញ្ហា

ដោយ : គង់ សូរិយា
ភ្នំពេញ : ក្រសួងពាណិជ្ជកម្មកម្ពុជាបានស្នើដល់អ្នកផលិតករ និងអ្នកនាំចេញទាំងអស់អញ្ជើញមកដាក់ពាក្យសុំចុះឈ្មោះ ក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញរបស់សហភាពអឺរ៉ុបនៅនាយកដ្ឋាននាំចេញ-នាំចូលនៃក្រសួង ដើម្បីមាននីតិសម្បទាក្នុងការប្រកាសប្រភពដើមជំនួសឱ្យការប្រើប្រាស់ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់A ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩តទៅ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹង នាថ្ងៃទី១ ធ្នូ ឆ្នាំ​២០១៨នេះថា យោងតាមបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប ដែលបានធ្វើវិសោធនកម្មចុងក្រោយ និងដោយផ្អែកតាមប្រកាសអន្តរក្រសួងនាចុងខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្មស្តីពី ការកែសម្រួលនីតិវិធីក្នុងការបំពេញបែបបទនាំចេញទំនិញទៅក្រៅប្រទេស ក្នុងគោលបំណងសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយបន្ទុកចំណាយរបស់អ្នកនាំចេញ។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មបានអំពាវនាវដល់ផលិតករ ឬអ្នកនាំចេញទាំងអស់ ដែលមានបំណងនាំចេញទំនិញគ្រប់ប្រភេទពីកម្ពុជា ទៅកាន់សហភាពអឺរ៉ុប (EU) ស្ថិតក្រោមគម្រោង “ការអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់ លើកលែងគ្រឿងសព្វា​វុធ (EBA)” រួមទាំងប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ប្រទេសណ័រវេស ប្រទេសស្វីស និងប្រទេសទួរគី មកដាក់ពាក្យសុំចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ របស់សហភាពអឺរ៉ុបនៅនាយកដ្ឋាននាំចេញ-នាំចូលនៃក្រសួងពាណិជ្ជកម្ម ដើម្បីមាននីតិសម្បទាក្នុងការប្រកាសប្រភពដើម ជំនួសឱ្យការប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ លើប្រភពដើមទំនិញទម្រង់A៕

LEAVE A REPLY

Please enter your comment!
Please enter your name here