ដោយគង់ សូរិយា
ភ្នំពេញ៖ ថ្នាក់ដឹកនាំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាបានសម្តែងសុទិដ្ឋិនិយមថា សុខភាពក្នុងវិស័យមីក្រូហិរញ្ញវត្ថុ បានសម្រេចល្អប្រសើរសម្រាប់ឆ្នាំ២០១៨ និងនៅតែមានភាពល្អប្រសើរសម្រាប់ឆ្នាំ២០១៩នេះ ដោយសារកំនើនឥណទាននិងប្រាក់បញ្ញើរនៅតែកើនឡើង។
ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាលោកឧកញ៉ា ហួត អៀងតុង បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២ មករានេះថា សុខភាពក្នុងវិស័យនេះមានភាពល្អមែនទែនសម្រាប់ឆ្នាំ២០១៨ ដែលទើបបញ្ចប់នាពេលថ្មីៗនេះ ហើយឆ្នាំ២០១៩ លោករំពឹងថា វិស័យនេះនឹងបន្តមានភាពល្អប្រសើរ ដោយសារកត្តាសុខសន្តិភាព ស្ថេរភាព នយោបាយ កំនើនសេដ្ឋកិច្ចរ៉ឹងមាំរបស់កម្ពុជា។លោកបន្តថា ស្ថានភាពបែបនេះ បានគាំទ្រដំនើររីកចម្រើនក្នុងវិស័យនេះ ដោយសារចំនួនអតិថិជនមិនមានការប្រែប្រួលទេ។
លោកបន្តថា “សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកសិករ នឹងផ្តោតលើគោលដៅអតិថិជនថ្មីៗ និងឆ្លើយតបតាមតម្រូវការអតិថិជន ដោយយើងបានសិក្សាពីទីផ្សាររួចហើយ ហេតុនេះ ក្រុមហ៊ុននឹងពង្រីកសក្តានុពលរបស់ខ្លួននៅឆ្នាំ២០១៩នេះ។លោកបន្តថា “បច្ចុប្បន្នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកសិករ លីមីតធីតមានការិយាល័យសរុបចំនួន១៧៨ និងមានបុគ្គលិកជាង៤០០០នាក់នៅទូទាំងប្រទេស។
រីឯលោក ជា ផល្លារិន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិតបានមានប្រសាសន៍ឲ្យដឹងផងដែរថា ឥណទានរបស់ស្ថាប័ននេះមានកំនើនល្អប្រសើរ ដោយគិតមកដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨កន្លងមកនេះ ទំហំឥណទានបានកើនពី៦៩០លានដុល្លារកាលពីឆ្នាំ២០១៧ ដល់៧៨៨លានដុល្លារអាមេរិក និងទំហំប្រាក់បញ្ញើរបានកើនពី៣៥០លានដុល្លារដល់៤៤៥លានដល្លារអាមេរិក។លោកបន្តថា កំនើននៃផ្នែកទាំងពីរនេះឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់អម្រិត ប៉ុន្តែទីផ្សារហាក់កាន់តែមានការប្រកួតប្រជែងគ្នាតានតឹងជាងមុន ដែលតម្រូវឲ្យលោកត្រូវធ្វើពិពិធកម្មសេវាកម្ម និងផលិតផលរបស់ខ្លួននាឆ្នាំ២០១៩នេះ។
លោកបន្តថា “អម្រិតនឹងវិនិយោគទៅលើធនាគារចល័ត និងសហការក្នុងភាពជាដៃគូជាមួយស្ថាប័នដៃគូជាច្រើនទៀត ដើម្បីពង្រីកទីផ្សារនិងផ្តល់ជូនអតិថិជនប្រើប្រាស់សេវាកម្មរបស់យើងកាន់តែងាយស្រួលជាងមុន។លោកបន្តថា “យើងត្រូវវិនិយោគច្រើនលើប្រព័ន្ឋបច្ចេកវិទ្យា ដើម្បីបង្កើនការគ្របដណ្តប់ទីផ្សារ និងពង្រីកសក្តានុពលទីផ្សាររបស់យើង”៕